លោកបៃដិនប្រាប់ប្រធានាធិបតីបារាំងថា អាមេរិកឆ្គាំឆ្គងក្នុងការដោះស្រាយកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ

ប្រធានាធិបតី​អាម៉េរិក​លោក ​ចូ បៃដិន ​(Joe Biden) ​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​​ថា​ រដ្ឋបាល​របស់​លោក​មាន​ការ​ឆ្គាំឆ្គង​ក្នុង​ការ​ដោះ​ស្រាយ​កិច្ច​ព្រម​ព្រៀង​​នាវា​មុជ​ទឹក​​នុយក្លេអ៊ែរ​របស់​ខ្លួន​​ដែល​ធ្វើឱ្យ​មាន​ការលុបចោល​កិច្ច​សន្យា​ការពារ​ជាតិរាប់​ពាន់​លាន​ដុល្លារ​​របស់​បារាំង​។

​ការអត្ថាធិប្បាយ​បែប​នេះ​​ធ្វើ​ឡើង​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​ទ្វេភាគី​​ដែល​មាន​​ការ​ចូល​រួម​ពី​សម​ភាគី​​​ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល​ ម៉ាក្រុង​ (Emmanuel Macron) ​នៅ​ទីក្រុង​រ៉ូម​មុន​កិច្ច​ប្រជុំ​ប្រទេស​ G-២០ ​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ដែល​បាក់​បែក​បន្ទាប់​ពី​មាន​ការ​ប្រេះឆា​លើ​កិច្ច​ព្រម​ព្រៀង​​ផ្តល់​នាវា​មុជ​ទឹក​ឱ្យ​​អូស្ត្រាលី​។​

​លោក​បៃដិន​និយាយ​​​ថា​ លោក​មិន​ច្បាស់​នោះ​ទេ​ថា​ ប្រទេស​បារាំង​ត្រូវ​បាន​ជូន​ដំណឹង​​អំពី​ចេតនា​របស់​អូស្ត្រាលី​ក្នុង​ការ​លុប​ចោល​កិច្ច​សន្យា​តម្លៃ​ ៩០ ប៊ីលាន​ដុល្លារ​ជាមួយ​ក្រុម​កង​នាវា​ចរ​បារាំង ​មុន​ពេល​កិច្ច​ព្រម​ព្រៀង​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ AUKUS ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នោះ​ទេ​។​

យ៉ាង​ណា​មិញ​ លោក​ Scott Morrison ​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​និយាយ​ក្នុង​កិច្ច​ប្រជុំ​G-២០​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ទាស់​ពី​​ការ​​អះអាង​​របស់​​លោក​បៃដិន​​ថា​ ប្រទេស​អូស្ត្រាលី​​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ ដោយ​ការ​លុប​ចោល​កិច្ច​សន្យា​នាវា​មុជ​ទឹក​របស់​បារាំង​ ទោះ​បី​ជា​វា​ធ្វើ​ឱ្យ​​បារាំង​ខឹង​សម្បារ​ក្ដី​។​ ​លោក​ថា​ លោក​តែង​តែ​ជូន​ដំណឹង​ចុង​ក្រោយ​ៗ​ដល់​​រដ្ឋបាល​បៃដិន​ពី​ស្ថានភាព​នៃ​ការ​សន្ទនា​ និង​ការ​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​បារាំង​។​

​​កាល​ពី​ខែ​មុន​ សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​អូស្ត្រាលី​បាន​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​ថ្មី​ដែល​រួម​មាន​ការ​ផ្តល់​ជំនួយ​ដើម្បី​ជួយ​អូស្ត្រាលី​ក្នុង​ការ​អភិវឌ្ឍ​ន៍​នាវា​មុជ​​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​  ជា​កិច្ច​ព្រម​ព្រៀង​ដែល​បារាំង​និយាយ​ថា​ ធ្វើ​ឡើង​ដោយ​ចាក់​ពី​ក្រោយ​ខ្នង​​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិច្ច​សន្យា​​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ដែល​មាន​ស្រាប់​រវាង​បារាំង​​ និង​​អូស្រ្តាលី​​។​

ភាព​ប្រេះឆាកើ​ន​ឡើង​ដល់​ចំណុច​ដ៏​កម្រ​ រហូត​ដល់​ប្រទេស​បារាំង​​កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​អាម៉េរិក​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ ហើយ​សូម្បី​តែ​លោក​បៃដិន​ក៏​​ភ្ញាក់​ផ្អើល​ចំពោះ​របៀប​ដែល​មន្ត្រី​បារាំង​ខឹង​សម្បារ​លើ​បញ្ហា​នេះ​ដែរ​។​ លោក​និយាយ​ថា​៖​ «​អ្វី​​ដែល​​យើង​​បាន​​​ធ្វើ​​គឺ​​ឆ្គាំ​ឆ្គង​»​។​​

​​​លោក​បៃដិន​​ហៅ​​​បារាំង​​ថា​ជា​​ដៃគូ​​ដ៏​​មាន​​តម្លៃ​​ និងមានអំណាចបំផុត​​មួយ​។​ លោក​បន្ថែម​ថា​៖​ «​​ពួក​យើងបា​ន​ធ្វើ​កិច្ច​ការ​ជាមួយ​គ្នា​​ ឈឺ​ចាប់​រួម​គ្នា​ អបអរ​រួម​គ្នា​ និងឱ្យ​តម្លៃ​ជាមួយ​គ្នា​ ដើម្បី​អ្វី​​អាច​ដោះ​ស្រាយបញ្ហាបាន​​។​​ ​អ្វី​ៗ​កំពុង​ផ្លាស់​ប្តូរ​។​ ​យើង​ស្ថិត​នៅ​ចំណុច​មួយ​ក្នុងចំ​ណោម​ចំណុច​បំផ្លិច​បំផ្លាញ​របស់​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​»​។​

​​ចំណែក​ឯ​លោក​ម៉ាក្រុង​វិញ​និយាយ​ថា​៖​ «​យើង​​បាន​​បញ្ជាក់​​រួម​​គ្នា​​នូវ​​អ្វី​​ដែល​​យើង​​ត្រូវ​​បញ្ជាក់​»​។​ លោក​និយាយ​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​ថា​តើ​​បារាំង​សប្បាយ​ចិត្ត​ឬ​យ៉ាង​ណានៅ​ពេល​ដែល​ទំនាក់​ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ប៉ារីស​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​។​

​លោក​បន្ថែម​ថា​៖​ «​ឥឡូវ​នេះ ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ប្រាកដថា​​ ស្ថានភាព​បែប​នេះ​នឹង​មិន​អាច​ទៅ​រួច​សម្រាប់​អនាគត​របស់​យើង​ទេ​»​។​ លោក​ម៉ាក្រុង​សង្កត់​ធ្ងន់​ថា​ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​ គឺ​ជា​អ្វី​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​រួម​គ្នា​ក្នុង​ប៉ុន្មាន​សប្តាហ៍​​​ ខែ​​ និង​ឆ្នាំ​ខាង​មុខ​​​។​

​​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់​ដែល​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​និយាយ​ថា​ លោក​ម៉ាក្រុង​មិន​បាន​ធ្វើ​សំណើ​បន្ថែម​ណាមួយ​ពី​ប្រធានាធិបតី​អាម៉េរិក​ក្នុង​អំឡុង​ពេល​កិច្ច​ប្រ​ជុំ​នោះ​ទេ​។​ មន្រ្តី​ដដែល​និយាយ​ជា​អនាមិក​ថា​៖​ «​លោក​ប្រធានាធិបតី​ម៉ាក្រុង​ ​ពិត​ជា​មិន​បាន​ធ្វើ​សំណើ​អ្វី​នៅក្នុង​​ប្រជុំ​​នេះ​ទេ​​ ដោយ​សារ​តែ​យើង​បាន​ធ្វើ​ការ​ឆ្លង​កាត់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ពី​របៀប​វារៈ​រួម​ ប្លង់​មេ​ ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការងារ​ដែល​សហរដ្ឋ​អាមេរិក​ និង​បារាំង​នឹង​ធ្វើ​រួម​គ្នា​ឆ្ពោះ​ទៅ​មុខ​រួម​គ្នា​»​។​

សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​សហរដ្ឋ​អាមេរិក​ និង​បារាំង​ដែល​​ចេ​ញ​ផ្សាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​និយាយ​ថា​៖​ «​​​​[លោក​បៃដិន​ និង​លោក​ម៉ាក្រុង​]​គូស​បញ្ជាក់​អំពី​ភាព​រឹង​មាំ​នៃ​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ និង​ជា​ប្រវត្តិ​សាស្ត្ររ​វាង​សហរដ្ឋ​អាមេរិក​ និង​បារាំង​ ដែល​គាំទ្រ​ដោយ​តម្លៃ​ប្រជាធិបតេយ្យ​រួម​របស់​យើង​ ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ និង​សន្តិសុខ​»​។​

​​​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ មេ​ដឹក​នាំ​ទាំង​ពីរ​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ខ្លះ​ជុំ​វិញ​កិច្ច​ព្រម​ព្រៀង​នាវា​មុជ​ទឹក​ចម្រូង​ចម្រាស។​ ក្នុង​អំឡុង​កិច្ច​សន្ទនា​ប្រហែល​ ៣០ ​នាទី​ លោក​បៃដិន​ហាក់​ដូច​ជា​ទទួល​ស្គាល់​កំហុស​ឆ្គង​អំពី​របៀប​ដែល​រដ្ឋ​បាល​របស់​លោក​​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​។​ សេចក្តី​ថ្លែងការណ៍​រួម​​នា​ពេល​នោះ​កត់ត្រា​ថា​៖​ «​មេដឹកនាំ​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​បើក​ដំណើរ​ការ​នៃកិ​ច្ច​ពិភាក្សា​ស៊ី​ជម្រៅ ​សំដៅ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​ធានា​នូវ​ទំនុក​ចិត្ត​ និង​ស្នើ​វិធានការ​ជាក់​ស្តែង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​រួម​»។​

ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​សំខាន់​ផង​ដែរ​សម្រាប់​បារាំង​ ក្រោយ​កិច្ច​សន្យា​នាវា​មុជ​ទឹក​ដែល​ត្រូវ​​លុប​ចោល​​បង្កើត​រឿង​ឈឺ​ក្បាល​ផ្នែក​នយោបាយ​ជា​ច្រើន​សម្រាប់​លោក​ម៉ាក្រុង​ដែលនឹង​​​ត្រូវ​ប្រកួត​​ប្រជែង​​ក្នុង​ការ​​បោះ​ឆ្នោត​ប្រធានាធិបតី​អណត្តិ​ថ្មី​នៅ​ឆ្នាំ​ក្រោយ​។​

អ្នក​​ស្រី ​Célia Belin ​​អ្នក​​​ធ្វើ​​ទស្សនកិច្ច​​នៅ​​មជ្ឈមណ្ឌល​​សហរដ្ឋ​​អាមេរិក​ និង​​អឺរ៉ុប​​នៅ​​វិទ្យាស្ថាន​ Brookings ​​និយាយ​ថា ​កិច្ច​ប្រជុំ​ទ្វេភាគី​កាលពី​ថ្ងៃ​សុក្រ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​ការ​ពិគ្រោះ​យោបល់​ទាំង​នោះដើ​ម្បី​ឈាន​ទៅរ​ក​ការ​ប្រកាស​ជាក់​ស្តែង​។​

​​យ៉ាង​​ណា​មិញ​ ការ​ខឹង​សម្បារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉ារីស​ជុំ​វិញ​កិច្ច​ព្រម​ព្រៀង​​ ត្រូវ​​​មន្រ្តី​​មួយ​ចំនួន​របស់​​ក្រុង​វ៉ាស៊ីនតោនច្រាន​ចោល ហើយ​ត្រូវ​អ្នក​​ស្រី ​Belin ​​សម្ដែង​ការ​មិន​​ជឿ​ជាក់​ថា​សហរដ្ឋ​អាមេរិក ​និង​បារាំង​មើល​ឃើញ​ភាគ​ហ៊ុន​នៃ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​តាម​របៀប​ដូច​គ្នា​នោះ​ទេ​។​

​​អ្នក​​ស្រី​និយាយ​ថា​៖​ «​មួយ​គឺ​មហា​អំណាច​ ខណៈ​មួយ​ទៀត​គឺ​មាន​អំណាច​មធ្យម​ដ៏រឹ​ង​មាំ​​​។​ ​​សម្រាប់​​ប្រទេស​​បារាំង​  ការ​​មាន​​ទំនាក់​ទំនង​​ល្អ​ ឬ​​មាន​​ទំនាក់​ទំនង​​ច្បាស់​លាស់​​ជាមួយ​​អាមេរិក​ ​​​ក៏​​ជា​​លក្ខខណ្ឌ​​មួយ​​ដែរ​​ឧទាហរណ៍​​សម្រាប់​​ឥទ្ធិពល​​នៅ​​អឺរ៉ុប​»​។​

U.S. President Joe Biden, left, and French President Emmanuel Macron shake hands during a meeting at La Villa Bonaparte in Rome, Friday, Oct. 29, 2021. A Group of 20 summit scheduled for this weekend in Rome is the first in-person gathering of leaders of the world’s biggest economies since the COVID-19 pandemic started. (AP Photo/Evan Vucci)

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner