ចិនព្រមានមន្ត្រីលីទុយអានី និងអឺរ៉ុប ពាក់ព័ន្ធទំនាក់ទំនងជាមួយតៃវ៉ាន់

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​លើកឡើង​ថា ចិន​ធ្វើ​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ទៅ​លើ​ គំនិត​របស់​អាជ្ញាធរ​កោះ​តៃវ៉ាន់​ក្នុង​ការ​បង្កើត «ចិន​ចំនួន​ពីរ» ឬ «ចិន​មួយ តៃវ៉ាន់​មួយ» នៅ​លើ​ពិភពលោក ហើយ​ក៏​ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​រវាង​ប្រទេស​ដែល​មាន​ទំនាក់ទំនង​នឹង​ចិន ជាមួយ​នឹង​អាជ្ញាធរ​​តៃវ៉ាន់។

ក្នុង​ឆ្នាំ២០២១​នេះ ប្រទេស​លីទុយអានី​បាន​ប្រកាស​ទទួល​ការិយាល័យ​តំណាង​ពី​កោះ​តៃវ៉ាន់ ហើយ​មិន​ត្រឹម​តែ​ដាក់​ឈ្មោះ​ ការិយាល័យ​តំណាង «ក្រុង​តៃប៉ិ» ដូច​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ទេ តែ​ដាក់​ឈ្មោះ​ថា​ជា ការិយាល័យ​តំណាង «តៃវ៉ាន់» តែ​ម្ដង។ បន្ថែម​ពី​នេះ​ទៅ​ទៀត ខាង​លីទុយអានី​ក៏​គ្រោង​នឹង​បើក​ការិយាល័យ​តំណាង​នៅ​តៃវ៉ាន់​ផង​ដែរ។ ចិន​ឆ្លើយតប​វិញ​ដោយ​កោះ​ហៅ​ទូត​របស់​ខ្លួន​ពី​លីទុយអានី​មក​វិញ ហើយ​ក៏​អញ្ជើញ​ទូត​លីទុយអានី​ចេញ​ពី​ប៉េកាំង​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក Wang បាន​ឆ្លើយតប​ទៅ​វិញ​ថា៖ «យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លីទុយអានី​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​នយោបាយ​របស់​ខ្លួន​នៅ​ពេល​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ចិន និង​ចៀស​ឱ្យ​ផុត​ពី​កំហុស​ដែល​មិន​អាច​កែ​ត្រលប់​បាន​»។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​លិខិត​រួម​មួយ​ពី​សំណាក់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី Ursula Von Der Leyen ដែល​បាន​បញ្ជាក់​ប្រាប់​សមាជិក​សភា​អឺរ៉ុប​ថា លីទុយអានី​មិន​បាន​ធ្វើ​ផ្ទុយ​ពី​ គោលនយោបាយ​គាំទ្រ​ «គោលការណ៍​ចិន​តែ​មួយ» របស់​សហភាព​អឺរ៉ុប​ទេ។

ប្រមុខ​អឺរ៉ុប​ទាំង​ពីរ​រូប​នេះ​បាន​ចាត់​ទុក​ថា ចំណាត់​ការ​របស់​ចិន​ទៅ​លើ​លីទុយអានី​មាន​ភាព​ហួសហេតុ និង​មិន​សមាមាត្រ ហើយ​ក៏​បន្ត​ថា បើ​កាល​ណា​ទំនាក់ទំនង​រវាង​ចិន និង​លីទុយអានី​មាន​បញ្ហា​ នោះ​ទំនាក់ទំនង​អឺរ៉ុប​ ជាមួយ​ចិន​ក៏​មាន​បញ្ហា​ដែរ។

នៅ​ចំពោះ​មុខ​នឹង​រឿង​នេះ​ដែរ ខាង​ចិន​ក៏​បាន​ឆ្លើយតប​ទៅ​វិញ​ថា «ខាង​អឺរ៉ុប​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​មួយ​ត្រឹមត្រូវ និង​ចៀសវាង​បង្អាក់​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន»៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner