រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល ចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន២ ដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២

ភ្នំពេញៈរដ្ឋសភាកម្ពុជាបានចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ជាមួយសហព័ន្ធសន្តិភាពសកល (UPF) ដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាពការផ្សះផ្សា និងការអភិវឌ្ឍ នៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោក។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងរវាងលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភានិងជា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ជាមួយលោកបណ្ឌិត Yun Young-ho អគ្គនាយកស្នាក់ការកណ្តាលសហព័ន្ធ សន្តិភាពសកលនៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ពិធីសារសំខាន់ៗចំនួនពីរដែលចុះហត្ថលេខារួមមាន៖១.ពិធីសារស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធសន្តិភាពសកល(UPF) នឹងសហការ រៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សារនិងការអភិវឌ្ឍ នៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ។ ២.ពិធីសារនៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដេលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម។

ក្នុងព្រឹត្តិការណ៍នេះលោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានជាយូរមកហើយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។

លោកជំទាវបានរំលឹកនូវកិច្ចសហការ និងភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩ (APS-2019) កាលពីឆ្នាំ ២០១៩ នេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវក៏បានលើកឡើងនូវទឹកចិត្តដ៏សប្បុរសធម៌របស់ UPF ដោយបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា រួមមានជាអង្ករចំនួន១០០តោន និងថវិកាចំនួន ១០០,០០០ដុល្លាអាមេរិក តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ីហើយ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានស្ថាបនិក កិត្តិយស ACC បានសម្រេចបង្វែរជូនទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងកូវីដ-១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជម្ងឺកូវីដ-១៩ ចំនួន ៥១កន្លែង កាលពីខែ ឧសភា កន្លងទៅ។

លោកជំទាវបានបញ្ជាក់ថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលកំពុងចាប់ផ្តើមដំណើរ ការ គឺផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជាសំដៅរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។

ជាមួយគ្នានេះដែរលោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែងចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ACCដោយទទួលបាននូវ សេចក្តីទុកចិត្តពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា“លេខាធិការដ្ឋានស្ថាប័ន ស្រាវជ្រាវឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច” កាលពីខែ កញ្ញា កន្លងទៅថ្មីៗនេះ។ លោកជំទាវ ក៏បានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព នយោបាយ ពេញលេញ ទើបធ្វើឱ្យមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលទាំងនេះ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹងមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ចំណែកលោកបណ្ឌិត Yun Young-ho បានសម្តែងនូវចំណាប់អារម្មណ៍ត្រេកអរយ៉ាងខ្លាំងក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាជួបជាមួយលោកជំទាវនាពេលនេះផ្ទាល់។ ពិសេសជាងនេះទៅទៀត លោកបានសម្តែងនូវសេចក្តីពេញចិត្តឥតឧបមា ក្នុងឱកាសដែលលោកទទួលបាននូវមេដាយសហមេត្រីថ្នាក់មហាសេនា ដែលពិតជាមហាកិត្តិយសដ៏ធំធេងប្រកបដោយគុណតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន។

លោកបានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសភា។ លោកបានបញ្ជាក់បន្ថែមថាជំនួបសម្តែងការគួរសមនាពេល នេះពិតជាប្រវត្តិសាស្រ្តមួយ ដែលមិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល ដែលជាដំណើរឆ្ពោះទៅកាន់ពិភពលោក សុខសន្តិភាព។ លោកបណ្ឌិតបានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការប្តេជ្ញាចិត្តធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋាភិបាលកម្ពុជា សភាកម្ពុជា និងអង្គការ UPF ឱ្យកាន់តែជោគជ័យ និងល្អប្រសើរ៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner