រដ្ឋមន្ត្រីការបរទេស​កម្ពុជាៈ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សំរេច​ទៅបាន​អាស្រ័យ​ដោយ​គំនិត ឆន្ទៈ និង​ទឹកចិត្ត​ស្នេហា​ជាតិ​ពិតប្រាកដ​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ និង​សម្តេច​តេ​ជោ​

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា ហៅ​កាត់​ថា «​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​» នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​។ តាងនាម​ឱ្យសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិថ្លែង​សុន្ទរកថា​មួយ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិថ្លែង​សុន្ទរកថា​មួយ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ

​ឯកឧត្តម ប្រាក់ សុខុន បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សំរេច​ទៅបានអាស្រ័យ​ដោយ​គំនិតឆន្ទៈ និង​ទឹកចិត្ត​ស្នេហា​ជាតិ​ពិតប្រាកដ​របស់​មហារ​ដ្ឋ​បុរស​មួយអង្គ និង​មួយរូប នោះ​គឺ ព្រះ​បរម​រតនៈ​កោដ្ឋ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ និង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ចាប់ពី​ទទួលបាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា​៖ មិនមាន​ដំណោះស្រាយ​តាមផ្លូវ​យោធា​ឡើយ ចំពោះ​ជំលោះ​នៅ​កម្ពុជា​។ មានតែ​ការចរចា និង​ដំណោះស្រាយ​នយោបាយ រវាង​ខ្មែរ និង​ខ្មែរ ប៉ុណ្ណោះ ដែល​អាច​នាំមក​នូវ​សន្តិភាព​សម្រាប់​កម្ពុជា​។ គឺ​ក្នុង​ស្មារតី​នេះហើយ ដែល​សម្តេច​តេ​ជោ​បាន​ដាក់ចេញ​នា​ខែតុលា ឆ្នាំ​១៩៨៧ នូវ​សេចក្តីប្រកាស ៥ ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា​នោះ​គឺ​៖ (១) រៀបចំ​ជំនួប សីហនុ​-​ហ៊ុន សែន (២) ការដក​ទាំងស្រុង​នូវ​កងទ័ព​វៀតណាម ទន្ទឹមពេល​នឹង​ការបញ្ឈប់​រាល់​ជំនួយ និង ការគាំទ្រ​ទាំងអស់​ដល់​កងកម្លាំង​នៃ​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ (៣) ការរៀបចំ​ការបោះឆ្នោត​ដោយមាន​អ្នកសង្កេតការណ៍​អន្តរជាតិ ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ ដែល​អនុវត្ត​នយោបាយ​អ​ព្យា​ក្រឹត្យ និង មិន​ចូល​បក្ខសម្ព័ន្ធ (៤) ចរចា​ជាមួយនឹង​ប្រទេស​ថៃ ដើម្បី​កំណត់ព្រំដែន​មួយ​ប្រកបដោយ​សុវត្ថិភាព និង​សន្តិភាព និង រៀបចំ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រចិត្ត​នៃ​ជនភៀសខ្លួន (៥) រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​ផ្តល់​ការធានា​ដល់​កិច្ចព្រមព្រៀង​ដែល​នឹង​សំរេចបាន​ជាមួយនឹង​ការចូលរួម​ពី​រដ្ឋាភិបាល​ទាំងពីរ (​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​) សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រទេស​វៀតណាម ឥណ្ឌា និង​ប្រទេស​ដទៃទៀត​។ សម្តេច ហ៊ុន សែន គឺជា​អ្នក​ដែលមាន​បំណង​មុនគេ​ក្នុង​ការជួប​ជាមួយ សម្តេច សីហនុ ហើយ​គោលនយោបាយ​ខាងលើ​នេះហើយ ដែល​ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​ស្វែងរក​សន្តិភាព​។

​​ឯកឧត្តម​បាន​បន្តថា ដូច​យើង​បានដឹង​ទាំងអស់គ្នា ជំនួប​លើកដំបូង​ដែល​យើង​ហៅថា ជំនួប​សីហនុ​-​ហ៊ុន សែន បានកើត​ឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ Fère-en-Tardenois ប្រទេស​បារាំង ដែល​ជំនួប​នេះ​បាន​បើកផ្លូវ​ដល់​ដំណើរ​ការចរចា​ពិតប្រាកដ ឆ្ពោះទៅរក​ដំណោះស្រាយ​នយោបាយ​ជា​ស្ថាពរ តាមរយៈ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជំលោះ​កម្ពុជា ដែលមាន​អាយុ​៣០​ឆ្នាំ​គត់ នៅថ្ងៃនេះ​។ ជាការ​ពិត ប្រទេស​ជាច្រើន​បាន​ជួយ​ជ្រោមជ្រែង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ការចរចា​អស់កាល​ជិត​៤​ឆ្នាំ តែ​ក៏មាន​ប្រទេស​ខ្លះ​បាន​ជួយ​យើង​ច្រើនជាង​ប្រទេស​ខ្លះទៀត​ដែរ​។ បារាំង និង​ឥណ្ឌូនេស៊ី ក្នុងឋានៈ​ជា​សហប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា បាន​ដើរតួនាទី​ដ៏​សំខាន់​ជាងគេ ដោយ​ការចរចា​ភាគច្រើន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ទាំងពីរ​នេះ​។ យើង​ក៏​មិន​ភ្លេច​តួនាទី​របស់​អូស្ត្រាលី​ឡើយ ដែល​បាន​នាំមក​នូវ​គំនិត​ថ្មី ស្តីពី​ការប្រគល់​ជូន​អង្គការសហប្រជាជាតិ​នូវ​ការគ្រប់គ្រង​ប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន ក្នុងដំណាក់កាល​អន្តរ​កាល តាមរយៈ «​សៀវភៅ​ក្រហម​» (Red Book)​។ បារាំង និង​ជប៉ុន​មាន​ចំណុច​ដូចគ្នា​ត្រង់​ថា ជាមួយនឹង​វិភាគទាន​ដល់​ការស្វែងរក​នូវ​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នោះ ប្រទេស​ទាំងពីរ​បា​នប​ន្ត​ជួយ​កម្ពុជា​ក្នុង​ការស្តារ​សេដ្ឋកិច្ច​-​សង្គម និង​គាំទ្រ​ដល់​កិច្ចខិតខំ​នានា ក្នុងការ​អភិវឌ្ឍ​ប្រទេស​រហូតមកដល់​សព្វថ្ងៃ​នេះ​។ ប្រទេស​ថៃ​ជាប់​ភូមិ​ផង​របង​ជាមួយ​យើង​ក៏បាន​រួមចំណែក​ដ៏​សំខាន់​ដែរ ទាំង​នៅក្នុង​ដំណើការ​ចរចា ទាំង​ក្នុង​ប្រតិបត្តិការ​ដ៏​សម្បើម​មួយ​របស់​អង្គការសហប្រជាជាតិ ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​កម្ពុជា​ចំនួន ៣៧០ ០០០ នាក់ ពី​ទឹកដី​ថៃ​មក​កម្ពុជា​វិញ​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​បន្តទៀតថា ការដឹងគុណ​របស់​យើង ក៏មាន​ចំពោះ​រដ្ឋាភិបាល​ផ្សេងទៀត​ដែល​បាន​ជួយ​រួមវិភាគទាន តាម​លទ្ធភាព​រៀងៗ​ខ្លួន ដល់​ការបញ្ចប់​ជំលោះ និង​កសាង​ប្រទេស​ដូច​សព្វថ្ងៃនេះ​។ យើង​ក៏ត្រូវ​ផ្តល់​យុត្តិធម៌ និង​ការដឹងគុណ​ដល់​ប្រទេស​វៀតណាម ដែល​តាមរយៈ​ការបញ្ជូន​កងទ័ព​ស្ម័គ្រចិត្ត​របស់ខ្លួន បាន​ជួយ​រំដោះ​កម្ពុជា​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​តាមរយៈ​ការដក​កងទ័ព​ទាំងស្រុង​របស់ខ្លួន​ពី​កម្ពុជា​នៅ​ឆ្នាំ​១៩៨៩ បាន​បើកផ្លូវ​ដល់​ដំណើរ​ទៅមុខ​នៃ​ការចរចា​ដែល​ពេលនោះ​ត្រូវ​ជាប់គាំង​លើ​បញ្ហា​អនាគត​របស់​ខ្មែរក្រហម និង​វត្តមាន​កងទ័ព​បរទេស​។​

​​ឆ្លៀត​ក្នុងឱកាស​ដ៏​ពិសេស​នេះ ឯកឧត្តម ប្រាក់ សុខុន បាន​រំលឹក​នូវ​កិច្ចការ​ដែលជា​ធាតុ​ដ៏​សំខាន់បំផុត​មួយ នៃ​ដំណើរ​ការចរចា ដែលមាន​ទាំង​ការជួយជ្រោមជ្រែង​ពី​មិត្ត​បរទេស​ផង តែ​សំខាន់បំផុត​នោះ គឺ​ការផ្តើមគំនិត និង​កិច្ចប្រឹងប្រែង​ដោយផ្ទាល់​ពី​ខ្មែរ​ខ្លួនឯង​ផង នោះ​គឺ​ការបង្កើត​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា «SNC» (Supreme National Council)​។ នៅក្នុង​ជំនួប​សីហនុ​-​ហ៊ុន សែន លើក​ទី​២ នៅ Saint Germain-en-Laye នៅ​ឆ្នាំ​១៩៨៨ សម្តេច ហ៊ុន សែន បាន​ផ្តួចផ្តើម​គំនិត​បង្កើត​នូវ​ក្រុមប្រឹក្សា​បង្រួបបង្រួម​ជាតិ​ជាន់ខ្ពស់​មួយ ហើយ​គំនិត​នេះ ត្រូវបាន​យកទៅ​ពិភាក្សា​ម្តងទៀត​ក្នុង​កិច្ចប្រជុំ Jakarta Informal Meeting I (JIM I) តែ​ពេលនោះ​នៅ​រក​ការឯកភាព​មិនទាន់បាន​។ លុះដល់​ខែ​មិនា ឆ្នាំ​១៩៩០ ដោយមាន​ការជួយជ្រោមជ្រែង​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ឆា​វ៉ា​លី​ត យុង​ឆៃ​យុទ្ធ ទើប​ការព្រមព្រៀង​មួយ​ត្រូវបាន​ចុះហត្ថលេខា ដើម្បី​រៀបចំ SNC នេះ ដោយ​គ្រាន់តែ​ប្តូរ​ពាក្យ​ពី​ក្រុមប្រឹក្សា​បង្រួបបង្រួម​ជាតិ​ជាន់ខ្ពស់ មកជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​វិញ​ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​ភាគី​ទាំង​២ ម្ខាង​គឺ​ភាគី​រដ្ឋ​កម្ពុជា និង​ម្ខាង​ទៀត​ត្រីភាគី​នោះ តាម​រូបមន្ត ៦+៦ ឬ ៦+២+២+២ =១២ ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដោយមាន​ការជួយជ្រោមជ្រែង​ពី​ម្ចាស់ផ្ទះ និង​ដោយ​ឯកឧត្តម ឆា​វ៉ា​លី​ត យុង​ឆៃ​យុទ្ធ ក៏​ធ្វើដំណើរ​ទៅ​ចូលរួម​នៅ​ទី​នោះដែរ​។ យ៉ាងណាមិញ សមាសភាព​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​នេះ ត្រូវ​មក​សំរេច​គ្នា​នៅក្នុង​កិច្ចប្រជុំ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ឯ​កិច្ចប្រជុំ​លើកទីមួយ​របស់ SNC ត្រូវបាន​រៀបចំឡើង​នៅ​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​បាងកក ក្រោម​អធិបតីភាព​របស់​ព្រឹទ្ធបុរស ចៅ សែន​កុសល (​ហៅ​ឈុំ​)​។ នេះ​ជា​ទិដ្ឋភាព​មួយផ្នែក តែ​ក៏មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ដំណើរ​ការចរចា ដែល​បង្ហាញ​ពី​ឆន្ទៈ​ស្វែងរក​សន្តិភាព​របស់​មេ​ដឹកនាំ​ខ្មែរ​យើង ទោះ​លំបាក​យ៉ាងណាក៏ដោយ​។​

​​ឯកឧត្តម ប្រាក់ សុខុន បាន​បន្តទៀតថា ៣០​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​។ រយៈពេល​នេះ ជា​រយៈពេល​គ្រប់គ្រាន់​សំរាប់​ឱ្យ​យើង​អាចធ្វើ​ការវាយតំ​លៃ​ដ៏​ត្រឹមត្រូវ​មួយ​បាន​អំពី​មេរៀន​ទាំងឡាយ​នៃ​ដំណាក់កាល​ប្រវត្តិសាស្ត្ររ​បស់​កម្ពុជា​យើង​។ មិនមាន​ការសង្ស័យ​ណាមួយ​ទេ​ដែលថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស​គឺជា​របត់​ដ៏​សំខាន់ និង​វិជ្ជមាន​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យើង​។ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​អន្តរជាតិ​ឡើងវិញ រដ្ឋាភិបាល​ដែល​បានកើត​ចេញពី​ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ UNTAC (​អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​) ក៏បាន​កាន់កាប់​អាសនៈ​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ ដែល​រយៈពេល​ជាង​១០​ឆ្នាំ​មុននេះ ត្រូវបាន​ប្រគល់ឱ្យ​តំណាង​ខ្មែរក្រហម​។​

​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ត្រូវ​បានដាក់​រយៈពេល​១២​ឆ្នាំ​មកលើ​ប្រជាជន​កម្ពុជា ដែល​ទើប​រួច​ផុតពី​ការស្លាប់​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បែរ​ឱ្យមក​ទទួលរង​នូវ​ការបិទផ្លូវ​សំរាប់​សិទ្ធិ​មូលដ្ឋាន​នានា ពោលគឺ សិទ្ធិ​ទទួល​អាហារ សិទ្ធិ​ទទួល​សេវា​សុខាភិបាល អប់រំ វប្បធម៌ ការអភិវឌ្ឍ ការរស់រាន​ដោយ​សន្តិភាព​។​ល​។ ទណ្ឌកម្ម​នោះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។​

​​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​បាន​បញ្ចូល​គោលការណ៍​ទាំងឡាយ​ដែល​មានចែង​ក្នុង ឧបសម្ព័ន្ធ ៥ នៃ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជំលោះ​កម្ពុជា​នោះ ត្រូវបាន​អនុម័ត​។ ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ ព្រះអង្គ​ទ្រង់​ក៏បាន​ឡើងគ្រងរាជ្យសម្បត្តិ រីឯ UNTAC ក៏បាន​បញ្ចប់​បេសកកម្ម​របស់ខ្លួន ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។

​​ប៉ុន្តែ​ជាមួយ​លទ្ធផល​វិជ្ជមាន​ជាច្រើន​ដែល​សំរេចបាន​នោះ UNTAC បាន​ចាក​ចេញពី​កម្ពុជា ដោយ​មិនបាន​សំរេច​បេសកកម្ម​របស់ខ្លួន​ទាំងស្រុង​នោះទេ​។ សន្តិភាព​ពេញលេញ ដែលជា​គោលដៅ​ចំបង​បំផុត​នៃ​កិច្ចព្រមព្រៀង មិនត្រូវ​បានសំរេច​នោះឡើយ​។ UNTAC បាន​ចាក​ចេញពី​កម្ពុជា ដោយ​បន្សល់ទុក​នូវ​តំបន់​ត្រួតត្រា ២ និង​រដ្ឋាភិបាល ២​។ កម្ពុជា​បាន​ស្ថិតនៅក្នុង​ស្ថានភាព​ស្បែក​ខ្លា ដូច​ការពណ៌នា​របស់ សម្តេច​តេ​ជោ ដោយមាន​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរក្រហម ហើយ​ជំលោះ​ប្រដាប់អាវុធ និង​អសន្តិសុខ​នៅ​បន្ត​មាននៅ​ក្នុងប្រទេស​។ នេះ​ក៏​ដោយសារតែ «​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​» ដែលជា​ភាគី​មួយ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នោះ បាន​បោះបង់ចោល​នូវ​ការសន្យា និង​កាតព្វកិច្ច​នានា​របស់ខ្លួន​ជា​ភាគី​ហត្ថលេខី​។ ប្រការ​នេះហើយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លក្ខណៈ «​រួម​» នៃ​ដំណោះស្រាយ​នយោបាយ ហើយ​ធ្វើឱ្យ​គោលដៅ​ដ៏​សំខាន់​មួយចំនួន​របស់​កិច្ចព្រមព្រៀង​មិនត្រូវ​បានសំរេច​។​

​​គ្រានេះ នរណា​ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន ហើយ​សម្តេច​ក្នុងឋានៈ​ជា​អ្នកដឹកនាំ​តែ​ម្នាក់​គត់ ជា​អ្នក​នាំមក​នូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី នៅ​ចុងឆ្នាំ​១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ សម្តេច​ជា​អ្នក​បានបញ្ចប់​នូវ​ចលនានយោបាយ និង​យោធា​របស់​ខ្មែរក្រហម ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការស្លាប់​របស់​ប្រជាជន​កម្ពុ​ជាជាង​២​លាន​នាក់ និង​ការបំផ្លាញ​ដល់​ឬ​សគល់​រចនាសម្ព័ន្ធ​សង្គមជាតិ​ទាំងមូល កាល​ពួកគេ​គ្រប់គ្រង​អំណាច​។ នយោបាយ​ឈ្នះ​-​ឈ្នះ បានសំរេច​នូវ​គោលដៅ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ ដែល​ស្ថិតក្នុង​បេះដូង​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ហើយ​ដែល UNTAC មិនអាច​សំរេចបាន​។​

​​ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា មាន​ទិដ្ឋភាព​មួយទៀត សូម​លើក​មក​បកស្រាយ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ជាមួយនឹង​ឆន្ទៈ​ក្នុងការ​នាំមក​នូវ​សន្តិភាព​ជូន​ប្រទេស និង​ប្រជាជន​កម្ពុជា​នោះ ក៏មាន​គំរោង​កសាង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដែរ​។ ប៉ុន្តែ​លទ្ធិប្រជាធិបតេយ្យ​នេះ ជាល​ទ្ធិ​តាមបែប​លោកខាងលិច ដោយ​មិនបាន​គិតគូរ​រាប់បញ្ចូល​នូវ​លក្ខណៈពិសេស​របស់ កម្ពុជា តួយ៉ាង​ប្រវត្តិ​សោកនាដកម្ម​ថ្មីៗ​របស់​ប្រទេស​នេះ វប្បធម៌ ប្រពៃណី ស្ថានភាព​ជាក់ស្តែង​ពិតប្រាកដ​។​

​​នរណា​ក៏​ដឹង​ដែរ​ថា ប្រជាធិបតេយ្យ​មិនមែន​កើតឡើង​ដោយ​ឯកឯង ឬក៏​ជប​បាន​នោះទេ​។ ប្រជាធិបតេយ្យ ក៏​មិនមែនជា​ទំនិញ​ដែល​នាំចេញ នាំចូល ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​នោះដែរ ទោះបី​ជះ​លុយរាប់​រយ​លាន​ដុល្លារ​ក៏ដោយ​។ ប្រជាធិបតេយ្យ​ជា​គុណ​តំលៃ ដែល​បានមកពី​ការរៀនសូត្រ​ហើយ ដែល​ត្រូវ​កសាង និង​ពង្រឹង​មួយ​ជំហាន​ម្តងៗ​។ ជាការ​គួរឱ្យ​ស្តាយ ប្រជាធិបតេយ្យ រួមទាំង​សិទ្ធិមនុស្ស ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ស្របតាម​កាលានុវត្តភាព​ភូមិសាស្ត្រ​នយោបាយ សំរាប់​ផលប្រយោជន៍​ប្រទេស​ធំៗ​មួយចំនួន​ទៅវិញ​។​

​​ឯកឧត្តម​ក៏​សូម​លើក​នៅទីនេះ នូវ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​អធិបតេយ្យ​កម្ពុជា​។ មិន​មានចែង​ទាល់តែសោះ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថា កម្ពុជា​នឹងត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​អន្តរជាតិ បន្ទាប់ពី​ដំណាក់កាល​បណ្តោះអាសន្ន ពោលគឺ​បន្ទាប់ពី​បេសកកម្ម UNTAC ត្រូវបាន​បញ្ចប់​នោះទេ​។ អ្វីដែល​កម្ពុជា​ត្រូវ​បន្ត​គោរព​នោះ គឺ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​កម្ពុជា​បាន​ភ្ជាប់​ខ្លួន​ក្នុងឋានៈ​ជា​សមាជិក​ពេញ​សិទ្ធ​នៃ​អង្គការសហប្រជាជាតិ ដូច​សមាជិក​ដទៃទៀត​នៃ​អង្គការ​នេះ​តែប៉ុណ្ណោះ​។ ពេលនេះ កម្ពុជា​បានក្លាយ ហើយ​រក្សាខ្លួន​ជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​ដូច​រដ្ឋ​ឯទៀត​នៃ​សហគមន៍​អន្តរជាតិ​ដែរ​។​

​​ជាការ​គួរឱ្យ​សោកស្តាយ ទោះបី​មានការ​ប្តេជ្ញា​ជា​ឱឡារិក​របស់​ភាគី​ផ្សេងទៀត​នៃ «​កិច្ចព្រមព្រៀង ស្តីពី​អធិបតេយ្យ បូរណភាព​ទឹកដី ការមិន​រំលោភបំពាន អ​ព្យា​ក្រឹត្យ​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា​» ក្នុង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ទោះ​ក្រោមរូបភាព​ណា ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក៏ដោយ ក៏​កម្ពុជា​នៅ​បន្ត​ទទួលរង​នូវ​ការប៉ុនប៉ង​ជា​បន្តបន្ទាប់​ក្នុងការ​ផ្លាស់ប្តូរ​របប​តាម​មធ្យោបាយ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ទាល់តែសោះ​។​

​​ក្នុង​សុន្ទរកថា​ថ្លែង​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៦ ខែកញ្ញា កន្លងទៅ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ «​ប្រវត្តិសាស្ត្រ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀតថា ការជ្រៀតជ្រែក និង​ការដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នោះ គឺ​ការប្រើប្រាស់​ជម្រើស​យោធា​ក្នុង​ការកំណត់​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ផ្សេងៗ មិនមែនជា​ដំណោះស្រាយ​នោះឡើយ​។ ផ្ទុយទៅវិញ ជម្រើស​ទាំងអស់នេះ បាន​ត្រឹម​នាំមក​នូវ​ការបាត់​បង់ជីវិត ការឈឺចាប់ និង​ទុក្ខវេទនា​សម្រាប់​មនុស្សជាតិ និង​ជំលោះ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច កាន់តែ​ច្រើនជាង​មុន​តែប៉ុណ្ណោះ​។ កម្ពុជា គឺជា​ឧទាហរណ៍​ជាក់ស្តែង ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត ហើយ​អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ គឺ​នាពេល​បច្ចុប្បន្ន យើង​កំពុងតែ​ឃើញ​ការអនុវត្ត​ឡើងវិញ​នូវ​គោលនយោបាយ​ដដែល​នេះ​។ ប្រសិនបើ​យើង​អាច​ចាត់ទុកជា​មេរៀន​នូវ​ព្រឹត្តិការណ៍​ថ្មីៗ ដែល​កំពុង​កើតឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ព្រឹត្តិការណ៍​ជាច្រើន​ផ្សេងទៀត​ពីមុន ការគោរព​នូវ​បំណងប្រាថ្នា​នៃ​ប្រជាជាតិ​នីមួយៗ និង​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​សំរេចចិត្ត​ដោយ​ខ្លួនឯង គឺជា​គុណ​តម្លៃ​មួយ​ដ៏​ធំធេង​។​

​ប្រទេស​ធំ និង​តូច តែងតែមាន​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី របៀបរបប​រស់នៅ និង​ការរៀបចំ​នយោបាយ​ខុសៗ​គ្នា​។ ប្រទេស​នីមួយៗ​មិនគួរ​ត្រូវបាន​បង្អាក់ដំណើរ ដោយសារតែ​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី ការហាមឃាត់ ឬ​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ផ្សេងទៀត ដែល​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​នោះឡើយ​។​»

​​ឯកឧត្តម ប្រាក់ សុខុន បាន​បន្តថា ​នៅក្នុង​របាយការណ៍​លេខ S/25289 នា​ឆ្នាំ​១៩៩៣ អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ លោក​អគ្គលេខាធិការ Boutros Boutros-Ghali បាន​សន្និដ្ឋានថា​៖ «​ក្នុងនាម​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ភាគី​កម្ពុជា​មានការ​ទទួលខុសត្រូវ​មុន​បង្អស់ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ឯ​ស្ថិរភាព និង​សុខុមាលភាព​ទៅ​អនាគត​របស់​កម្ពុជា គឺ​អាស្រ័យ​ដោយ​ប្រជាជន​កម្ពុជា​ខ្លួនឯង​»​។ ដោយហេតុនេះ ជាការ​ច្បាស់​ណាស់​ដែលថា ក្រោយពេល​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ត្រូវបាន​បញ្ចប់ បញ្ហា​ថា​តើ​ត្រូវអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​យ៉ាងដូចម្តេច​នោះ គឺជា​បន្ទុក​របស់​កម្ពុ​ជា​។​

​​គឺ​ក្នុង​ស្មារតី​អធិបតេយ្យ​ជាតិ​នេះហើយ ដែល​កម្ពុជា​បាន​ពង្រឹង​ការកាន់កាប់​ជោគវាសនា​ខ្លួន​នៅក្នុង​ដៃ ដោយ​ខិតខំ​ជំនះ​ការលំបាក ពុះពារ​ឧបសគ្គ និង​ការ​ប្រឈម​ខាង​នយោបាយ សេដ្ឋកិច្ច ព្រមទាំង​មនោគមវិជ្ជា និង​វណ្ណៈ ដើម្បី​រួមគ្នា​កសាង​ប្រទេសជាតិ​ឡើងវិញ​។ យើង​ក៏​ទទួលស្គាល់​ដែរ​ថា ខុសពី​អត្ថបទ​ដ៏​ពិ​រោះ​នៃ​កិច្ចព្រមព្រៀង និង​សុន្ទរកថា ខុសពី​ការ​ញញឹម និង​ឱបរឹត​គ្នា ការរៀន​រស់នៅ​ជាមួយគ្នា ធ្វើការ​ជាមួយគ្នា បន្ទាប់ពី​បាន​ប្រឆាំង​គ្នា និង​ច្បាំង​គ្នា​អស់​ច្រើន​ទស្សវត្ស​មក មិនមែនជា​ការងាយស្រួល​ឡើយ​។ ប៉ុន្តែ ទោះបី​ការខុស​គ្នា​ទាំងនេះ បាន​ស្តែងចេញ​រហូតដល់​មានការ​ប៉ះទង្គិច​ដោយ​អាវុធ​ក៏ដោយ ក៏​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​បាន​នាំ​គូភាគី​នានា​មក​រួមរស់​ជាមួយគ្នា និង​ធ្វើការ​ជាមួយគ្នា​ឡើងវិញ​។ ឆន្ទៈ​នេះ​បាន​នាំឱ្យ​កម្ពុជា​អភិវឌ្ឍ​ប្រទេសជាតិ​យ៉ាង​លឿន ក្នុង​អត្រាកំណើន​ជាង ៧% ជា​មធ្យម រយៈពេល​ជាង ២០​ឆ្នាំ និង​បាន​នាំឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប នៅ​ឆ្នាំ​២០១៥ ឯ​អត្រា​នៃ​ភាពក្រីក្រ​ធ្លាក់ចុះ​នៅក្រោម ១០% នេះ​បើ​គិតពី​មុនពេល​ជំងឺ​កូ​វីដ​-១៩ បាន​បង្កើត​វិបត្តិ​សុខាភិបាល សេដ្ឋកិច្ច និង​សង្គម​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក​។ អត្រា​អក្ខរ​កម្មបាន​កើន​ពី ៣៩% នៅ​ឆ្នាំ​១៩៩១ ដល់ ៨៨,៥% នៅ​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​បាន​កើន​ពី ២​សែន​នាក់ ក្នុង​ឆ្នាំ​១៩៩៥ ដល់ ៦.៦​លាន​នាក់ នៅ​ឆ្នាំ​២០១៩ ហើយ​ការនាំចេញ​ផ្នែក​វាយ​ន​ភណ្ឌ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ បាន​ចេញពី​គ្មាន​សោះ ដល់​ជាង ១០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​។ សឹងតែ​គ្មាន​សោះ​នៅ​ឆ្នាំ​១៩៩៣ ៩៧%​នៃ​ភូមិ​ទូទាំងប្រទេស ត្រូវបាន​ភ្ជាប់​អគ្គិសនី​នៅ​ឆ្នាំ​២០២០​។ ផ្លូវ ១៥,០០០​គីឡូម៉ែត្រ ត្រូវបាន​កសាង ដោយ​ចាក់​បេតុង និង​កៅស៊ូ ស្ពាន​ថ្មី​ជាង​២០ ឆ្លងកាត់​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ត្រូវបាន​កសាង​។​

​នៅលើ​ឆាក​អន្តរជាតិ និង​តំបន់​វិញ កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន នៅ​ឆ្នាំ​១៩៩៩ ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ឆ្នាំ​២០០៤ ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​១៧៤​។ ពី​ប្រទេស​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ កម្ពុជា​បានក្លាយ​ជា​ប្រទេស​រួមវិភាគទាន​កងទ័ព ដោយ​បញ្ជូន​កងកំលាំង​របស់​ខ្លួន​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា និង​នៅ​អឺរ៉ុប​។ ចាប់ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកំលាំងរ​បស់​ខ្លួន ចំនួន ៧,៨២៦​នាក់ ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ចំនួន​៩ គឺ ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ ស៊ី​ប ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល លី​បង់ យេ​មែន និង​ស៊ី​រី​។

​​៣០​ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សហគមន៍​អន្តរជាតិ ដោយ​ស្មើមុខ ស្មើ​សិទ្ធិ និង​មាន​រដ្ឋាភិបាល​មួយ​ដែល​ទទួលខុសត្រូវ​យ៉ាង​ពេញលេញ​ចំពោះ​ពលរដ្ឋ​របស់ខ្លួន ក្នុង​ការកសាង​អនាគត​ប្រកបដោយ​សន្តិភាព ស្ថិរភាព ភាពថ្លៃថ្នូរ និង​ការអភិវឌ្ឍ​។

​​គឺជា​កម្ពុជា​ដែល​បានកំណត់​យ៉ាង​ជាក់ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន លើក​តម្កើង និង​ការពារ​គុណ​តំលៃ ផលប្រយោជន៍ និង​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​។ កម្ពុជា​នឹង​ប្រកាន់ខ្ជាប់ និង​ការពារ​ជាដាច់ខាត​នូវ​ឯករាជ្យភាព អធិបតេយ្យ អ​ព្យា​ក្រឹត្យ​ភាព​អចិន្ត្រៃយ៍ និង​បូរណភាព​ទឹកដី ព្រមទាំង​ប្តេជ្ញា​យ៉ាង​មុះ​មុត​ក្នុង​ការបំពេញ​រាល់​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់ខ្លួន​ក្នុង​តំបន់​ក៏ដូចជា​នៅលើ សកលលោក​។​

​​ឆ្នាំ​២០២២​ខាងមុខនេះ កម្ពុជា​នឹង​បំពេញ​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ជា​លើក​ទី​៣ ចាប់តាំងពី​យើង​បាន​ក្លាយជា​សមាជិក​ពៅ​គេ​នៃ​សមាគម​នេះ ក្នុងស្ថានភាព​ដែល​តំបន់​របស់​យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​ពហុ​វិស័យ​ដែល​បង្កឡើង​ដោយ​កូ​វីដ​-១៩ និង​ការប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​ជំងឺ​រាលដាល​នេះ​ផង ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ស្វិតស្វាញ​រវាង​មហាអំណាច​ធំៗ​ផង ដែល​រាលដាល​ដល់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា រហូតដល់​មនោគមវិជ្ជា​ថែមទៀត​។ តំបន់​យើង​ផ្ទាល់​ក៏​ជួបប្រទះ​បញ្ហា​ស្មុគស្មាញ​ចាក់​ស្រែះ មានការ​ត្រឡប់មកវិញ​នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ដោយសារ​ការបាញ់​សាកល្បង​កាំជ្រួច ទោះបី​កូរ៉េ​ទាំងពីរ​បាន​ភ្ជាប់​ខ្សែរ​ទំនាក់ទំនង​ផ្លូវការ​ជាមួយគ្នា​ឡើងវិញ​ក៏ដោយ សមយុទ្ធ និង​ការបង្ហាញ​សាច់ដុំ​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ស្ថិរភាព​តំបន់​នេះ ក៏ដូចជា​លើ​ការចរចា ស្តីពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC)​។ ឯ​វិបត្តិ​នយោបាយ​-​សន្តិសុខ​នៅ​មី​យ៉ាន់​ម៉ា កំពុង​បង្កើត​ស្ថានភាព​ដ៏​លំបាក​មិន​ធ្លាប់​មាននៅ​ផ្ទៃក្នុង​អាស៊ាន​ខ្លួនឯង​ផង និង​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​សន្ទនា​របស់ខ្លួន​ផង​។ ក្នុងពេលដែល​យើង​រំលឹក​ខួប​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស យើង​សង្ឃឹមថា​មេរៀន​ទាំងឡាយ​ដែល​ទទួលបាន​នៅ​កម្ពុជា ក្នុងការ​សំរេច​នូវ​សន្តិភាព និង​ការផ្សះផ្សារ​ជាតិ​នោះ អាច​នឹង​ជួយ​រួមវិភាគទាន​ដល់​ដំណោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ជា​បងប្អូន​គ្រួសារ​អាស៊ាន​មួយ​នេះ​។ តាមរយៈ​មូលបទ​ដែល​បង្រួបបង្រួម​កំលាំង កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន នឹង​អំពាវនាវ ចលនា​សមាជិក​ក្នុង​សហគមន៍​ដែល​យើង​កំពុង​រួមគ្នា​កសាង​នោះ ឱ្យធ្វើ​សកម្មភាព​ជាមួយគ្នា ដើម្បី​ឆ្លើយតប​ដោះស្រាយ​ការ​ប្រឈម​ដ៏​ច្រើន និង​ស្មុគស្មាញ​ដែល​យើង​កំពុង​ជួប​។ យើង​សង្ឃឹមថា ជាមួយនឹង​សាមគ្គីភាព​ដ៏​ខ្លាំងក្លា​ពី​សំណាក់​សមាជិក​អាស៊ាន និង​ការគាំទ្រ​ពី​ដៃគូ​ខាងក្រៅ កម្ពុជា​នឹង​អាចជួយ​រុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​ទៅមុខ ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន រក្សា​តួនាទី​ដ៏​សំខាន់​សំរាប់​ពាណិជ្ជកម្ម​សកល វិនិយោគ និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​តាមរយៈ​ការជំរុញ​ការអនុវត្ត​ក្របខណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF) និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ជាដើម​។

​​ខែក្រោយ​នេះ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​។ បើ​កុំ​តែ​ជំងឺ​កូ​វីដ​-១៩ បន្ត​យាយី​រហូតដល់​ពេលនេះ ម្លេះ​សម​កម្ពុជា​កំពុង​មមាញឹក​ដុតដៃដុតជើង​ត្រៀម​ទទួល​មេដឹកនាំ​ពី​អាស៊ី និង​អឺរ៉ុប ៥០ ប្រទេស ព្រមទាំង​ប្រធាន និង​អគ្គលេខា​នៃ​ស្ថាប័ន​តំបន់​ទាំង​២ ទៀតផង​។ តាមរយៈ​ប្រព័ន្ធ​វីដេអូ កិច្ចពិភាក្សា​នៃ​ថ្នាក់ដឹកនាំ​ទ្វីប​ទាំងពីរ នឹង​ផ្តោតទៅលើ​បញ្ហា​នានា​ជុំវិញ​មូលបទ​ដែល​កម្ពុជា​បានជ្រើសរើស គឺ «​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​»​។ យើង​សង្ឃឹមថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​មូលមតិ​គ្នា​ក្នុងការ​ពង្រឹង​ពហុភាគី​និយម ដោយមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល ដើម្បី​ប្រមូល​កំលាំង​សាមគ្គីភាព​អន្តរជាតិ យកឈ្នះ​លើ​ការ​ប្រឈម​ទាំងឡាយ ជំរុញ​សន្តិភាព ការអភិវឌ្ឍ​ដោយ​ចីរភាព និង​វិបុលភាព​រួម​សំរាប់​ទាំងអស់គ្នា​។​

​​កម្ពុជា​ក៏​នឹង​បន្ត​គាំទ្រ​កិច្ចប្រឹងប្រែង និង​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ក្នុងការ​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ភេ​វរ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមទាំង​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការជួយ​កសាង និង​រក្សា​សន្តិភាព និង​ការពារ​ជនស្លូតត្រង់​នៅលើ​លោក​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នឹង​បន្ត​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ចំពោះ​ពលរដ្ឋ​គ្រប់រូប ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​ការពារ​សិទ្ធិ​ចំបង និង​ជា​មូលដ្ឋាន ជូន​ពលរដ្ឋ ដែល​មុនគេ​បង្អស់​គឺ សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួល​សេវា​សុខាភិបាល​ការពារ​នឹង​ជំងឺ​កូ​វីដ​-១៩​។ និយាយ​ឱ្យ​ស្រួល​ស្តាប់​គឺ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​យើង និង​បង្កលក្ខណៈ​សម្បត្តិ​អំណោយផល​ដើម្បីឱ្យ​ពលរដ្ឋ​យើង​ត្រឡប់​ទៅធ្វើ​ការ​វិញ កូនចៅ​របស់​យើង​ចូល​សាលារៀន​វិញ និង​ឱ្យ​ការរក​ស៊ីវិល​ទៅរក​ប្រក្រតីភាព​វិញ​។ ក្នុងន័យនេះ ហើយ​គិត​មកដល់​ថ្ងៃនេះ ជា​លទ្ធផល​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​កូ​វីដ​-១៩ ៨៥.៣% នៃ​ប្រជាជន​សរុប បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ ក្នុងនោះ​មាន ៩៩.៧% ជា​មុខសញ្ញា​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ និង​ជាង ៩០% នៃ​ក្មេង​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់ ១៧​ឆ្នាំ​។ រាជរដ្ឋាភិបាល​បាន​កសាង និង​ដាក់ចេញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព ដែលមាន​ការគិតគូរ​ជ្រាលជ្រៅ ហ្មត់ចត់ ដើម្បី​វិបុលភាព​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់រូប ដោយ​ចាប់យក​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​​កាលពី​ថ្ងៃ​ចន្ទ​មុននេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​នូវ​ក្រដាសប្រាក់​ថ្មី​មាន​តំលៃ ៣០ ០០០​រៀល​។ នៅលើ​ក្រដាសប្រាក់​នេះ ដែល​ត្រូវបាន​លើក​គំរោង​តាំងពី​ឆ្នាំទៅ​មិញ​ម្ល៉េះ មាន​សរសេរថា «​អបអរសាទរ​ខួប ៣០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (១៩៩១-២០២១)» ព្រមទាំង​បង្ហាញ​រូប​ព្រះឆាយាល័ក្ខណ៍​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​នៃ​ការយាង​និវត្តន៍​របស់​ព្រះករុណា មកកាន់​មាតុភូមិ​វិញ នៅ​ឆ្នាំ​១៩៩១​។​

តាមរយៈ​ការបោះពុម្ពផ្សាយ​ក្រដាសប្រាក់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច ហ៊ុន សែន ស្ថាបត្យករ​ទីមួយ និង​សំខាន់បំផុត​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស បញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ និង​រំលឹក​ប្រជាពលរដ្ឋ​ទាំងអស់ អំពី​គុណបំណាច់​នៃ​កិច្ចព្រមព្រៀង និង​អ្នក​ដែល​បាន​រួមគ្នា​សំរេច​កិច្ចព្រមព្រៀង​នោះ ចំពោះ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​សំដែង​ការដឹងគុណ​ជាថ្មី​ម្តងទៀត ចំពោះ​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​បានរួម​វិភាគទាន​ដ៏​ធំធេង​ដល់​របត់​ជា​ប្រវត្តិសាស្ត្រ​នេះ កាលពី​៣០​ឆ្នាំមុន​។ ខ្ញុំ​ក៏​សូម​សំដែង​ការដឹងគុណ​ដល់​បណ្តា​ប្រទេស​ជា​ដៃគូ​ដទៃទៀត ដែល​ទីនេះ​ខ្ញុំ​សូម​លើក​អំពី​ប្រទេស​ចិន ដែល​បច្ចុប្បន្ន​ជា​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ និង​ម្ចាស់ជំនួយ​ដ៏​សំខាន់បំផុត​របស់​យើង ដែល​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំងមូល​ក្នុងការ​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងទៅនេះ​។

​​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បញ្ជាក់ថា ទោះបី​ស្ថិតនៅក្នុង​គន្លង​នៃ​ប្រក្រតីភាព​ថ្មី​ក្តី ក៏​កម្ពុជា​នឹង​នៅតែ​ជា​ប្រទេស​ដែល​បើកចំហ ផ្តល់​សេរីភាព និង​ការ​គាំពារ​ដល់​ជន​ទាំងអស់​ដែល​រស់នៅ និង​រីករាយ​ក្នុងសង្គម​មួយ ដែល​គោរព​គន្លង​ច្បាប់ និង​សិទ្ធិ​ស្មើភាព​របស់​អ្នក​ទាំងអស់គ្នា​។ កម្ពុជា​នឹង​នៅតែ​ជា​ប្រទេស​ដែល​ផ្តល់​ការគាំទ្រ និង​វិភាគទាន​តាម​សមត្ថភាព និង​ការប្តេជ្ញា​របស់ខ្លួន​ដល់​កិច្ចប្រឹងប្រែង​នានា ដើម្បី​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​លើ​សកលលោក​។ ឈរលើ​គោលការណ៍ «​ពង្រីក​មិត្ត​នៅក្រៅ​ប្រទេស​ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ​ជាតិ​» កម្ពុជា​នឹង​បន្ត​បង្ហាញថា ប្រទេស​យើង​តូច​មែន​តែ​បេះដូង​យើង​ធំ​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner