ប្រធាន គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ

ភ្នំពេញៈឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមប្រញាប់រួសរាន់ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែតម្រូវទិន្នន័យ ប្រសិនបើមានកំហុសឆ្គង ហើយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ឬប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ ឬដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់ឯកឧត្តមប្រធានដូចនេះ គឺស្របពេលដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅសល់ត្រឹមតែ៣៤ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ សង្កាត់គោកឃ្លាង សង្កាត់គ្រាំងធ្នង់ សង្កាត់គោករកា សង្កាត់បាក់ខែង និងសង្កាត់ជ្រោយចង្វារនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

ការចុះពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរបស់ប្រធាន គ.ជ.ប ធ្វើឡើងក្នុងគោលបំណងល្វងយល់ពីស្ថានភាពជាក់ស្តែង ក៏ដូចជាបញ្ហាប្រឈមនានាក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ បានជួបប្រទះ (ជាពិសេសប្រជាពលរដ្ឋដែលមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។

នាឱកាសនោះដែរ ឯកឧត្តមប្រធាន គ.ជ.ប បានធ្វើការណែនាំដល់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុម ប្រឹក្សាឃុំសង្កាត់ ថា ក.ច.ប និង កបឃស ជាតំណាងរបស់ គ.ជ.ប ក្នុងការអនុវត្តការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូច្នេះត្រូវមានឆន្ទៈមោះមុតក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានារបស់ គ.ជ.ប ធ្វើយ៉ាងណាឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ធានាបាននូវបញ្ជីបោះឆ្នោតដែលមានភាពត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព។

ឯកឧត្តមប្រធាន ក៏បានសួរសុខទុក្ខ និងក្រើនរំលឹកដល់ កច.ប និង កបឃ.ស ត្រូវធ្វើយ៉ាងណា ធានា សុវត្ថិភាពសម្រាប់ខ្លួនឯង និងប្រជាពលរដ្ឋដែលអញ្ជើញមកចុះឈ្មោះបោះឆ្នោតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner