សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អូស្ត្រាលី

ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីការរៀបចំជាប្រវត្តិសាស្ត្រនូវកិច្ចប្រជុំកំពូលអាស៊ាន- អូស្ត្រាលី ប្រចាំឆ្នាំលើកទីមួយ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី។ ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានសាទរចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់អូស្ត្រាលី ក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់រស់ឡើងវិញ ជាពិសេសតាមរយៈការដាក់ចេញនូវភាពជាដៃគូសម្រាប់យុទ្ធសាស្ត្រស្តារឡើងវិញជាមួយអាស៊ាន ដែលជាដៃគូមួយដ៏សំខាន់។ សម្តេចតេជោ បានលើកទឹកចិត្តអូស្ត្រាលីឱ្យគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសមាហរណកម្មក្នុងតំបន់ តាមរយៈផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤។ ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអូស្ត្រាលីជួយបន្ថែមទៀតដល់ការពង្រឹងវិស័យអាទិភាពមួយចំនួន ដូចជា បច្ចេកវិទ្យាឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងការអប់រំ ជាពិសេសការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ស្ត្រី និងពលករចំណាកស្រុកដែលបានវិលត្រឡប់វិញ ដើម្បីពួកគេអាចស្វែងរកការងារថ្មីបានធ្វើ និងមានជីវភាពកាន់តែល្អប្រសើរជាងមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរបន្ថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងអំណាចសេដ្ឋកិច្ចស្ត្រី និងរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ព្រមទាំងបានសម្តែងនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀតដល់វិស័យសំខាន់ៗទាំងនេះ។

កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវសមិទ្ធផលប្រកបដោយអត្ថន័យនានា ដែលសម្រេចបានក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានទទួលស្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ អាចនឹងជួយបើកទំព័រថ្មីនៃភាពជាដៃគូ ព្រមទាំងអាចជួយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០-២០២៤)។ ថ្នាក់ដឹកនាំអាស៊ានបានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរវាងអាស៊ាន និងអូស្រ្តាលី ដែលពោរពេញដោយអត្ថន័យ សំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះមានប្រសិទ្ធភាព។

កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) និងបានប្តេជ្ញាចិត្តដើម្បីធានាថា តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) នឹងនៅតែជាតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយដែលគ្រប់ជ្រុងជ្រោយបំផុត និងមានគុណភាពខ្ពស់។ កិច្ចប្រជុំបានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីកាច់ចង្កូតពាណិជ្ជកម្ម តំបន់ និងជំរុញការស្តារឡើងវិញ។ ថ្នាក់ដឹកនាំអាស៊ានបានសម្តែងនូវការកោតសរសើរដល់ការគាំទ្ររបស់អូស្ត្រាលី ចំពោះវិធានការ និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ រួមមាន តាមរយៈការផ្តល់មូលនិធិចំនួន ៥២៣,២ លានដុល្លារអូស្រ្តាលី សម្រាប់គំនិតផ្តួចផ្តើមការទទួលបានវ៉ាក់សាំង និងសន្តិសុខសុខភាព។ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលី ក្នុងការផ្តល់ទឹកប្រាក់ជាង១២០លានដុល្លារអូស្ត្រាលី ដល់គំនិតផ្តួចផ្តើមនានានៅពេលអនាគតរបស់អាស៊ាន ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដែលបានប្រកាសដោយ ឯកឧត្តម ស្កុត ម៉ារីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី ។


ថ្នាក់ដឹកនាំបានឯកភាពគ្នាក្នុងការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានា ដែលគាំទ្រដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សក្រោយពីជំងឺរាតត្បាត ដូចជា ការកែលម្អលទ្ធភាពសុខភាពសាធារណៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអះអាងជាថ្មីដល់មេដឹកនាំអាស៊ាន នូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ចំពោះមជ្ឈភាពអាស៊ាន សន្តិភាពនិងសន្តិសុខតំបន់ រួមមានតាមរយៈការគាំទ្រដល់ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ។ ថ្នាក់ដឹកនាំបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើការវិវឌ្ឍថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ រួមមាន សម្ព័ន្ធភាពសន្តិសុខត្រីភាគីអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក (AUKUS) សារៈសំខាន់នៃការថែរក្សាសន្តិភាព និងសន្តិសុខនៅសមុទ្រចិនខាងត្បូង និងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner