មន្ត្រីអូស្ត្រាលីគ្រោងដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ឬដូសជំរុញក្នុងពេលឆាប់ៗនេះ

ស៊ីដនី៖ មន្ត្រីអូស្ត្រាលីមានគំរោងដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញនាពេលឆាប់ៗនេះ ក្នុងគោលបំណងទប់ស្កាត់ការផ្ទុះករណីឆ្លងឡើងវិញ ខណៈប្រជាជនរស់នៅក្នុងទីក្រុងធំៗចំនួនពីរ គឺទីក្រុងស៊ីដនី និងមែលប៊ន បានចាប់ផ្តើមរីករាយនឹងសេរីភាពកាន់តែច្រើន ក្រោយការបិទខ្ទប់អស់រយៈពេលជាច្រើនខែ។

បច្ចុប្បន្នមន្ត្រីអូស្រ្តាលីកំពុងផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញ ខណៈប្រជាជនពេញវ័យរបស់ប្រទេសអូស្ត្រាលីជិត ៧៥ភាគរយហើយបានទទួលការចាក់វ៉ាក់សាំងពេញលេញ រួចរាល់ ហើយប្រជាជនដែលមានអាយុលើសពី ១៦ឆ្នាំជិត ៨៧ភាគរយក៏បានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេរួចរាល់ហើយដែរ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយឯក ចន ហ្វ្រេវែន ប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់អូស្រ្តាលី បានប្រាប់សារព័ត៌មាន ABC ថា យើងគិតថា អ្វីដែលនឹងកើតឡើងនោះ គឺការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នឹងត្រូវធ្វើឡើងចាប់ពីរយៈពេល ៦ខែនៃការចាក់វ៉ាក់សាំងដូសទី ២ របស់អ្នក។

លោក ហ្វ្រេវែន បានគូសបញ្ជាក់ទៀតថា ការណែនាំពីក្រុមផ្តល់ប្រឹក្សាស្តីពីការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ គឺជិតមកដល់ហើយ និងថា បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ និងពិការ នឹងត្រូវបានផ្តល់ការចាក់ក្នុងដំណាក់កាលដំបូង៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner