ក្រោយអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន និងការវិលមកកាន់អំណាចវិញរបស់ក្រុមតាលីបង់បាន២ខែ រុស្ស៊ីចាប់ផ្ដើមពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់អាស៊ីកណ្ដាល

អត្ថបទដោយ៖
AMS OneMinute

រុស្ស៊ី និងចិនក្លាយជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ស្របពេលដែលរុស្ស៊ីព្យាយាមរារាំងកិច្ចខិតខំរបស់រដ្ឋបាលលោក Joe Biden ក្នុងការបង្កើតវត្តមានយោធាអាមេរិកនៅតំបន់នេះ។ ទីក្រុងមូស្គូគឺនៅតែជាអ្នកផ្ដល់សេវាសន្តិសុខចម្បងសម្រាប់តំបន់អាស៊ីកណ្ដាល ហើយរុស្ស៊ីគឺជាអ្នកនាំចេញអាវុធធំជាងគេទៅតំបន់នេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមតាលីបង់បានប្ដេជ្ញាថាខ្លួននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ដើម្បីរៀបចំការវាយប្រហារប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ។

អ្នកវិភាគមួយចំនួនថា គ្មានការធានាថាតាលីបង់នឹងទទួលជោគជ័យក្នុងការរារាំងក្រុមឧទ្ទាមអាស៊ីកណ្ដាលមួយចំនួនឡើយ។ រុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងថាក្រុមភេរវកម្ម ISIS-K នឹងព្យាយាមធ្វើដំណើរឆ្លងកាត់ព្រំដែនដោយបន្លំខ្លួនជាជនភៀសខ្លួន ដើម្បីជ្រៀតជ្រែកចូលអាស៊ីកណ្ដាល ដើម្បីបង្កសង្គ្រាមសាសនា។

ការពង្រឹងសន្តិសុខនៅអាស៊ីកណ្ដាល ក៏បានក្លាយជាអាទិភាពចម្បងមួយរបស់រុស្ស៊ី។ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលជាសម្ព័ន្ធភាពសន្តិសុខដឹកនាំដោយរុស្ស៊ី បានយល់ព្រមបង្កើតកញ្ចប់ថវិការួមធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទាក់ទងនឹងវិស័យយោធា ហើយបង្កើតអង្គភាពរួមជាច្រើន។

នៅដើមខែសីហា ទាហានរុស្ស៊ី និងចិនជាង ១០ ០០០នាក់បានធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្មនៅតំបន់ស្វយ័ត Ningxia Hui របស់ចិន។ កាលពីខែមុន ប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធម្ដងទៀតនៅតំបន់ព្រំដែនរុស្ស៊ី និងកាហ្សាក់ស្ថាន។ ទីក្រុងមូស្គូ និងប៉េកាំងក៏បានស្វះស្វែងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងការទូតរបស់ពួកគេលើអាហ្វហ្កានីស្ថានដែរ។

អ្នកវិភាគមួយចំនួនបានលើកឡើងថា បើទោះបីជារុស្ស៊ី និងចិនត្រូវបានគេចាត់ទុកថាជាគូប្រជែងខាងសេដ្ឋកិច្ចនៅភូមិភាគអាស៊ីកណ្ដាលក៏ដោយ ក៏វិបត្តិនៅអាហ្វហ្គានីស្ថានបានបង្ខំឱ្យប្រទេសទាំងដាក់ការប្រកួតប្រជែងនៅក្នុងតំបន់មួយឡែក ហើយប្រមូលផ្ដុំគ្នាប្រឆាំងនឹងការគំរាមកំហែងរួម។

ប្រភព៖ SCMP

ads banner