សន្និសីទសារព័ត៌មានស្តីពីការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម

(ភ្នំពេញ)៖ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំសន្និសីទសារព័ត៌មានស្តីពីការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោក-លោកស្រី អ្នកសារព័ត៌មានជាច្រើនរូប។
គោលបំណង នៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ស្តីពីការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលពិព័រណ៍នេះបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដោយមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំម្តង សម្រាប់ឆ្នាំ២០២០ គឺ សហភាពអារ៉ាប់រួម បានទទួលធ្វើម្ចាស់ផ្ទះរៀបចំ ប៉ុន្តែដោយសារការផ្ទុះឡើង នូវជំងឺ កូវីដ-១៩ ពិព័រណ៍នេះត្រូវបានលើកពេល ១ឆ្នាំ ហើយកាលបរិច្ឆេទថ្មី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានរយៈពេល ៦ខែ។
កម្ពុជា បានរៀបចំសាងសង់ ពន្លាជាតិមួយយ៉ាងល្អប្រណីត នៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់ ២ជាន់។ គណៈកម្មការអន្តរក្រសួង បានឯកភាពយកការរចនាប្លង់ ពន្លាជាតិកម្ពុជា ស្របតាមប្រធានបទដែលរាជរដ្ឋាភិបាល បានកំណត់ គឺ “និរន្តរភាព” (Sustainability)។ ការតុបតែងរចនាពន្លាជាតិកម្ពុជា ត្រូវបានច្របាច់បញ្ចូលគ្នា នូវសម័យកាលជាប្រវត្តិសាស្រ្ត ចំនួនបួន គឺសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័
យឧត្តុង្គ និងសម័យចតុម្មុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ដោយបង្ហាញពី កេរ្តិ៍ដំណែល វប្បធម៌ ប្រវត្តិសាស្រ្ត មានពីបុរាណ និងខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដូនតាខ្មែរ បានបន្សល់ទុកនូវតឹកតាងរហូតមក ដល់បច្ចុប្បន្ន ដូចជា រូបចម្លាក់ ប្រាង្គប្រាសាទ ចម្លាក់នានានៅតាមជញ្ជាំងប្រាសាទ រូបចម្លាក់ទេវកថា និងបុព្វបុរសខ្មែរ សម័យអង្គរ វិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍ ដែលជាចន្ទល់ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។
បន្ទាប់ពីបានបើកទ្វារទទួលភ្ញៀវ ចូលទស្សនាពីថ្ងៃទី១-២០ ខែតុលា ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនា ចំនួន ២ម៉ឺន ១ពាន់ ៤០២នាក់។ ពន្លាជាតិកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការរៀបចំតុបតែង ប្រកបដោយលក្ខណៈរស់រវើក និងស្របតាមប្រធានបទ។ កម្ពុជាសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ជាពិសេស ការលើកស្ទួយមុខមាត់ កេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជា ឲ្យកាន់តែល្បីល្បាញថែមទៀត លើឆាកអន្តរជាតិ តាមរយៈការចងចាំ ដក់ជាប់ក្នុងចិត្តរបស់អ្នកទស្សនា នូវអ្វីដែលពួកគេបានឃើញ ដូចជា ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ
បរិស្ថានធម្មជាតិដ៏ស្រស់បំព្រង វប្បធម៌ដ៏សម្បូរបែប និងសិល្បៈ របាំប្រពៃណីខ្មែរ ដែលមានពីតាំងសម័យបុរាណ និងបច្ចុប្បន្ន។ អ្នកទស្សនា ក៏នឹងចងចាំផងដែល នូវស្នាមញញឹមពោពេញ ដោយក្តីសង្ឃឹម និងភាពដ៏ស្មោះត្រង់ របស់មន្ត្រីប្រចាំការ ចំពោះភ្ញៀវគ្រប់រូប ដែលជាកត្តាមួយ ជំរុញឲ្យអ្នកទស្សនា ចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមទៀត អំពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង តំបន់ទេសចរណ៍ធម្មជាតិ និងការធ្វើវិនិយោគទុន នៅប្រទេសកម្ពុជា។
សូមជម្រាបជូនថា កម្ពុជាធ្លាប់មានបទពិសោធន៍ ចូលរួមរៀបចំពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ហើយការរៀបចំតុបតែងពន្លាជាតិ តែងមានការចាប់អារម្ម-
ណ៍ គាំទ្រពីភ្ញៀវទស្សនាយ៉ាងខ្លាំង ជាក់ស្តែងការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០០៥ នៅទីក្រុងអាយាជី ប្រទេសជប៉ុន ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនាចំនួន ៣លាន ៧សែន ២ម៉ឺន ៩ពាន់ ៤៧៦នាក់, ឆ្នាំ២០១០ នៅទីក្រុងសៀងហៃ បានទទួលភ្ញៀវចូលទស្សនាចំនួន ៩លាន ៧សែន ៣ម៉ឺន ៩ពាន់ ៨២៦នាក់, ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី បានទទួលភ្ញៀវចូលទស្សនា ចំនួន ២ពាន់ ២សែន ២ម៉ឺន ពាន់ ៨៣១នាក់ ហើយយើងសង្ឃឹមថា ការចូលរួមពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ពន្លាជាតិកម្ពុជា នឹងទទួលបានភ្ញៀវចូលទស្សនា បានច្រើនផងដែរ ប្រសិនបើស្ថានភាពនៃជំងឺ កូវីដ-១៩ មានការថមថយ និងកាន់តែប្រសើរឡើងនោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner