ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានព្រមានធ្ងន់ៗ ធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ឲ្យខិតខំបម្រើពលរដ្ឋក្នុងមូលដ្ឋានខ្លួនឲ្យបានល្អ

      នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ19ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនៅព្រឹកថ្ងៃ២០ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងណែនាំទៅកាន់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវធ្វើការត្រួតពិនិត្យឡើងវិញនូវរបៀបរបបក្នុងការអនុវត្តការងារ ចំពោះអាកប្បកិរិយា និងឥរិយាបថ របស់មន្រ្តីសុខាភិបាលមួយចំនួន ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមគ្រូពេទ្យឬមន្ត្រីសុខាភិបាលណាមួយប្រើប្រាស់នូវពាក្យសម្ដីរបស់ខ្លួន ជះឥទ្ធិពលមិនល្អ មិនសមរម្យម្យ ដាក់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅទីនោះឡើយ។

        ការថ្លែងបែបនេះ ក្រោយពីមានការកើតឡើងបែបនេះ ដោយសារតែកើតមាននៅក្នុងស្រុកមួយរបស់ខេត្តបាត់ដំបង កន្លងមកកាលពីពេលថ្មីៗកន្លងមកនេះ។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើកាណែនាំដាស់តឿនដោយបានក្រើនរំលឹកធ្ងន់ៗ ដល់មន្រ្តីសុខាភិបាលទាំងអស់សូមកុំឲ្យយកប្រជាពលរដ្ឋធ្វើជាសត្រូវ។ ត្រូវខិតខំនាំគ្នាផ្តល់សេវាឆ្លើយតបជាមួយពួកគាត់ឲ្យបានល្អដើម្បីផ្តល់ភាពទំនុកចិត្តជូនពួកគាត់ពេលដែលពួកគាត់ទាំងនោះ ពឹងពាក់ឲ្យយើងជួយគាត់។

       ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា៖ មន្រ្តីសុខាភិបាល ក្នុងខេត្តទាំងអស់ត្រូវប្រើប្រាស់អាកប្បកិរិយា ឲ្យបានសមរម្យដាក់អ្នកជំងឺ និងអ្នកដែលកំពុងស្វែងរកសេវាសុខាភិបាល ជាពិសេសមិនត្រូវយកប្រជាពលរដ្ឋធ្វើជាសត្រូវនិងមើលស្រាលបងប្អូនទាំងនោះឡើយ។

       ឯកឧត្តម សុខ លូ បានថ្លែងសង្កត់ធ្ងន់ទៀតថា ក្រុមគ្រូពេទ្យទាំងអស់ មិនត្រូវយកប្រជាពលរដ្ឋធ្វើជាសត្រូវ ជាពិសេស ប្រជាពលរដ្ឋដែលជាអ្នកជំងឺកូវីដ-19ត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពលទ្ធភាពក្នុងការជួយជ្រោមជ្រែង លើកទឹកចិត្ត ផ្តល់ការអប់កម្លាំងចិត្ត និងយកចិត្តទុកដាក់ ក្នុងការព្យាបាលពួកគាត់ទាំងនោះឲ្យបានឆាប់ជាសះស្បើយ បានវិលត្រឡប់ទៅផ្ទះសម្បែងនិងបន្តជួយអប់រំឲ្យពួកគាត់ចេះថែរក្សាការពារសុខ និងភាពអនាម័យ និងត្រូវចេះសម្របខ្លួនរស់នៅជាមួយការរស់នៅថ្មីក្នុងបរិបទនៃជម្ងឺកូវីដ-19នេះ។

      ឯកឧត្តមអភិបាលខេត្ត បានថ្លែងដោយសង្កត់ធ្ងន់ផងដែរ ទៅកាន់មន្រ្តីសុខាភិបាលទាំងអស់ត្រូវកែប្រែឥរិយាបថ និងអត្តចរិតក្នុងការបំពេញការងារជាបន្ទាន់ ដោយមិនត្រូវប្រកាន់យកអាកប្បកិរិយាឆ្មើងឆ្មៃដាក់អ្នកជំងឺ និងប្រជាពលរដ្ឋដែលត្រូវទៅពឹងពាក់ស្វែងរកសេវាទាំងនោះឡើយ។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បាត់ដំបង ក៏បានធ្វើការព្រមានធ្ងន់ៗអាចប្រឈមពីការដកតំណែងប្រធានODស្រុកមោងឫស្សីដែលថ្មីៗកន្លងមកនេះ បានប្រើអាកប្បកិរិយា និងពាក្យសម្ដីមិនសមរម្យដាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកសេវាសុខាភិបាលនៅទីនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner