សម្ដេចក្រឡាហោម ស ខេង និងភាគីវៀតណាមលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនស្វែងរកដំណោះស្រាយចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់

ភ្នំពេញៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។ ភាគីទាំងពីរលើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនឱ្យបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍ វិស័យអប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងជំរុញសកម្មភាពទេសចរណ៍និងកីឡា និងបន្តជួយឧបត្ថម្ភ គ្នាទៅវិញទៅមករវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។

ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈ«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗ ដូចជា លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងរវាងខេត្តជាប់ព្រំដែន តាមរយៈការរៀបចំឱ្យមានជំនួបប្រាស្រ័យ សន្ទនាតាមទូរស័ព្ទ ពិគ្រោះពិភាក្សាតាមប្រព័ន្ធវីដេអូ ដោយបានលើកទឹកចិត្តបង្កើនការវិនិយោគ បន្តឧបត្ថម្ភគាំទ្រដល់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈម និងសំណូមពរចាំបាច់ជាក់ស្ដែងនានា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះ ក៏បានអបអរសាទរការប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឺនណាម ក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែង និងខេត្តតៃនីញ និងបានឯកភាពរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារអន្តរជាតិនេះជាមួយនឹងបណ្តាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៅប្រទេសនីមួយៗ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ការទិញលក់អគ្គិសនី ការប្រើប្រាស់ទឹក និងការផ្ដល់សេវាសុខាភិបាល។ ភាគីទាំងពីរក៏ឯកភាពដំណើរការអនុវត្តឱ្យមានប្រសិទ្ធភាព «កិច្ចព្រមព្រៀងស្ដីពីវិស័យចត្តាឡីស័កសុខាភិបាលព្រំដែន» ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៦ និងបន្តជំរុញរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនានា ចូលទៅក្នុងសហគមន៍ភាគីម្ខាងទៀត។

ភាគីទាំងពីរក៏បានអបអរសាទរពិធីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ហើយបានស្វាគមន៍ចំពោះពិធីផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ព្រមទាំងលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបានចាប់ពីកិច្ចប្រជុំលើកទី១០ រហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២២។ កាលបរិច្ឆេទ និងទីកន្លែងប្រជុំជាក់ស្ដែងនឹងត្រូវជូនដំណឹងតាមរយៈផ្លូវទូត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner