តាលីបង់ទទួលបានសន្យាផ្តល់ជំនួយប៉ុន្តែមិនមានការទទួលស្គាល់ផ្លូវការ មុនការចរចានៅក្រុងមូស្គូចាប់ផ្ដើម

កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៩ តុលា​ក្រសួង​ការបរទេស​រុស្សី​ រៀបរាប់​​ថា​ប្រទេស​ចិន ប៉ាគីស្ថាន និង​រុស្សី​ មាន​ឆន្ទៈ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ុន្តែ​ក្រុង​មូស្គូ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ជា​ផ្លូវការ​ទេ​។

ការ​សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចពិភាក្សា​រវាង​មន្ត្រី​រុស្ស៊ី ចិន​ និង​ប៉ាគីស្ថាន​នៅ​ក្រុង​មូស្គូ ដែល​នឹង​ចូល​រួម​ដោយ​តំណាង​ក្រុម​តាលីបង់​នៅ​ថ្ងៃ​ពុធ​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក​សឺហ្គី ឡាវរ៉ូវ​បាន​និយាយ​ថា​រុស្ស៊ី​កំពុង​ផ្អាក​ការ​ទទួល​ស្គាល់​ក្រុម​តាលីបង់​ជា​ផ្លូវ​ការ​ រហូត​ដល់​ពេល​ដែល​ពួកគេ​អាច​បំពេញ​ការ​សន្យា​នៅ​ពេល​ដែល​ពួកគេ​ដណ្ដើម​ការ​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដូចជា​ការ​សន្យា​ថា​នឹង​បង្កើត​រដ្ឋាភិបាល​រួម​បញ្ជូន​គ្រប់​ភាគី​ និង​គ្រប់​ជនជាតិ​។

«ការ​ទទួល​ស្គាល់​ក្រុម​តាលីបង់​ជា​ផ្លូវ​ការ​ គឺ​មិន​ស្ថិត​ក្រោម​ការ​ពិភាក្សា​ទេ​» លោក​ឡាវរ៉ូវ​ប្រាប់​អ្នក​យក​ព័ត៌មាន​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ដូច​ប្រទេស​ដែល​មាន​ឥទ្ធិពល​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ យើង​កំពុង​ទាក់ទង​ជា​មួយ​ពួកគេ​។ យើង​កំពុង​ជំរុញ​ឱ្យ​ពួកគេ​បំពេញ​នូវ​ការ​សន្យា​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ពេល​ពួកគេ​ឡើង​កាន់​អំណាច​»​។

អ្នក​រិះគន់​ជា​ច្រើន​បាន​និយាយ​ថា​អតីត​ក្រុម​ឧទ្ទាម​នេះ​ គឺ​កំពុង​ក្បត់​ការ​សន្យា​ជា​ច្រើន​របស់​ពួកគេ​ជុំវិញ​បញ្ហា​សិទ្ធ​មនុស្ស សិទ្ធ​ស្ត្រី សិទ្ធ​ជនជាតិ​ភាគតិច និង​ការ​បង្ក្រាប​ទៅ​លើ​អតីត​សត្រូវ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner