ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត ខណៈពេលដែលមានការព្រួយបារម្ភថាសេតវិមានបានលាយឡំសាររបស់ខ្លួន ព្រមទាំងកំពុងមានការបែកបាក់ផ្ទៃក្នុងជុំវិញការអនុម័តច្បាប់នេះផងដែរ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អត្រាគាំទ្ររបស់លោក Biden បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសមាជិកសភាមកពីគណបក្សរបស់លោកចាប់ផ្ដើមឈ្លោះប្រកែកគ្នាជុំវិញព័ត៌មានលម្អិតនៃសេចក្ដីព្រាងច្បាប់។

ជម្លោះជុំវិញសេចក្ដីព្រាងច្បាប់នេះក៏បានគំរាមកំហែងដល់សេចក្ដីព្រាងច្បាប់មួយផ្សេងទៀត ដែលគ្រោងចំណាយទឹកប្រាក់ចំនួន ១,២ទ្រីលានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធកំពុងទ្រុឌទ្រោមរបស់អាមេរិក។

ជម្លោះបែបនេះអាចធ្វើឱ្យមានការបរាជ័យការអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរ ហើយបង្កឱ្យមានការព្រួយបារម្ភអំពីអនាគតរបស់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតសភាអាមេរិកនៅឆ្នាំក្រោយ។

ការស្ទង់មតិសាធារណជនបានបង្ហាញថាមានប្រជាពលរដ្ឋតិចណាស់ដែលយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីសង្គមដែលច្បាប់នេះនឹងបង្កើត។

ក្រុមអ្នកវិភាគលើកឡើងថា ដើម្បីពង្រឹងការគាំទ្រសាធារណៈ គណបក្សប្រជាធិបតេយ្យត្រូវតែកាត់បន្ថយការឈ្លោះប្រកែកគ្នាជាសាធារណៈ ហើយបង្កើតសារទំនាក់ទំនងមួយដែលខ្លីៗ ងាយយល់ សម្រាប់អប់រំដល់ពលរដ្ឋរបស់ខ្លួន។

ប្រភព៖ Insider Voice

ads banner