សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំមកនេះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រវាងប្រទេសទំាងពីរ បានជំរុញនិងលើកកម្ពស់ មានការវិវឌ្ឍរីកចម្រើន។

សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាមេរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។

ឯកឧត្តម Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសមួយដែលចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ អាមេរិកបានផ្តល់វ៉ាក់សំាងJohnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេស វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

ជាចុងបញ្ចប់ សម្តេចបានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តផ្តល់អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner