ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ រំលឹក​ពី​ខួប​៣០ឆ្នាំនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​

ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​លើកឡើងថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ។ជា​មូលដ្ឋាន​កសាង​នូវ​ទំនុកចិត្ត​ដល់​ភាគី​ជម្លោះ និង​ បដិបក្ខ​ខ្មែរ​យើង​អាចផ្សះផ្សារ​ជានា និង​រួបរួម​ជាតិ​ឡើងវិញដោយនាំមក​នូវ​សន្តិភាព ស្ថិរភាព បើកឱកាស​សម្រាប់​ការអភិវឌ្ឍ ស្តារ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត សេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ ។​ល​។​

​ក្នុងសារលិខិត​អបអរសាទរ​ទិវា​រំលឹក​ខួប​លើក​ទី​៣០នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស(២៣តុលា១៩៩១-២៣តុលា២០២១) នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​នេះលោក ​ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ខ្មែរ​គ្រប់រូប ទាំង​នៅក្នុង​ប្រទេស ទាំង​នៅក្រៅ​ប្រទេស​ទាំង​អ្នកដែល​ធ្លាប់បាន​ឆ្លងកាត់​សម័យកាល​ដ៏​អាក្រក់​បំផុតនៃ​ភ្លើងសង្គ្រាម​ជា​បន្តបន្ទាប់ អ្នក​ដែល​ធ្លាប់​ទទួល​នូវ​បទពិសោធន៍ នៃ​ការរង​ទុក្ខលំបាក​វេទនា​បណ្តា​លពី​ជម្លោះផ្ទៃក្នុង ទាំង​យុវជន​ជំនាន់​ក្រោយ គប្បី​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​អំណឹះតទៅ ។មិនត្រូវ​ឲ្យ​ម​ហិ​ច្ឆិ​តា ការ​លោភលន់ ផលប្រយោជន៍ ផ្ទាល់ខ្លួន បក្ខពួក​ខ្លួន​អូសទាញ​ឲ្យ​ធ្លាក់ចូល​ក្នុង​គន្លង​ប្រវត្តិសាស្ត្រ​អាប់អួរ​នៃ​ជម្លោះ​រហូតដល់​បែកបាក់​សាមគ្គី​ជាតិ នាំនូវ​ភ័យន្តរាយ រហូតដល់​ជម្លោះ​ប្រដាប់អាវុធ និង​ភ្លើងសង្គ្រាម​ជាដាច់ខាត​។​

លោក​ញឹក ប៊ុនឆៃ(រូបថតឯកសារ)

​ក្នុងសារដដែលលោក ​ញឹក ប៊ុនឆៃ​ ​បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដែល​គ្មាន​ថ្ងៃ​បំភ្លេចបាន​ជូន​ចំពោះ​អតីត​យុទ្ធ​មិត្ត​រួម​ឧ​ត្ត​ម​គតិ ដែល​បាន​បូជាជីវិត​និង​ធ្វើ​ពលី​កម្ម​ដ៏​ខ្ពង់ខ្ពស់​មិនអាច​កាត់ថ្លៃ​បាន​ចូលរួម​យ៉ាង​ស្វិតស្វាញ​តស៊ូ​រួមរស់​ជាមួយគ្នា​ឆ្លងកាត់​ការលំបាក​លំបិន​ឥត​គណនា​។​

​លោក​បន្តថា រយៈពេល​៣០​ឆ្នាំ​កន្លងទៅកម្ពុជា​កសាងបាន​ច្បាប់​ជាច្រើន ដើម្បី​ជា​មូលដ្ឋាន​ធានា​យុត្តិធម៌​សង្គម​ដែលជា​កត្តា ចម្បង​ដ៏​សំខាន់ នៃ​ការបញ្ចៀស​ឈ្នួន​កំហឹង និង​នាំទៅរក​អំពើ​ប្រទូស្ត​រាយ​។ បើ​យើង​នាំគ្នា​គោរព និង​អនុវត្ត​តាមច្បាប់ ដោយ​ប្រកាន់ខ្ជាប់​ជា​នីតិរដ្ឋនោះ​បញ្ហា​ទំនាស់​ផ្ទៃក្នុង​នឹងត្រូវ​កាត់បន្ថយ នាំ​ឲ្យ​មាន​សុខដុម រមណីយ​សង្គម ធានា​ស្ថិរភាព សុវត្ថិភាព​។​

​តាមរយៈសារចំនួនពីរទំព័រ លោក​ញឹក ប៊ុនឆៃ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ជាទី​ស្នេហា​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ជាតិនិយម ខ្ពង់ខ្ពស់​រួបរួមគ្នា​ដ​ង្ហែ​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ដែល​ព្រះអង្គ​គង់ប្រថាប់​ជា​ព្រះ​និម្មិត​រូប​នៃ​ឯកភាព​ជាតិ សាមគ្គី​ជាតិ​ជាតិខ្មែរ​៕​ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner