ក្រសួងទេសចរណ៍ និងការីទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃ ពិសេស ទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ
ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើន នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្ត ទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹង ការ ផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែល មិនធ្លាប់ មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយ នឹង មគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារសគួរជាទីគាប់ចិត្ត នៅក្នុង បរិយាកាស ដ៏ល្អសាកសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សន កិច្ចកម្សាន្ត ក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និង មគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញ ទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្ត តាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀម ទទួលទេសចរ ក្នុងអំឡុងពេលឈប់សម្រាកការងារពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខ ។ លោក ឈុន មករា បានបន្ថែមថា នៅក្នុងដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ គឺជា ដំណើរកញ្ចប់ទស្សនកិច្ចលំដាប់ផ្កាយ៥ ដោយអ្នកទេសចរទាំងអស់ អាចសម្រាកនៅក្នុងសណ្ឋាគារ លំដាប់ផ្កាយ៥ នៅក្នុងតម្លៃយ៉ាងពិសេសបំផុតដែលមិនធ្លាប់មានពីមុនមក ដែលគោលដៅនៃដំណើរ កម្សាន្តនេះគឺផ្តោតសំខាន់ទៅលើខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ។ លោក ឈុន មករា បានបន្ថែមទៀតថា កញ្ចប់ទស្សនកិច្ចកម្សាន្ត ពិសេស នេះ ជាទស្សនកិច្ចដែលបានរៀបចំទុកជាមុន និងជាទីទំនុកចិត្តសម្រាប់អ្នកទេសចរក្នុង ការធ្វើដំណើរ ប្រកប ដោយសុវត្ថិភាព ដែលមានទាំងកញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ និងរយៈពេល៣ថ្ងៃ ហើយ កញ្ចប់ ទស្សនកិច្ចនេះក៏ធ្វើសម្រាប់អ្នកដែលមានចំណូលតិច និងចំណូលមធ្យម ក៏អាចចូលរួមបាន ផងដែរ។
ក្រសួងទេសចរណ៍ក៏សូមអំពាវនាវ ឱ្យអាជីវកម្មទេសចរណ៍ទាំងអស់សូម មេត្តាយោគយល់ លើការកំណត់តម្លៃសេវាកម្មឱ្យបានសមរម្យ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាព ទេសចរណ៍ ដើម្បីបង្កើតមុខមាត់ថ្មីដល់វិស័យទេសចរណ៍កម្ពុជាដែលជាគោលដៅមានសុវត្ថិភាព និងប្រកបដោយ ភាពកក់ក្តៅ ពិសេសត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងថ្ងៃ ឈប់សម្រាកខាងមុខ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋគាំទ្រដល់មគ្គុទ្ទេសក៍ទេសចរណ៍ និយាយ ភាសាខ្មែរ នៅខេត្តសៀមរាប ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍មិនមែនសម្រាប់តែទេសចរបរទេសនោះទេ ។
លោក ឈុន មករា តំណាងឱ្យក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណ ដល់ការី ទេសចរណ៍ ដែលមាន Beltei Tour, Charming (Cambodia), Khmer Selfie Tours , MYT Tours, Nelin Star, World Express និង Loro Asia Tours ដែល បានផ្តល់កិច្ចសហការបញ្ចុះតម្លៃកញ្ចប់ពិសេសសម្រាប់ទាក់ទាញទេសចរផ្ទៃក្នុងទៅកាន់ខេត្តសៀមរាប និងខេត្តផ្សេងៗ និងសណ្ឋាគារលំដាប់ផ្កាយ៥ ដូចជា Meridien. Angkor, Regency Angkor និង Empress Angkor ដែលបានផ្តល់តម្លៃពិសេសក្នុងកញ្ចប់ទស្សនកិច្ច នេះផងដែរ ៕