សមត្ថកិច្ចខេត្តឧត្តរមានជ័យ ឃាត់ខ្លួនស្ត្រីថៅកែដឹកឈើដុះស្លែម្នាក់ តៃកុង និងព្រូរថយន្តពីរនាក់ទៀត បញ្ជូនទៅតុលាការ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យស្រី ប្រុស ៣នាក់ ម្នាក់ជាមេឈ្មួញ និងពីរនាក់ទៀត ជាតៃកុង និងព្រូរថយន្តស៊ីឈ្នួលដឹកឈើ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបឃាត់ខ្លួន និងរឹបអូសរថយន្តដឹកឈើធុនធំ ១គ្រឿង បញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ ។ ការឃាត់ខ្លួនជនសង្ស័ស្រី ប្រុសទាំង ៣នាក់នោះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ តុលា ឆ្នាំ២០២១ នៅចំណុចអូរលុង ស្ថិតនៅក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលរងការបង្ក្រាបនោះ ប្រភេទ HINO ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A-១១៥៤ ។ តែកាតគ្រីរថយន្ត ពាក់ស្លាក់លេខស្វាយរៀង ៣A-០៨៥៤ ដោយពិនិត្យឃើញខុសប្រក្រតី សមត្ថកិច្ចបានរាយការជូន ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តឧត្តរមានជ័យ លោក ទូច ភក្តី ដើម្បីឃាត់ខ្លួនស្រ្តីជាឈ្មួញឈើម្នាក់ ឈ្មោះ ឆន សារ៉េន ហៅ អ៊ីកុក អាយុ ៤១ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តៃកុងម្នាក់ និងព្រូរថយន្តម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ។

សមត្ថកិច្ចបាននិយាយថា ស្ត្រីសង្ស័យមេឈ្មួញឈើ ឆន សារ៉េន ហៅ អ៊ីកុក ត្រូវគេដឹងថា គឺជាឈ្មួញដឹកឈើជាយូរឆ្នាំមកហើយ ក្រោមការប្រើរូបភាពទិញឈើថ្មីដំដែកគោលត្រាំទឹក រួចដឹកជញ្ជូនបង្កប់ក្រោមឈើផ្ទះចាស់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែពេលនេះត្រូវអស់ល័ក្ខ ដោយសមត្ថកិច្ចបានឃាត់ខ្លួន ជាមួយនឹងការរកឃើញភាគច្រើន គឺជាឈើអារថ្មីៗ ព្រមទាំងប្រើប្រាស់ស្លាកលេខ រថយន្តក្លែងបន្លំ ថែមទៀតផង។

សមត្ថកិច្ចបាននិយាយទៀតថា ព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ លោក ទូច ភក្តី បានបញ្ជាឲ្យឃាត់ខ្លួនស្ត្រីមេឈ្មួញ ព្រូនិងតៃកុងរថយន្ត និងរថយន្តដឹកឈើ ១គ្រឿង បញ្ជូនយកទៅកាន់ស្នាក់ការអាវុធហត្ថលេខ ២០២ ប្រចាំទិសអូរកូនតឹង នៅជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ទាំងយប់ គឺនៅយប់ថ្ងៃទី២២ តុលា ឆ្នាំ២០២១ ។ លុះនៅព្រឹកថ្ងៃទី២៣ តុលា ២០២១ កម្លាំងអាវុធហត្ថ បានប្រគល់ជនសង្ស័យទាំង ៣នាក់ ទៅឲ្យអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ។ ចំណែក រថយន្តដឹកឈើ ១គ្រឿង ប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអន្លង់វែង។ សមត្ថកិច្ចបានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤តុលានេះ ស្ត្រីមេឈ្មួញ និងគូកនពីរនាក់ទៀត ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមច្បាប់ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner