ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងទទួលព័ត៌មាន បូករួមទាំងទិន្នន័យពលរដ្ឋអំពីជំងឺកូវីដ-១៩ ត្រូវបាន ក្រសួងប្រៃសណីយ៍ និង ក្រសួងសុខាភិបាល ប្រកាសដាក់ដំណើរការហើយ

 

 

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ តំណាងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋ អំពីជំងឺកូវីដ-១៩» នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២០។ ឯកឧត្តម ជា វ៉ាន់ដេត បានឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋ អំពីជំងឺកូវីដ១៩នេះ ពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋទូទៅ ដោយប្រព័ន្ធនេះ នឹងផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិ ទៅកាន់ពួកគាត់ដែលសង្ស័យថា ខ្លួនមានផ្ទុកជំងឺកូវីដ ១៩ ដើម្បីតាមដានសុខភាព របស់ពួកគាត់ដោយខ្លួនឯង។

 

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ដទៀតថា បន្ថែមលើនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អាជ្ញាធរមានសមត្ថកិច្ច អាចកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ និងទទួលបានព័ត៌មាន និងទិន្នន័យចំបាច់មួយចំនួន ដើម្បីឈានទៅកំណត់អត្តសញ្ញាណ នៃក្រុមបុគ្គលដែលអាចមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ ១៩។ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ថា ប្រព័ន្ធនេះ នឹងជួយបញ្ចៀសការកកស្ទះដល់ប្រព័ន្ធ១១៥ ដែលមានស្រាប់ របស់ក្រសួងសុខាភិបាល។ ដើម្បីអនុញ្ញាតឲ្យយើង អាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត។

 

ឯកឧត្តមរដ្ឋមន្ដ្រី ជា វ៉ាន់ដេត ក៏បានស្នើឲ្យក្រុមការងារក្រសួងទាំងពីរ បន្តសហការកែលម្អ និងអភិវឌ្ឍប្រព័ន្ធនេះ ឲ្យបានកាន់តែល្អប្រសើរ និងពង្រីក វិសាលភាព ឲ្យបានកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ ដែលមានមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ជាសេនាធិការនឹងបន្តគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍសេវាគ្រាអាសន្នឱ្យបានទូលំទូលាយនិងគ្រប់វិស័យ។

 

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ប្រព័ន្ធនេះ ត្រូវបានស្ថាបនាបញ្ចប់នៅពេលវេលាមួយ ដែលពិភពលោកកំពុងតែប្រឈមមុខ នឹងរលកទីពីរ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធនេះ នឹងអាចជួយលើកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រសួងសុខាភិបាល ដែលជាសេនាធិការជួរមុខរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ បានដោយមានប្រសិទ្ធិភាព៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner