រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូល ស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រនេះ ទី២២ ខែតុលា ឆ្នាំ២០២១ រាជបណ្ឌិតសភាកម្ពុជា នឹងវៀបចំវេទិកាតុមូលស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយមានវាគ្មិនចម្រុះពណ៌ចូលរួមជជែកពីជុំវិញព្រឹត្តិការណ៍ និងសមិទ្ធផលទទួលបានពីកិច្ចព្រមព្រៀងមួយនេះ។

វាគ្មិនដែលចូលរួមក្នុងកិច្ចពិភាក្សានេះរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា, លោកបណ្ឌិត មាស នី អ្នកវិភាគ និងតាមដានការអភិវឌ្ឍសង្គម និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» មានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្ដរភាព ពិតជាពុំអាចខ្វះបាននូវឆន្ទៈស្មារតីទទួលខុសត្រូវនិងការប្ដេជ្ញាចិត្ដរួមរបស់កម្ពុជាខ្លួនឯងផ្ទាល់ផ្ដល់ចំពោះបុព្វហេតុសន្ដិភាពនិងការបង្រួបបង្រួមជាតិបានឡើយ។ ទន្ទឹមនឹងនោះ សហគមន៍អន្ដរជាតិ ក៏មានចំណែកដ៏សក្ដិសមក្នុងការបង្កភាពអនុគ្រោះចំពោះដំណើរការនេះ ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សមិទ្ធផលដែលសម្រេចបានក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងឆ្លើយតបជាវិជ្ជមានទៅនឹងចរន្តនៃដំណើរវិវត្តទស្សនទានស្តីពីវប្បធម៌សន្តិភាពរបស់ពិភពលោក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្អែកជាមូលដ្ឋានលើតម្លៃជាសាកលក្នុងការគោរពសិទ្ធិរស់រានមានជីវិត សេរីភាព យុត្តិធម៌ សាមគ្គីធម៌ ការអត់ឱនឱ្យគ្នាទៅវិញទៅមក សិទ្ធិមនុស្ស ភាតរៈភាព សមភាព និងការលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានតម្លៃខាងផ្នែកសីលធម៌និងជាមរតកប្រវត្តិសាស្ត្រនិងនយោបាយដ៏សំខាន់, ប៉ុន្តែ គេមិនអាចប្រើវាជាបករណ៍ដើម្បីអូសទាញឱ្យសហគមន៍អន្តរជាតិ មកចូលពាក់ព័ន្ធដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យនោះទេ។ បញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវដោះស្រាយដោយកម្ពុជា ក្រោមច្បាប់ផ្ទៃក្នុងកម្ពុជា។ សហគមន៍អន្តរជាតិមិនអាចប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមករំលោភរដ្ឋអធិបតេយ្យមួយនោះទេ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner