អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលទីតាំងថ្មីចំនួន០២កន្លែងដែលជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 និង មណ្ឌលចត្តាឡីស័ក ស្ថិតក្នុងស្រុកសំពៅលូន

      ទីតាំងថ្មីដែលជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19និងមណ្ឌលធ្វើចត្តាឡីស័កចំនួន០២កន្លែងស្ថិតក្នុងឃុំសន្តិភាព និង ឃុំជ្រៃសីមា នៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលទើបតែសាងសង់រួចរាល់ជាស្ថាពរនូវមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 ដែលអាចធ្វើការព្យាលអ្នកជំងឺកូវីដនៅក្នុងខេត្ត ប្រមាណជិត២.០០០នាក់ និងមួយកន្លែងទៀតធ្វើជាមណ្ឌលចត្តាឡីស័កដែលគ្រោងបញ្ចប់នូវការសាងសង់នៅដំណាច់ខែតុលានេះសម្រាប់ធ្វើការផ្ទេរនិងផ្លាស់ប្តូរអ្នកជំងឺកូវីដ-19និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងសាលាបឋមសិក្សា វិទ្យាល័យ និងអនុវិទ្យាល័យ នៅក្នុងក្រុងបាត់ដំបង និងបណ្តាស្រុកមួយចំនួន ដែលនិងត្រូវផ្ទេរយកមកព្យាបាលនិងធ្វើចត្តាឡីស័កនៅទីតាំងថ្មីខាងលើនេះ នៅចុងសប្តាហ៍នេះ។

          នេះបើតាមការថ្លែងគូសបញ្ជាក់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងខណៈដែលឯកឧត្តមបានដឹកនាំក្រុមការងារ និងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ចុះទៅពិនិត្យមើលនូវទីតាំងទាំង០២ខាងលើ និងចុះសាកសួរសុខទុក្ខដល់កងកម្លាំងមានសមត្ថកិច្ច ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣”ភ្នំដី”ក្នុងស្រុកសំពៅលូន និង ច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនិងនៅតាមបណ្តាសាលារៀនមួយចំនួនក្នុងស្រុកទាំង០២ខាងលើ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

      ក្នុងការចុះពិនិត្យមើល នូវ ទីតាំងខាងលើនេះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្តោតការពិភាក្សា ជាមួយនិងលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកសំពៅលូន ពាក់ព័ន្ធការរៀបចំទីតាំងថ្មីដែលទើបសាងសង់រួចរាល់ និងទទួលពីក្រុមជាងវិស្វកម្មរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធានអនុគណៈកម្មការសាងសង់និងជួសជុល នៃ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងកូវីដ-19ដែលទើបតែសាងសង់រួចរាល់និង ប្រគល់ឲ្យអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង ដើម្បីដាក់ឲ្យដំណើរការប្រើប្រាស់។

        ទីតាំងថ្មីនៃមណ្ឌលព្យាបាលកូវីដ-19 ដែល ទើបសាងសង់រួចរាល់នេះស្ថិតនៅក្នុងបរិវេណអតីត “រោងម៉ាស៊ីនកែច្នៃ-អង្ករ” នៅចំណុចអូរត្រាវជូ ក្នុងភូមិសាស្ត្រ ភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ដែលអាចដាក់អ្នកជំងឺសម្រាកព្យាបាល ប្រមាណ ២.០០០គ្រែ និងទីតាំងមណ្ឌលចត្តាឡីស័កមួយកន្លែងទៀត ស្ថិតក្នុងបរិវេណអតីត “រោងចក្រម្សៅមី”ក្នុងភូមិសាស្ត្រគីឡូលេខ៩ នៅក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន អាចរៀបចំដាក់ឲ្យធ្វើចត្តាឡីស័ក ប្រមាណជិត២ពាន់នាក់។

        តាមរយៈនៃដំណើរចុះពិនិត្យមើល នូវទីតាំងទាំង០២ខាងលើ ក្នុងនោះ ឯកឧត្តម សុខ លូ  អភិបាលខេត្តបាត់ដំបង និងប្រតិភូក្រុមការងារ គឺផ្តោតសំខាន់ក្នុងការចុះពិនិត្យមើល ពីការរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័កថ្មីនៅទីនោះ ដើម្បីផ្ទេរអ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កមកកាន់ទីនេះ ដើម្បីយកទីតាំងសាលានិងអគារសិក្សាមួយចំនួនដាក់ព្យាបាលអ្នកជំងឺកូវីដនិងធ្វើចត្តាឡីស័ក កន្លងមក ដើម្បីត្រៀមធ្វើការបើកសាលារៀនឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ឆាប់ៗនេះ។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់អាជ្ញាធរស្រុកពាក់ព័ន្ធ ដែលមានសាលាធ្វើជាមណ្ឌលព្យាបាល និងចត្តាឡីស័កត្រូវពិភាក្សជាមួយមន្ទីរអប់រំខេត្ត មន្ត្រីសុខាភិបាលស្រុក របស់ខ្លួន ដើម្បីធ្វើការផ្ទេរបងប្អូនឲ្យទៅកាន់មណ្ឌលថ្មី និងដើម្បីរៀបចំសាលាឡើងវិញ មុនពេលឲ្យសិស្សចូលរៀន នៅដើមខែខាងមុខនេះ។

        អ្វីដែលផ្តោតសំខាន់ទៀតនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោកប្រធានមន្ទីរអប់រំខេត្តនិងប្រធានមន្ទីរសុខាភិបាលខេត្តត្រូវពិនិត្យមើលពីស្ថានភាពអ្នកជំងឺកូវីដ និង អ្នកធ្វើចត្តាឡីស័កមួយចំនួន នៅក្នុងទីប្រជុំជនក្រុងបាត់ដំបង ដើម្បីផ្ទេរយកពួកគាត់ ក្នុងជំហានដំបូងគេ ដើម្បីផ្ទេរចេញឲ្យអស់ ពីវិទ្យាល័យព្រះមុនីវង្ស និង វិទ្យាល័យសម្តេចឪ នៅចុងសប្តាហ៍នេះដើម្បីបើកសាលា ឲ្យសិស្សចូលរៀនវិញនៅដើមខែវិច្ឆិកា ឆាប់ៗនេះ។

       តាមការគូសបញ្ជាក់ ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងនៅយប់ថ្ងៃទី២១ខែតុលានេះថា៖នៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 វីទ្យាល័យសម្តេចឪ មានចំនួនសរុប៣២០នាក់(ស្ត្រី២១៤នាក់)ពលករធ្ងន់ជាង១៨០នាក់។ ដោយឡែក នៅមណ្ឌលវិទ្យាល័យព្រះព្រះមុនីវង្ស សរុប ២៣៦នាក់ (ពលករ ៨០នាក់)។

      សូមបញ្ជាក់ថា៖ ថ្មីៗកន្លងទៅនេះតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងពីការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាកន្លងទៅនេះនិងក្រោយពីមានកិច្ចប្រជុំ របស់ រដ្ឋបាលខេត្ត ជាមួយមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្ត កន្លងមកនេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងបើកឲ្យដំណើរការសាលារៀនឡើងវិជាបន្តបន្ទាប់នៅដើមខែវិច្ឆិកាឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner