ឯកឧត្តម សាយ សំអាល់ ជួបឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាជំហរ និងការចូលរួមរបស់កម្ពុជា នៅក្នុងសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26)

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានទទួលជួបលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាជំហរ និងការចូលរួមរបស់កម្ពុជា នៅក្នុងសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស។

នៅក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរាជទូត បានចូលរួមអបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ដែលជាមូលដ្ឋានដ៏សំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកលនេះ។

បន្ថែមលើការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភពថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាមានជំហរជាក់ស្តែងចូលរួមជាមួយ ដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៊ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក៕ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner