សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ បន្តផ្តល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី ដែលរួមមាន ប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ លើកទី២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បន្តផ្តល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់ ជាអាទិ៍ ៖ ១.ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន(ACPHEED)។ ២. ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ(RRMS)។ ៣. ក្របខណ្ឌនៃការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន (ATCAF) និង ៤. ក្របខណ្ឌ នៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមស្នើប្រទេសអាស៊ានបូកបី បន្តលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពអាស៊ានបូកបី ស្ដីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និងកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០២១-២០២២ »។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា ស្នើសុំឱ្យការរៀបចំផែនការឆ្នាំ ២០២៣-២០២៧ ផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ៖ (១). សន្តិសុខផ្នែកសុខភាពសាធារណៈ (២). ការលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និង មធ្យម (MSMEs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល (៣). ផលិតកម្មកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង (៤). ការប្រើប្រាស់ថាមពលដោយចីរភាព។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព ។ ជាក់ស្តែង ទោះបីជាស្ថិតនៅក្នុងបរិការណ៍នៃការបន្តរីករាលដាលជំងឺកូវីដ-១៩, តំបន់អាស៊ានបូកបីនៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចតំបន់ និងសកល៕ ដោយ វណ្ណលុក