ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមមួយខ្សែដែលរងការខូចខាតដោយទឹកជំនន់នៃស្ទឹងសង្កែ នៅស្រុកឯកភ្នំ និង ក្រោយពីការជួសជុលរួចរាល់

        នៅរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២១នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត លោក ព្រួញ រិទ្ឋថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងវត្តមាន លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងមន្ត្រីមូលដ្ឋាន នៅទីនោះព្រមទាំងវត្តមានលោកប្រធាន-អនុប្រធានមន្ទីរជំនាញមួយចំនួន បានចុះពិនិត្យមើលផ្លូវក្រួសក្រហម ០១ខ្សែ ដែលបានរងនូវការខូចខាតដោយសារជំនន់ទឹកស្ទឹងសង្កែបានហូរច្រោះនិងកាត់ផ្តាច៎លូកាត់ផ្លូវចំនួន០២កន្លែង កាលពីថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២១កន្លងមក ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងក្រោយពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានធ្វើការជួសជុលឲ្យដំណើរការ ឡើងវិញហើយនោះ។

       នៅក្នុងដំណើរចុះទៅពិនិត្យមើលពីស្ថានភាពផ្លូវក្រួសក្រហមនិងប្រព័ន្ធលូកាត់ផ្លូវចំនួន០២កន្លែង ដែលត្រូវបានធ្វើការជួសជុលនិងកែលម្អរៀបចំប្រព័ន្ធលូឡើងវិញនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ កំណាត់ផ្លូវក្រួសក្រហមមួយខ្សែនៅទីនេះគឺជាកំណាត់ផ្លូវខេត្តលេខ.១៥៦ ដែលមានប្រវែង ៦,៥០គ.ម បានរងការខូចខាត ដោយការហូរច្រោះដាច់ផ្លូវជាច្រើនកន្លែង និងធ្វើឲ្យខូចផ្លូវធ្ងន់ធ្ងរប្រវែងជាង០២គម.។ ជាមួយគ្នានេះផងដែរ ដោយសារតែស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ជន់ហូរខ្លាំងបានបណ្តាលឲ្យប្រព័ន្ធលូចំនួន០២កន្លែងឆ្លងកាត់អូរ ត្រូវទឹកជំនន់ជន់បុកកាត់ផ្តាច់និងធ្វើឲ្យខូចខាតទាំងស្រុង ហើយត្រូវបានមន្ទីរធ្វើការជួសជុលឡើងវិញរួចរាល់ហើយដែរកាលពីថ្ងៃទី២០ខែតុលាថ្មីៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរប្រក្រតីឡើងវិញ។

        លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ផ្លូវដែលធ្វើការជួសជុលឡើងវិញ មានប្រវែង០៦គម. និងបានកាយរៀបចំនិងសម្រួលមុខទឹកដោយបានដាក់លូ និងរៀបចំដាក់ជំនួសនូវលូមុខកាត់១,២០ម៉ែត្រ ប្រវែង០២ម៉ែត្រនិងតំរៀប៣ជួរចំនួន ១៥កង់លូ ដើម្បីជំនួសលូប្រអប់ឆ្លងកាត់ផ្លូវ១កន្លែង ស្ថិតក្នុង ភូមិរាជដូនកែវ ដែលបានសាងសង់នៅអំឡុងឆ្នាំ១៩៩៦ហើយត្រូវបានទឹកជំនន់ហូរបុកកាត់ផ្តាច៎ខូចខាតធ្ងន់ធ្ងរ និងសម្រេចធ្វើការជួសជុលនិងកែសម្រួលនូវផ្លូវទឹកនៅទីនោះឲ្យបានល្អប្រសើរឡើងវិញ និងមួយកន្លែងទៀតដែលមានបណ្តោយប្រវែង០២ម៉ែត្រ ហើយមន្ទីរក៏បានរៀបចំដាក់លូមុខកាត់ទំហំ១,២០ម៉ែត្រចំនួន១០កង់ផងដែរ នៅចំណុចផ្លូវដាច់ដោយទឹកហូរច្រោះបុកផ្តាច់ធ្វើឲ្យខូចខាតផ្លូវទាំងស្រុង ក្នុងភូមិអន្សងសក ដើម្បីធ្វើការកែសម្រួលឲ្យការធ្វើចរាចរចេញចូលរបស់ប្រជាជននិងការធ្វើដំណើរ បានស្រួលឡើងវិញ។

       លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ដោយសង្កត់ធ្ងន់ឲ្យដឹងទៀតថា៖ការជួសជុលកំណាត់ផ្លូវក្រួសក្រហមនិងរៀបចំធ្វើការដាក់លូចំនួន០២កន្លែងនៅចំណុចទីតាំងភូមិសាស្ត្រក្នុងស្រុកឯកភ្នំនេះ គឺមន្ទីរបានប្រើប្រាស់នូវកញ្ចប់ថវិកាជួសជុលបន្ទាន់របស់មន្ទីរតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនផ្តល់ឲ្យ។

       ក្រោយពីការចុះពិនិត្យមើលពីការជួសជុលនូវផ្លូវក្រួសក្រហម០១ខ្សែ ដែលរងការខូចខាតដោយសារតែជំនន់ទឹកស្ទឹងសង្កែ ប៉ុន្មានថ្ងៃកន្លងមក នៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ រួចមក។ ក្នុងនោះផងដែរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរស្រុកឯកភ្នំក៏បាន បន្តដំណើរចុះទៅពិនិត្យមើលនូវសមិទ្ធិផល  ប្រវត្តិសាស្ត្រ នៃសំណង់ទំនប់ស្ទាក់ទឹក  សាលា តាអន “កាត់ ដងស្ទឹង សង្កែ ” និងស្ថិត នៅ  ភូមិ ព្រែក តាច្រែង  ឃុំព្រែកនរិន្ទ  ស្រុក ឯក ភ្នំ  ដែល បច្ចុប្បន្ននេះកិច្ចដំណើរ ការនៃការសាងសង់សម្រេចបានប្រមាណ៩០% និងជិតរួចរាល់ជាស្ថាពរឆាប់ៗនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner