វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១គ្រោងនឹងរៀបចំធ្វើនៅខែវិច្ឆិកា (Video Inside)

វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលកម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះគ្រោងនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកាក្រោយនេះហើយដើម្បីទាក់ទាញការវិនិយោគពីអាស៊ី និងអឺរ៉ុប ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទីទី២០តុលានេះ បានថ្លែងថាវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប​លើកទី១ តាមរយៈប្រព័ន្ធវីដេអូ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ លោករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ នឹងផ្តល់នូវការលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេស កម្ពុជាលើឆាកអន្តរជាតិផង, ការបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជា កាន់តែច្បាស់ផង ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគ នៅ កម្ពុជា, ការអាចទាក់ទាញក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុប ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុក វិនិយោគនៅកម្ពុជា។

រដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់នូវភាពទាក់ទាញការអូសទាញកត្តាវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា បានចុះរួចរាល់ ជាមួយប្រទេសចិន និងគ្រោងចុះជាមួយកូរ៉េខាងត្បូងថែមទៀត នាពេលខាងមុខនេះ។

វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ នឹងអញ្ជើញចូលរួម ពីបណ្តា ប្រទេសជាសមាជិក ASEM មួយចំនួន ក្នុងនោះរួមមានប្រទេសអាស៊ានទាំង១០, ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េ ខាងត្បូង អូស្រា្តលី ហុងគ្រី បារាំង ចក្រភពអង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី ព្រមទាំងមានការចូលរួម ដោយ អ្នករៀបចំ គោលនយោបាយបញ្ញវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ, ក្រុមធុរជន និងវិស័យឯកជនមកពី អាស៊ី និងអឺរ៉ុបផងដែរ។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោម ព្រឹត្តិការណ៍អមចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥និង២៦ ខែ វិច្ឆិកា ឆ្នាំ២០២១៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner