សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំពាក់ព័ន្ធ និងពិធីទទួល តំណែងប្រធានអាស៊ាន

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដ៏មមាញឹករយៈពេល៣ថ្ងៃ ដែលព្រុយណេធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលញញួរធ្វើជាប្រធានអាស៊ាននៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ ភ្លាមៗក្រោយពីទទួលបានញញួរប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេច គឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ាននេះរហូតដល់ទៅ៣ដង។ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រសម្តេចក្នុងការដឹកនាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំ ក្នុង ការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន»។

នេះជាការទទួលភារកិច្ចលើកទី៣ហើយ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលតំបន់ និងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់ នេះ បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ទទួលភារកិច្ចជាម្ចាស់ផ្ទះនៅលើកទី១ ក្នុងឆ្នាំ២០០២ និង លើកទី២ ក្នុងឆ្នាំ២០១២។ ជាមួយការទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចកំពូលដ៏មានសារសំខាន់នេះ សម្តេចតេជោ បានថ្លែងថា ក្នុងនាម ប្រជាជន និងជារាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ ២០២២នេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈាន ទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T. Addressing challenges Together)] ដើម្បីភាពសុខដុមរមនា, សន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងមូល»។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការងារអាទិភាពចំនួន៣ ដែលកម្ពុជានឹងយកចិត្តទុកដាក់ជាអាទិភាព ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ រួមមាន៖ សសរស្តម្ភនយោបាយ និងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner