ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា នឹងផ្តល់ថវិកាបន្ថែម ២០០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេស ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី៩ ដែលប្រទេសព្រុយណេដារ៉ូសាឡាម ជាម្ចាស់ផ្ទះតាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្ដម កៅគឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា នឹងផ្តល់ថវិកាបន្ថែម២០០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេស ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ។ លើសពីនេះទៀត សហរដ្ឋអាមេរិក និងអាស៊ានក៏បានជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យឌីជីថល ដូចជាសន្តិសុខ មិនប្រពៃណី ជាពិសេសធ្វើយ៉ាងណាឲ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាពនិងសន្តិសុខ។ នៅឆ្នាំក្រោយសហរដ្ឋអាមេរិក និងអាស៊ាន នឹងប្រារព្ធ ខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ ។

នៅកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើននិងសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន សហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ទីមួយពាក់ព័ន្ធនឹងកូវីដ១៩ ដែលអាមេរិកបានផ្តល់ការគាំទ្រជាច្រើន ទាំងក្របខ័ណ្ឌទ្វេភាគីដែលបានជួយមកដល់អាស៊ានផងនិងដល់ សមាជិកអាស៊ាននីមួយនីមួយផងដែរ។

លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ាន បានវាយតម្លៃខ្ពស់ ពីការគាំទ្ររបស់អាមេរិកចំពោះការកសាងសហគមន៍អាស៊ាន ការសមាហរណកម្មអាស៊ានជាពិសេសគឺ ការប្រយុទ្ធប្រឆាំងកូវីដ១៩ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្មនិងវិនិយោគផងដែរ។ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរ មតិយោបល់ជុំវិញសភាពការណ៍នៅមីយ៉ាន់ម៉ានិងសមុទ្រចិនខាងត្បូង ។

ប្រធានាធិបតីអាមេរិក ឯកឧត្តម ចូ បៃដិន បានលើកឡើងថា អ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺមានទំនាក់ទំនងមួយដែលរឹងមាំ ហើយជាពិសេសទៀតគឺសហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តខ្ពស់ បន្តការគាំទ្រដល់អាស៊ាន នឹងបន្តកិច្ចសហការលើវិស័យជាច្រើន ក្នុងនោះកន្លងមកអាមេរិកបានផ្តល់នូវជំនួយជាងសែសិបលានដូស នៃវ៉ាក់សាំងមកកាន់តំបន់អាស៊ានហើយមិនត្រឹមតែប៉ុណ្ណោះទេគឺបានផ្តល់នូវជំនួយជាងពីររយលានដុល្លារ ដែលជាជំនួយពាក់ព័ន្ធ និងការងារសង្គ្រោះបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩។

មួយវិញទៀត ប្រធានាធិបតីអាមេរិក បានប្រកាសថា ជាគោលដៅអាមេរិក បានបែងចែកនឹងចូលរួមចំណែក នូវវ៉ាក់សាំងចំនួនមួយពាន់លានដូសនៅពេលខាងមុខនេះ ដែលកន្លងមក អាមេរិក បានប្រកាសតាំងពីខែ៨ ឆ្នាំ២០២១ បើកការិយាល័យ នៃមជ្ឈមណ្ឌល ស៊ីឌីស៊ី នៅទីក្រុងហាណូយ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងពិនិត្យជំងឺឆ្លងនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានចាត់ទុកថា អាស៊ានគឺដើរតួនាទីជាស្នូលនៅក្នុងតំបន់មិនត្រឹមតែសេដ្ឋកិច្ចទីផ្សារ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់តែម្តង ហើយលោកសង្ឃឹមថា អាស៊ាននឹងចូលរួមចំណែកជាមួយនឹងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមប្រធានាធិបតីអាមេរិក ក៏បានលើកផងដែរអំពី ការសម្របសម្រួលធនធានរបស់អាស៊ាន ជាពិសេសទៅលើកិច្ចសហការផ្នែកសន្តិសុខ ។

នេះជាលើកដំបូងហើយដែលប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ហើយមេដឹកនាំអាស៊ានទាំងអស់ រួមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនេះ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner