ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ផលិតកម្មស្បៀង

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ។ ជំនួបនេះមានកម្មវត្ថុ៤សំខាន់គឺ ៖  ទី១- ពិគ្រោះយោបល់លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងរួមបញ្ចូលផងដែរអំពីនិរន្តរភាព  នៃវិស័យកសិកម្ម។ ទី២- ការបង្កើត Mekong-Australia Centre ដែលមានតួនាទីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា​។ ទី៣- លទ្ធផលលើការវាយតម្លៃបញ្ចប់កម្មវិធីស្តីពី “ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី     ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program)” និងការប្រគល់ជូនមកក្រសួងនូវរាល់សម្ភារប្រើប្រាស់ដែលបានបម្រើឲ្យកម្មវិធី។ និងទី៤-សំណើរបស់កម្ពុជា ជូនទៅរដ្ឋាភិបាលអូស្រ្តាលីទាក់​ទង​កម្មវិធីទិដ្ឋាការសម្រាប់វិស័យកសិកម្ម (Australia Agriculture visa program)។

ឯកឧត្តម Pablo Chiho Kang បានអោយដឹងថា កម្មវិធី CAVAC បានរួមចំណែកជំរុញផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម ទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ជំងឺដំឡូងមី សត្វល្អិតចង្រៃ ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ បន្លែ ចិញ្ចឹមសត្វ និងដំណាំផ្សេងៗទៀត។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ផលិតកម្មស្បៀងស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់​។ ភ្ជាប់ទៅនឹងវិបត្តិកូវីដនេះ ឯកអគ្គរដ្ឋទូតបានជម្រាបជូនថា ប្រធានបទទី១ ទី២ និងទី៤ គឺជាកម្មវត្ថុសំខាន់ដែលរដ្ឋាភិបាលអូស្រ្តាលីបានគិតពិចារណា និងស្នើសុំធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាឲ្យកម្មវិធីជំនួយឧបត្ថម្ភជាបន្តបន្ទាប់របស់រដ្ឋាភិបាលអូស្រ្តាលីបានចូលរួមដោះស្រាយ នូវរាល់បញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជួប ព្រមទាំងផ្តល់ផលប្រយោជន៍ដោយត្រង់ទៅដល់ប្រជាកសិករដែលជាអ្នកទទួលរងនូវផលប៉ះពាល់។

តាមរយ:ឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមវេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូល រួម ចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម  តាមរយ:គម្រោងកម្មវិធីអភិវឌ្ឍ ការស្រាវជ្រាវ និងការ   បណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ពីប្រទេសអសន្តិសុខ ស្បៀង មកជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ និងឈានទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ចំពោះកម្មវត្ថុទាំង៤ ដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើង ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងថ្មី ហើយក្រសួងសន្យាថា នឹងរង់ចាំផ្តល់កិច្ចសហការគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ទាក់ទងនឹងទិដ្ឋាការកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើទៅឯកឧត្តមឯកអគ្គរដ្ឋទូតថា គួរផ្តល់អាទិភាពដល់និស្សិតតាមរយ:កម្មវិធីហាត់ការរយ:ពេលខ្លី ដូចដែលសាកលវិទ្យាល័យភូមិន្ទកសិកម្មសហការជាមួយប្រទេសអ៊ីស្រាអែល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner