នាយករដ្ឋមន្ត្រីអង់គ្លេស៖ ឱកាសនៃភាពជោគជ័យពីកិច្ចប្រជុំកំពូលអាកាសធាតុ COP26 មានត្រឹមតែ៦/១០ប៉ុណ្ណេះ

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក ​បូរីស ចនសុន ​(Boris Johnson) ​​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍សប្ដាហ៌​មុន​​ថា​ លោក​​ប៉ាន់​ស្មាន​​​លទ្ធផល​ជោគ​ជ័យ​ចំពោះ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ COP26 ​ថា​មាន​ត្រឹម​តែ​ ៦/១០ ​ប៉ុណ្ណេះ​។​

ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​រូប​នេះ​​ធ្វើ​ឡើង​​​ក្នុង​ការ​ជួប​ជុំ​ជា​សកល​លើក​ដំបូង​នៅ​ទីក្រុង​រ៉ូម​របស់​ក្រុម​ប្រទេស​ G-២០​ តែ​ប្រមាណ​បួន​ថ្ងៃ​ក្រោយ​លោក​លើក​ឡើង​​កាល​ពី​សប្ដាហ៍​មុន​ថា​ កិច្ច​ប្រជុំ​កំពូល​អាកាស​ធាតុ​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​មិន​សូវ​មាន​ផ្លែផ្កា​​។​

​ចក្រភព​អង់គ្លេស​សង្ឃឹម​ថា​ កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ Glasgow ​ហើយ​បាន​ចាប់​ផ្តើមកាលពី​​ថ្ងៃ​ទី​ ៣១ ​ខែ​តុលានេះ​​ នឹង​អនុម័ត​ផែនការ​ដើម្បី​ជួយ​ឱ្យ​ខិត​ទៅ​ជិត​គោល​ដៅ​នៃ​ការ​កំណត់​ការ​កើន​ឡើងនៃ​​សីតុណ្ហភាព​សកល​ជា​មធ្យម​ត្រឹម​ ១,៥ ​អង្សាសេ​លើស​ពី​កម្រិត​មុន​បដិវត្តន៍​ឧស្សាហកម្ម​ និង​ដើម្បី​សម្រេច​បាន​នូវ​ការ​បំភាយ​កាបូន​​នៅ​កម្រិត​សូន្យ​ ឬ​អព្យាក្រឹត្យ​កាបូន​នៅ​ឆ្នាំ​ ២០៥០​។

​​លោក ​ចន​សុន​និយាយ​ថា​៖​ «​យើង​នឹង​មិន​បញ្ឈប់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ទេ​។​ យើង​ប្រាកដ​ជា​នឹង​មិន​អាច​បញ្ឈប់​វា​​ក្នុង​​កិច្ច​​ប្រជុំ​​កំពូល​ COP ​នៅ​សប្តាហ៍​ក្រោយ​នោះ​ទេ​។​ តែ​អ្វី​​ដែល​​យើង​​ត្រូវ​​​ធ្វើ​​គឺ​​ត្រូវ​​ប្រាកដ​​​ថា​ ​នៅ​​ក្នុង​​កិច្ច​​ប្រជុំ​​កំពូល​ COP ​នៅ​​សប្តាហ៍​​ក្រោយ​ ​មេ​ដឹក​នាំ​​ពិភព​លោក​នឹង​​មក​​ជួប​​​ជុំ​​គ្នា​ ​និង​​ធ្វើ​​ការ​​ប្តេជ្ញា​​ចិត្ត​​ដែល​​ចាំ​បាច់​»​។​

​​ក្រុម​ប្រទេសអ​ភិវឌ្ឍ​ G-២០ ​ទទួល​ខុស​ត្រូវ​លើ​ការ​បំភាយ​កាបូន​ជា​សកល​ប្រមាណ​ ៨០​ ភាគ​រយ​ ហើយ​កិច្ច​ប្រជុំ​នា​ទី​ក្រុង​រ៉ូម​កាល​ពី​ចុង​សប្ដាហ៍​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ភាព​ជោគ​ជ័យ​នៃ​ COP26​ ដែល​ជា​​សន្និសីទ​​អាកាសធាតុ​​​ដ៏​​ធំ​​បំផុត​ចាប់​តាំង​ពី​កិច្ច​ប្រជុំ​កំពូល​ប៉ារីស​ឆ្នាំ​ ២០១៥ ក្នុងការប្ដេជ្ញាចិត្តពីប្រទេសនីមួយៗឱ្យសម្រេចបានគោលដៅ។

​ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner