ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីសំណាក់ មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជន នៃប្រទេសទាំងពីរ។

ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។ អនុវត្តតាមអាណត្តិ ផ្តល់ឱ្យដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានប្រកាសចាប់ផ្តើមការសិក្សារួម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ការសិក្សាបានបង្ហាញលទ្ធផលវិជ្ជមាន សម្រាប់ប្រទេសទាំងពីរ ដោយនឹងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ច នៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើក ការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុប ចំនួន ១២លើក មុននឹងឈានមកដល់ ការចុះហត្ថលេខានាពេលនេះ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត យ៉ាងមោះមុត របស់ភាគីទាំងពីរ ក្នុងការជំនះពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ដែលបង្កឡើងជំងឺ កូវីដ-១៩ រហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់នេះ។

កិច្ចព្រមព្រៀងនេះ មានចំនួន ១០ជំពូក មាន ១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន ៩ ដែលគ្របដណ្តប់លើ ពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមាន ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃ ភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែល លើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ។

លើសពីនេះទៀត កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញ នូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែម ការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP)។ ជាពិសេស កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CKFTA នេះ នឹងចូលជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹង ទៅវិញទៅមក តាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង នៃការផ្តល់សច្ចាប័ន ៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner