ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យអាមេរិក-អាស៊ាន បន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាន គោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព

ភ្នំពេញ៖ ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ាប៉ុណ្ណោះ មិនមានតំណាងចូលរួមនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។

សម្តេចតេជោ បានស្នើអាមេរិក និងអាស៊ាន យកចិត្តទុកដាក់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មយយចំនួនមានដូចជា វិស័យសុខាភិបាល, ឌីជីថល, ដឹកជញ្ជូន, ថាមពល, បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ, ការពង្រឹង និង លើកកម្ពស់តួនាទីស្ត្រី។ ថ្លែងក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្ដៅជូនចំពោះវត្តមាន ឯកឧត្តម ចូ បៃដិន សម្រាប់ការចូលរួមជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះ។

ក្នុងសុន្ទរកថាជាកិច្ចអន្តរាគមន៍នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ក៏បានលើកឡើងដែរថា វិបត្តិសកលនៃជំងឺកូវីដ១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់នៃការរួបរួមសាមគ្គីគ្នា, កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍, ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្តើមរៀបចំ «សេចក្តីព្រាងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅ ចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនសកលលោក។ សម្តេច ក៏បានឆ្លៀតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក សម្រាប់ការផ្ដល់អំណោយជាវ៉ាក់សាំង, សម្ភារៈបរិក្ខាពេទ្យ និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជា។

សម្តេចតេជោ បានស្នើសហរដ្ឋអាមេរិកបន្តផ្តល់ការគាំទ្រចាំបាច់នានាដល់អាស៊ាន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ភាពជាដៃគូវាងអាស៊ាន-សហរដ្ឋអាមេរិក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន-សហរដ្ឋអាមេរិក ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគាំទ្រការដាក់ចេញនូវសេចក្តីប្រកាសរួមអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍឌីជីថល និងការជំរុញអនុវត្តឱ្យ បានលទ្ធផលល្អប្រសើរនូវផែនការសកម្មភាព ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ ២០២១-២០២៥។ សម្តេចបន្តថា កម្ពុជា លើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US ABC) សហការជិតស្និទ្ធ ជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងរំហូរនៃការវិនិយោគ មកក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែច្រើន។ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួល ផ្នែកពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-US TIFA)។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហរដ្ឋអាមេរិក បន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ជាពិសេសតាមរយៈក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner