IMF កាត់បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ី ព្រមានពីហានិភ័យបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់

កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៩ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​សម្រាប់​ឆ្នាំ​នេះ ហើយ​បាន​ព្រមាន​ថា​រលក​ឆ្លង​ជំងឺ​កូវីដ-១៩ បញ្ហា​រំខាន​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ និង​សម្ពាធ​អតិផរណា​ បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​។

នៅ​ក្នុង​របាយការណ៍​ចក្ខុវិស័យ​ប្រចាំ​តំបន់​អាស៊ី IMF បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​នៅ​ឆ្នាំ​នេះ​មក​ត្រឹម ៦.៥% ដែល​ធ្លាក់​ចុះ ១.១% ពី​ការ​ព្យាករណ៍​របស់​ខ្លួន​នៅ​ក្នុង​ខែ​មេសា​ ខណៈ​ពេល​ដែល​ការ​រីក​រាល​ដាល​វីរុស​បម្លែង​ដែលតា​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​ និង​ទិន្នផល​រោងចក្រ​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ IMF បាន​បង្កើន​ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ​ ២០២២ ទៅ​ដល់​ ៥,៧ %​ កើន​ពី​៥,៣%​នៅ​ខែ​មេសា​ ដើម្បី​ឆ្លុះ​បញ្ចាំង​វឌ្ឍនភាព​ការ​ចាក់​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក​។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​កើន​ឡើង ៨,០% នៅ​ឆ្នាំ​នេះ​និង ៥,៦% នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ការ​ងើប​ឡើង​វិញ​នៅ​តែ​«មិន​មាន​តុល្យភាព​» ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ម្ដង​ហើយ​ម្ដង​ទៀត​ និង​ការ​រឹត​បន្តឹង​សារពើពន្ធ​ដែល​កាត់​បន្ថយ​តម្រូវ​ការ​។

ប្រទេស​អាស៊ាន​ដូចជា​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ នៅ​តែ​ប្រឈម​នឹង «បញ្ហា​ធ្ងន់ធ្ងរ​» ពី​ការ​ងើប​ឡើង​វិញ​នៃ​ជំងឺ​កូវីដ-១៩ និង​តម្រូវ​ការ​ខ្សោយ​។

ស្ថាប័ន​ហិរញ្ញវត្ថុ​ IMF អះអាង​​ថា​ការ​ព្យាយាម​ «​ធ្វើ​ឱ្យ​គោល​នយោបាយ​ប្រក្រតី​ឡើង​វិញ​នៅ​ខុស​ពេល ឬ​ការ​ប្រស្រ័យ​ទាក់ទង​គោល​នយោបាយ​មិន​ច្បាស់​លាស់​» ណា​មួយ​ដោយ​ធនាគារ​កណ្ដាល​អាមេរិក​ អាច​ធ្វើ​ឱ្យ​ទុន​ហូរ​ចេញ​យ៉ាង​ខ្លាំង​ ហើយ​ធ្វើ​តម្លៃ​នៃ​ការ​ខ្ចី​ទន់​កើន​ឡើង​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner