សមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីជំនួប លើការឈ្វេងយល់ពីព្រះធម៌ព្រះពុទ្ធសាសនា មហាយានបែបផែនចិន

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិនមានរៀបចំកម្មវិធីជំនួបលើការឈ្វេងយល់ពីព្រះធម៌ព្រះពុទ្ធសាសនាមហាយានបែបផែនចិន។ ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានមានសង្ឃដីការថា ព្រះពុទ្ធសាសនាដែលមានអាយុកាលជាង២៥០០ឆ្នាំមកនេះ បានផ្តល់ជាគតិអប់រំ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម ដោយបានបន្ថែមបរិមាណធនធានមនុស្សប្រកបដោយសីលធម៌ គុណធម៌ និងរៀបចំបាននូវសណ្ឋាប់ធ្នាប់សង្គមប្រកបដោយគុណតម្លៃយ៉ាងធំធេង។

ដោយឡែក នៅកម្ពុជា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយជាទីពឹងស្នាក់អាស្រ័យដល់មនុស្សជាតិទូទៅ លើសពីនេះ ព្រះពុទ្ធសាសនាបានជួយដល់ការអភិវឌ្ឍសង្គមជាតិ។ ដោយឡែកព្រះពុទ្ធសាសនាបែបផែនចិន ជាព្រះពុទ្ធសាសនានិកាយមហាយាន ដែលបាននិងកំពុងចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ ការផ្សព្វផ្សាយព្រះធម៌ និងការសិក្សាស្រាវជ្រាវពីទំនាក់ទំនងព្រះពុទ្ធសាសនារវាងកម្ពុជានិងចិនផងដែរ។

លោក អ៊ឹង ម៉េងហុង អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន និងជាចាងហ្វាងកាសែតជានហ្វា បានថ្លែងនូវការកោតសរសើរចំពោះបេសកកម្មការងាររបស់សមាគមពុទ្ធសាសនិកកម្ពុជា-ចិនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិតាមបែបផែនព្រះពុទ្ធសាសនា។ លោកក៏បានស្វាគមន៍នូវការចូលរួមផ្សព្វផ្សាយព្រះធម៌ពុទ្ធសាសនាតាមបែបផែនចិនដល់ប្រជាជនខ្មែរកាត់សែស្រឡាយចិន និងដល់អាណិកជនចិនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាក្រោមដំបូលសន្តិភាព នីតិរដ្ឋ និងលំហសេរីភាពពេញលេញនៅកម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាអគ្គលេខាធិការសមាគមពុទ្ធសាសនិកកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពសហប្រតិបត្តិការរវាងបណ្តាសង្គមស៊ីវិលទាំងអស់នៅកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងងរបស់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ លើសពីនេះ លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់សមាគមពុទ្ធសាសនិកកម្ពុជា-ចិនដែលបានចូលរួមឧបត្ថម្ភអង្ករជូនដល់សមាគមសម្ព័ន្ធខ្មែរចិននៅក្នុងការចូលរួមជួយដល់ប្រជាជនដែលកំពុងមានតម្រូវការស្បៀងផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner