ចិន និងរុស្ស៊ីបញ្ជូននាវាចម្បាំងឆ្លងកាត់ជប៉ុន ខណៈពួកគេបង្ហាញពីកិច្ចសហប្រតិបត្តិការ

ក្នុង​ការ​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ ប្រទេស​ចិន​ និង​រុស្សី​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវា​មុជ​ទឹក​ ហើយ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​ស៊ូហ្គារូ​នៃ​ប្រជុំ​កោះ​ជប៉ុន​ ដែល​ជា​សកម្មភាព​មួយ​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា​ជា​ការ​ប្រឆាំង​នឹង​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ពួកគេ​។

ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ចន្ទ​នាវា​ចម្បាំង​ចិន​ចំនួន​ ៥ គ្រឿង និង​នាវា​ចម្បាំង​រុស្សី​ចំនួន​ ៥ គ្រឿង​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​ស៊ូហ្គារូ​ ដែល​ស្ថិត​នៅ​រវាង​កោះ​ហុកកៃដូ​ និង​ជប៉ុន​ដី​គោក​។ នេះ​គឺ​ជា​លើក​ដំបូង​ដែល​ជប៉ុន​បាន​បញ្ជាក់​ថា​នាវា​ចម្បាំង​ចិន និង​រុស្ស៊ី​បាន​ឆ្លង​កាត់​ច្រក​នេះ​។

ដោយ​មាន​ទទឹង​ត្រឹម​តែ​ ១៩ គីឡូម៉ែត្រ​នៅ​ចំណុច​តូច​បំផុត​ ច្រក​សមុទ្រ​ស៊ូហ្គារូ​មាន​ផ្លូវ​ទឹក​អន្តជាតិ​មួយ​នៅ​ចំ​កណ្ដាល​ ដោយ​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់​ប្រទេស​ជប៉ុន​បាន​សម្រេច​ចិត្ត​កំណត់​ដែន​ទឹក​របស់​ខ្លួន​ត្រឹម ៣ ម៉ាយ​ពី​ឆ្នេរ​ ដែល​ស្មើ​នឹង​មួយ​ភាគ​បួន​នៃ​ដែន​កំណត់​ពេញ​សិទ្ធ​ ១២ ម៉ាយ​។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​ និង​នាវា​មុជ​ទឹក​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ឆ្លង​កាត់​ ដោយ​មិន​ចាំ​បាច់​រំលោភ​ច្បាប់​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ជប៉ុន​។

ដំណើរ​ឆ្លង​កាត់​កាល​ពី​ថ្ងៃ​ចន្ទ ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​ និង​រុស្សី​បញ្ចប់​សមយុទ្ធ​ប្រឆាំង​នាវា​មុជ​ទឹក​នៅ​សមុទ្រ​ជប៉ុន​ ដែល​ក្នុង​នោះ​កង​ទ័ព​ជើង​ទឹក​ទាំង​ពីរ​បាន​ធ្វើ​ការ​ហ្វឹកហាត់​រួម​គ្នា​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​។ អ្នក​វិភាគ​បាន​យល់​ស្រប​ថា​សមយុទ្ធ​ចុង​ក្រោយ​នេះ​ គឺ​ស្រប​ទៅ​តាម​ទំនាក់​ទំនង​ខិត​កាន់​ជិត​រវាង​ក្រុង​ប៉េកាំង​ និង​ក្រុង​មូស្គូ​ ដើម្បី​ប្រឆាំង​នឹង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​។

កាសែត​បក្ស​កុម្មុយនិស្ត​ចិន​ Global Times បាន​សរសេរ​ថា​ការ​សមយុទ្ធ​ខាង​លើ​នេះ​អាច​ប្រទេស​ទាំង​ពីរ​ឆ្លង​កាត់​ការ​ឡោមព័ទ្ធ​ដឹក​នាំ​ដោយ​អាមេរិក​ និង​អាច​ប្រឆាំង​ AUKUS ដែល​ជា​សន្ធិសញ្ញា​រវាង​ អាមេរិក អង់គ្លេស និង​អូស្ត្រាលី ដើម្បី​ជួយ​អូស្ត្រាលី​សាងសង់​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​។

បើ​តាម​ការផ្សាយ​របស់​សារពត៌មាន​ចិន​ Global Times ក្រុង​ប៉េកាំង​បាន​ដាក់​ពង្រាយ​នាវា​ចម្បាំង​ជំនាន់​ថ្មី​ Type 055 ជា​លើក​ដំបូង​ក្នុង​សមយុទ្ធ​ខាង​លើ​។ ដោយ​ចូល​បម្រើ​ការ​កាល​ពី​ឆ្នាំ នាវា​នេះ​គឺ​ក្នុង​ចំណោម​នាវា​ចម្បាំង​ធំ​ជាង​គេ​នៅ​អាស៊ី​ខាង​កើត​ ហើយ​មាន​តួនាទី​ការពារ​នាវា​ដឹក​យន្តហោះ​។

ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ការ​សម្រប​សម្រួល​ ដែល​ជា​កម្រិត​ទទួល​ស្គាល់​ការ​ទូត​ខ្ពស់​បំផុត​របស់​ក្រុង​ប៉េកាំង​ ចិន​ និង​រុស្ស៊ី​បាន​សហការ​ជា​ទៀងទាត់​ក្នុង​សមយុទ្ធ​យោធា​ចាប់​តាំង​ពី​ឆ្នាំ ២០១២ ដោយ​មិន​រាប់​បញ្ចូល​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​ជំងឺ​រាតត្បាត​កូវីដ -១៩​។ ចាប់​តាំង​ពី​ឆ្នាំ ២០១៩ មក​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការ​ល្បាត​តាម​អាកាស​ប្រចាំ​ឆ្នាំ​រួម​គ្នា​លើ​សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ជប៉ុន​។

រដ្ឋាភិបាល​ចិន និង​រុស្ស៊ី​បាន​និយាយ​ថា​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​ពួកគេ​មិន​ផ្តោត​លើ​ប្រទេស​ទី​បី​ឡើយ​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​យល់​ស្រប​ថា​ការ​ល្បាត​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​តាម​រយៈ​ច្រក​សមុទ្រ​ស៊ូហ្គារូ​ គឺ​ជា​សារ​ព្រមាន​ទៅ​កាន់​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​ និង​ជា​ម្ចាស់​ផ្ទះ​របស់​មូលដ្ឋាន​យោធា​អាមេរិក​ធំ​ជាង​គេ​ក្នុង​តំបន់​។

ទាំង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូស្គូ​គឺ​មិន​គាំទ្រ​ការ​ពង្រីក​ភាព​ជា​ដៃ​គូ​សន្តិសុខ​របស់​តូក្យូ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញ​បន្ថែម​ពី​លើ​សម្ព័ន្ធ​ភាព​ជាមួយ​អាមេរិក​។ ប្រទេស​ជប៉ុន​គឺ​ជា​ផ្នែក​មួយ​នៃ​ស​ម្ព័ន្ធ​ Quad ជា​​វេទិកា​សន្តិសុខ​រវាង​ជប៉ុន អូស្ត្រាលី​ ឥណ្ឌា និង​អាមេរិក​។ ក្រុង​ប៉េកាំង​មើល​ឃើញ​ថា​ Quad គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​របស់​អាមេរិក​។ កាល​ពី​ខែ​មុន​ ជប៉ុន​ក៏​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​ក្រុម​នាវា​ដឹក​យន្តហោះ​ HMS Queen Elizabeth របស់​ចក្រភព​អង់គ្លេស​ផង​ដែរ​៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner