កូរ៉េខាងត្បូងសាកល្បងមីស៊ីលអវកាសថ្មី ខណៈការប្រកួតប្រណាំងសព្វាវុធនៅអាស៊ីកើន

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១ តុលា​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​សាក​ល្បង​មីស៊ីល​អវកាស​ថ្មី Nuri ដែល​ត្រូវ​បាន​អភិវឌ្ឍ​ និង​ផលិត​ក្នុង​ស្រុក​ ជា​ការ​បង្ហាញ​ការ​លោត​ផ្លោះ​បច្ចេកវិទ្យា​អវកាស​របស់​ប្រទេស​នេះ ដែល​អាច​ប្រើ​សម្រាប់​គោល​បំណង​ស៊ីវិល និង​យោធា​។

មីស៊ីល​ Nuri ដែល​មាន​សមត្ថភាព​ដឹក​ជញ្ជូន​ផ្កាយ​រណប​ទម្ងន់​ ១,៥ តោន​ទៅ​កម្ពស់​ ៦០០ គីឡូម៉ែត្រ​ ត្រូវ​បាន​កូរ៉េ​ខាង​ត្បូង​មើល​ឃើញ​ថា​ជា​ការ​ពង្រឹង​សមត្ថភាព​​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​ 6G នៅ​ពេល​អនាគត​ ហើយ​ជួយ​ដាក់​ពង្រាយ​ភ្នែក​ឃ្លាំ​មើល​នៅ​លើ​មេឃ​ ខណៈ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ពង្រីក​ទំហំ​សព្វាវុធ​របស់​ខ្លួន​ ដែល​រួម​មាន​មីស៊ីល​ផ្លោង​អន្តរទ្វីប​ (ICBM)​។

ការ​បាញ់​សាក​ល្បង​នេះ​ ធ្វើ​ឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ចិត្ត​ដក​ដែន​កំណត់​លើ​សមត្ថភាព​ផលិត​មីស៊ីល​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​ដាក់​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់​។ កាល​ពី​ខែ​មុន​កូរ៉េខាងត្បូង​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោង​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ (SLBM) ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដំបូង​ដែល​សាកល្បង​បច្ចេកវិទ្យា​មីស៊ីល​នេះ​។

ខណៈ​ពេល​ដែល​ប្រទេស​កូរ៉េខាងត្បូង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ អ្នក​ជំនាញ​បាន​និយាយ​ថា​មីស៊ីល​ Nuri ដែល​ឥឡូវ​នេះ​ប្រើប្រាស់​តែ​សម្រាប់​វិស័យ​ស៊ីវិល​ អាច​ត្រូវ​បាន​កែច្នៃ​យ៉ាង​ងាយ​ស្រួល​ឱ្យ​ទៅ​ជា​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដើម្បី​ដឹក​ជញ្ជូន​គ្រាប់​នុយក្លេអ៊ែរ​។ បន្ថែម​ពី​លើ​នេះ​បេក្ខជន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ហុង​ជុន-ភ្យ៉ូ ដែល​ជា​អ្នក​នយោបាយ​អភិរក្សនិយម បាន​និយាយ​ថា​ឥឡូវ​នេះ​ដល់​ពេល​កូរ៉េខាងត្បូង​មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួន​ឯង​ហើយ​៕

ប្រភព៖ The Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner