សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសំណើរបស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា»

ភ្នំពេញៈកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះសំណើរបស់ប្រទេសឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ សម្ដេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានសម្តែងនូវការគាំទ្រចំពោះការអនុម័តសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP)។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម និងការស្តារសេដ្ឋកិច្ចឡើងវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ អាស៊ាន-ឥណ្ឌា (AITIGA) កាន់តែមានលក្ខណៈសាមញ្ញ និងបើកចំហ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះវិភាគទានរបស់ឥណ្ឌា ជាថវិកាចំនួន១លានដុល្លារអាមេរិក ដល់មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យឥណ្ឌាគាំទ្រដល់សមាហរណកម្មតំបន់អាស៊ាន និងការអនុវត្តនូវផែនការការងារនៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន(IAI) ដំណាក់កាលទី៤ (២០២១-២០២៥) ដោយផ្តោតទៅលើការតភ្ជាប់ និងការអប់រំឌីជីថល។

កិច្ចប្រជុំកំពូលបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលប្រកបដោយថាមពល និងពហុវិស័យ និងបានទន្ទឹងរង់ចាំដល់ការរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅឆ្នាំ២០២២ រួមមាន ការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា»។ កិច្ចប្រជុំកំពូលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃពហុភាគីនិយម តំបន់និយម និងការប្រកាន់ខ្ជាប់ ចំពោះច្បាប់អន្តរជាតិ នៅក្នុងការរួមចំណែកទៅដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំបានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលជាមគ្គទេសន៍សម្រាប់ការធ្វើទំនាក់ទំនងរបស់អាស៊ាន នៅក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ ព្រមទាំងបានស្វាគមន៍ចំពោះកាលានុវត្តភាពនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយឥណ្ឌានៅក្នុងវិស័យទាំង៤ ដែលមានចែងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

កិច្ចប្រជុំកំពូលបានសម្តែងនូវការគាំទ្រចំពោះតួនាទីដ៏សកម្មរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា (AIBC) ក្នុងការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងក្នុងការផ្តល់ឱកាសដល់យុវជនអាស៊ានអាចមានលទ្ធភាពធ្វើកម្មសិក្សា និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនៅក្រុមហ៊ុនរបស់ឥណ្ឌាដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ជាពិសេស នៅក្នុងបរិបទការប្រែប្រួលឌីជីថល។ ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ តភ្ជាប់អាស៊ាន-ឥណ្ឌា ក៏ដូចជាការរិះរកការបន្ស៊ីគ្នារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងយុទ្ធសាស្ត្រតភ្ជាប់របស់ឥណ្ឌាក្រោមគោលនយោបាយឆ្ពោះទៅទិសខាងកើត។ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ដើម្បីបង្កើនកិច្ចសហការដោះស្រាយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងការពន្លឿនដំណើរការស្តារ ឡើងវិញក្រោយជំងឺរាតត្បាត សម្រាប់ទាំងអាស៊ាន និងឥណ្ឌា។ មេដឹកនាំអាស៊ាន និងឥណ្ឌា ក៏បានយល់ស្របគ្នា ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមអ៊ីនធើណិត ព្រមទាំងលើកទឹកចិត្តឱ្យមានសកម្មភាពរួមគ្នាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner