មេដឹកនាំអាស៊ាន ស្វាគមន៍ជប៉ុន ដែលផ្ដល់ជំនួយ និងវ៉ាក់សាំងជាបន្តបន្ទាប់មកប្រទេសសមាជិកអាស៊ាន រួមទាំងវិភាគទានថវិកា ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជម្ងឺកើតថ្មី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានប្រកាសស្វាគមន៍រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយ និងវ៉ាក់សាំងជាបន្តបន្ទាប់ មកប្រទេសសមាជិកអាស៊ាន រួមទាំងវិភាគទានថវិកា ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជម្ងឺកើតថ្មី រួមនឹងជំនួយជាកម្ចីពីជប៉ុន ២៥០ពាន់លានដុល្លារ តាមរយៈការគាំទ្រ និងការឆ្លើយតបទៅនឹងគ្រោះមន្តរាយពាក់ព័ន្ធនឹងកូវិដ-19 ។

ការប្រកាសស្វាគមន៍របស់មេដឹកនាំអាស៊ាននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយមានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខរដ្ឋាភិបាលអាស៊ានដទៃទៀត បានអញ្ជើញចូលរួម លើកលែងតែសហភាពមីយ៉ាន់ប៉ុណ្ណោះ ខណៈប្រទេសព្រុយណេដារ៉ូសាឡាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម ហ្វូមិអុ គីហ្ស៉ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុនផងដែរ ។

នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានធ្វើការកត់សម្គាល់លើឯកសារចំនួន២ ទី១-របាយការណ៍វឌ្ឍនភាពស្ដីពីវត្តការអនុវត្តការកែសំរួលការអនុវត្តសេចក្ដីប្រកាសចក្ខុវិស័យស្ដីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន, ឯកសារទី២-របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តសេចក្ដីប្រកាសរួម ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន លើចក្ខុវិស័យអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។

ឆ្នាំនេះ ជប៉ុន ជាដៃគូសន្ទនារបស់អាស៊ានមានរយៈពេល ៤៨ឆ្នាំហើយ។ តាមសំណើរបស់ជប៉ុន ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានឯកភាពឲ្យមានកិច្ចប្រជុំកំពូលពិសេសនៅក្នុងប្រទេសជប៉ុន នាឆ្នាំ២០២៣ ដែលត្រូវនឹងខួបទី៥០ឆ្នាំ នៃការបង្កើតភាពជាដៃគូរវាងអាស៊ាន-ជប៉ុននេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋាភិបាលអាស៊ានដទៃទៀត ក៏គាំទ្រឲ្យមានកិច្ចប្រជុំនេះដែរ។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធនឹងវ៉ាក់សាំងមកអាស៊ានផង មកប្រទេសសមាជិកនៃតំបន់អាស៊ានផង រួមទាំងវិភាគទាន ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជម្ងឺកើតថ្មី ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍នូវជំនួយជាកម្ចីពីជប៉ុន ២៥០ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបទៅនឹងគ្រោះមន្តរាយពាក់ព័ន្ធនឹងកូវិដ-19 នេះ។

សូមជម្រាបថា កន្លងមក ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ផងដែរ ចំពោះជំនួយឥតសំណងចំនួន ២០០លានដុល្លារដែលជប៉ុន បានប្រកាសជួយតាមរយៈការផ្ដល់បរិក្ខារពេទ្យ ហើយក៏ស្វាគមន៍ផងដែរចំពោះការជួយផ្នែកវិស័យបច្ចេកទេស ដល់បណ្ដាប្រទេសអាស៊ាន។

ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ និងស្នើឲ្យជប៉ុន បន្តជួយការកសាងសហគមន៍អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេនៅឆ្នាំ២០២៥ និងជួយជាបន្តបន្ទាប់ទៀតនូវការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសសម្រាប់ផែនការការងារគំនិតផ្ដួចផ្ដើមសមារណកម្មអាស៊ាន លើកទី៤នេះ ហើយនឹងឲ្យជប៉ុនចូលរួមចំណែកនៅក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ហើយជាពិសេស គាំទ្រការអភិវឌ្ឍនៅតំបន់មេគង្គ។ មិនត្រឹមតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានពេញចិត្តជាពិសេសចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ានជប៉ុននេះ។

ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើសុំឲ្យបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុននេះ ឲ្យកាន់តែស៊ីជម្រៅ ឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល វិស័យសេដ្ឋកិច្ច វិស័យសង្គម វប្បធម៌ វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត ។

នៅក្នុងទីប្រជុំនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសការគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់នេះ ហើយជប៉ុន បន្តគាំទ្រគម្រោងទាំងឡាយផ្សេងទៀត។ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសផងដែរថា ការងារទាំងអស់នេះ លោកនឹងខិតខំជំរុញ ព្រោះនាពេលកន្លងមក កាលលោកនៅធ្វើជារដ្ឋមន្ត្រីការបរទេស លោកបានធ្វើទស្សនកិច្ចនៅបណ្ដាប្រទេសអាស៊ានទាំងអស់។

ប្រមុខរដ្ឋាភិបាលអាស៊ាន និងជប៉ុន ក៏បានផ្លាស់ប្ដូរមតិយោបល់ជំវិញបញ្ហាតំបន់ ក្នុងនោះក៏មានបញ្ហាសមុទ្រចិនខាងត្បូង សភាពការណ៍នៅមីយ៉ាន់ម៉ា និងសភាពការណ៍នៅឧបទ្វីបកូរ៉េជាដើម៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner