Cambodia2050 Ep28: វិធីសាស្រ្តក្នុងការគ្រប់គ្រងក្រុមហ៊ុនក្នុងបរិបទកូវីដ ដើម្បីរក្សាស្ថេរភាព និងវឌ្ឍនភាព

អត្ថបទដោយ៖
AMS

ជាការពិតណាស់ នៅពេលដែលយើងជួបបញ្ហានេះកើតឡើង យុទ្ធសាស្ត្រទីផ្សារគឺយើងត្រូវតែមានការបង្កើនការផ្សព្វផ្សាយ បង្កើនការគ្រប់គ្រងគុណភាពរសជាតិ ធ្វើម៉េចកុំឲ្យមានការប្រែប្រួលនៅក្នុងបរិបទនេះ ប្រសិនបើយើងមិនបានខ្វល់ខ្វាយ យើងអាចនឹងមានបញ្ហាអ្វីដែលកើតឡើងគ្រប់ពេល។

យើងសង្កេតឃើញថា បញ្ហាវិបត្តិកូវីដនេះគឺជិតពីរឆ្នាំកន្លងមកហើយ ក្នុងពីរឆ្នាំកន្លងមកនេះ យើងឃើញថា ពិភពលោកទទួលរងផលប៉ះពាល់លើសេដ្ឋកិច្ចខ្លាំងមែនទែន មិនត្រឹមតែប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែចំពោះបញ្ហាអាជីវកម្មផលិតនំស្រួយរបស់ក្រុមហ៊ុននំស្រួយលីលី យើងមានផលប៉ះពាល់មួយចំនួនដែរ គ្រាន់តែថាប៉ះពាល់នៅពេលដែលមានបញ្ហាដែលកើតឡើងភ្លាមៗ នៅក្នុងដំណាក់កាលពីដើមឆ្នាំមុនឆ្នាំ ២០២០ ក៏មានផលប៉ះពាល់ច្រើនដែរ ប៉ុន្តែក្រោយពីរាជរដ្ឋាភិបាលមានការគ្រប់គ្រងស្ថានភាពល្អឡើងវិញទៅ ក៏ដំណើរការល្អឡើងវិញ រហូតដល់ឆ្នាំ 2021 ខែកុម្ភៈ ថ្ងៃទី២០ នេះដែលមានការផ្ទុះឡើងម្ដងទៀត ការីរាក្បាលនោះគឺឃើញថាមានទំហំធំ ដែលធ្វើឲ្យរាជរដ្ឋាភិបាលសំរេចចិត្តក្នុងការបិទខ្ទប់មួយរយៈ ក្នុងដំណាក់កាលនោះ ក្រុមហ៊ុនលីលីក៏មានការផ្អាកការផលលិតការធ្វើអាជីវកម្មទៅតាមការកំណត់របស់រាជរដ្ឋាភិបាលផងដែរ។ អញ្ចឹងក៏វាមានផលប៉ះពាល់ច្រើន នៅក្នុងដំណាក់កាលចុងខែពីររហូតដល់ខែបួនខែប្រាំនេះ មានផលប៉ះពាល់ខ្លាំងប៉ុន្តែ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចបើកការបិទខ្ទប់នេះវិញ យើងឃើញថា ដំណើរការជីវកម្មគឺចាប់ផ្ដើមផ្ទុះឡើងវិញ យើងចាប់ផ្ដើមលក់បានច្រើន ចែកចាយទូទាំងប្រទេស ការផលិតសឹងតែផលិតមិនទាន់ ដោយសារតែទំនិញនៅលើទីផ្សារអស់ពីស្តុកអស់គ្រប់កន្លែង។ យើងធ្វើការដំណើរការចាប់ផ្ដើមផលិត តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្ននេះ យើងឃើញថាដំណើរការនៃការលក់ ក៏មានការកើនឡើងផងដែរ។ អញ្ចឹង អាជីវកម្មសេដ្ឋកិច្ចអាចនឹងមានដំណើរការជាធម្មតាឡើងវិញ។

សំនួរ៖ ទាក់ទងទៅនឹងការនាំចេញ ទៅកាន់ទីផ្សារបរទេសវិញ ថាតើវាមានការថយជាងមុនក្នុងការទទួលបញ្ជាទិញ ឬក៏នៅតែរក្សាការផ្គត់ផ្គង់ និង តម្រូវការនៅតែដែល ដែរឬទេ?

ចំពោះផលិតផលនំស្រួយលីលី យើងបានធ្វើការនាំចេញទៅជាច្រើនប្រទេសដូចជា ប្រទេសអូស្ត្រាលី ញូសាលែន គឺអត់មានផលប៉ះពាល់អ្វីនោះទេ ការនាំចេញមានការកើនឡើងប្រហែលជា ២០ ភាគរយទៅទៀត។

សំនួរ៖ លោកជំទាវ អាចជម្រាបជូនបានទេថា នៅក្នុងដំណាក់កាលនេះ យើងឃើញថាអាជីវកម្មមួយចំនួនបានដួលរលំ ឬក៏មានផលប៉ះពាល់ ចំណែកឯនំស្រួយលីលីមានការកើនឡើងការនាំចេញទៅវិញ។ តើនេះមកពីកត្តាអ្វីដែរទៅ?

វាអាស្រ័យទៅលើអាជីវកម្មដែរ យើងឃើញថានៅក្នុងវិបត្តិក៏មានលាភសំណាង ឬក៏មានឱកាសផងដែរ អញ្ចឹងនៅក្នុងបរិបទកូវីដនេះ ដូចជាអ្នកផលិតម៉ាសលក់អាកុលលក់អ្វីដែលពាក់ព័ន្ធនឹងការការពារសុវត្ថិភាព បីការពារបីកុំនេះ យើងឃើញថា មានការលក់កើនឡើងខ្លាំងតែម្ដង ហើយចំណីអាហារយើងឃើញថា ចំពោះការបើកតាមហាងក៏មានផលប៉ះពាល់ច្រើន ដោយសារតែយើងមិនអាច ទៅអង្គុយជុំនៅហាងដូចពីលើកមុនបាន អញ្ចឹងអាជីវកម្មដែលបើកជាភោជនីយដ្ឋាន ឬក៏បើកហាងយើងឃើញថាមបិទច្រើន។ ចំពោះប្រផលិតផលនំស្រួយលីលី គឺជាចំណីអាហារដែរ ហេតុអ្វីបានជាមិនប៉ះពាល់គឺដោយសារតែផលិតផលនំស្រួយលីលី ជាផលិតផលដែលមានការវេចខ្ចប់រួចជាស្រេច យើងផលិតនៅក្នុងរោងចក្រយើងអត់មានភ្ញៀវមកអង្គុយហូបទេ អញ្ចឹងគាត់ត្រូវការទិញជាវយកទៅផ្ទះទុកញ៉ាំ ដែលធ្វើអោយដំណើរការអាជីវកម្មនំស្រួយលីលីរបស់យើង នៅតែដំណើរការហើយការលក់មានការកើនឡើងផងដែរ។

សំនួរ៖  ទាក់ទងទៅនឹងស្ថានភាពបែបនេះផងដែរ ថាតើលោកជំទាវមានការគ្រប់គ្រង ឬក៏មានការដាក់វេននៅការធ្វើការដល់បុគ្គលិកយ៉ាងដូចម្ដេចដែរ?

ចំពោះក្រុមហ៊ុនលីលី មិនមានផលប៉ះពាល់ចំពោះបញ្ហារឿងសុវត្ថិភាព នៅក្នុងការបង្ការការពារទប់ស្កាត់ ដោយសារក្រុមហ៊ុនលីលីគឺជាក្រុមហ៊ុនមួយ ដែលបានអនុវត្តស្តង់ដារអនាម័យ ការពារសុវត្ថិភាពអនាម័យតាំងពីដើមមក ទោះបីជាមិនមានកូរវីដក៏ដោយ ការដែលយើងចូលមកធ្វើការក៏យើងត្រូវការលាងសំអាតដៃ ផ្លាស់ប្ដូរសំលៀកបំពាក់ ពាក់មួកពាក់ម៉ាស់ ហើយទើបអាចចូលទៅក្នុងទីកន្លែងផលិតកម្មបាន។ ក្នុងការបង្ការការពារនេះ ក្រុមហ៊ុនលីលីគឺយើងបានរៀនស្ទាត់ជំនាញ នៅក្នុងការការពារអនាម័យសុវត្ថិភាពរួចមកហើយ អញ្ចឹងនៅក្នុងបរិបទកើតកូវីដនេះផ្ទុះឡើង ដែលមានការណែនាំពីរដ្ឋាភិបាល ក្រុមហ៊ុនលីលីយើង បានបន្ថែមរឹតបន្តឹងបន្តិចបន្តួចទៀត យើងអាចសហការជាមួយនឹងខាងការណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ អញ្ចឹងហើយយើងឃើញថា សុខភាពរាងកាយរបស់បុគ្គលិកកម្មករ គឺគាត់បានការពារបានច្រើន។

សំនួរ៖ ចំពោះរោងចក្រដែលបានសហការជាមួយនឹងក្រុមហ៊ុនជប៉ុន តើយើងមានការចែកចាយនៅក្នុងស្រុកដែរឬទេ ឬក៏សម្រាប់តែយើងធ្វើការផ្គត់ផ្គង់ឲ្យខាងក្រុមហ៊ុនជប៉ុនសុទ្ធ?

ចំពោះក្រុមហ៊ុនរោងចក្រ ដែលយើងសហការជាមួយខាងជប៉ុននោះ គឺយើងនាំចេញ 100% តែម្ដងទៅកាន់ប្រទេសអូស្ត្រាលី និងញូសាលែន។ ចំពោះនំគឺមានច្រើនប្រភេទ ហើយចំពោះគុណភាពគឺមានគុណភាពរសជាតិឆ្ងាញ់ដូចគ្នា មានរសជាតិបែបប្លែកៗគ្នាផ្សេងៗ។

សំនួរ៖ តើលោកជំទាវ អាចប្រៀបធៀបបានទេ នៅក្នុងការកើនឡើង ឬក៏ថយចុះពីរវាង៣ឆ្នាំកន្លងមកនេះ នៅក្នុងបរិបទនៃវិបត្តិកូវីដនេះ មានចំនួនប៉ុន្មានបើគិតជាភាគរយ?

បើយើងប្រៀបធៀបពីឆ្នាំ ២០១៩ មកដល់ ២០២០ ២០២១ យើងឃើញថានៅក្នុងដំណាក់កាលនៅក្នុងឆ្នាំ ២០១៩ និង ២០២០ គឺមានការធ្លាក់ចុះប្រហែលជា ៣០ ទៅ ៤០ ភាគរយដែរ ហើយនៅក្នុងដំណាក់កាលពីខែមួយដល់ខែបួនខែប្រាំនៅក្នុងឆ្នាំ ២០២១ នេះក៏មានការធ្លាក់ចុះខ្លាំងដែរ អាច ៤០ ទៅ ៥០ ភាគរយធ្លាក់ខ្លាំងដែរ ប៉ុន្តែក្រោយពីពេលដែលខែប្រាំឡើងមកដល់បច្ចុប្បន្ននេះ ការលក់មានការកើនឡើងជាង ២០១៩។

សំនួរ៖ ទាក់ទងទៅនឹងគោលដៅ និង ចក្ខុវិស័យទៅថ្ងៃអនាគត តើលោកជំទាវ ចង់មានការពង្រីកអ្វីបន្ថែមទៀតទេ ទាក់ទងទៅនឹងផ្នែកនំស្រួយនេះ ឬក៏មានផ្នែកអ្វីផ្សេងដែលទាក់ទង នឹងចំណីអាហានេះ?

ដោយសារតែទីកន្លែងផលិតបច្ចុប្បន្ននេះ ទីតាំងសឹងតែពេញទាំងអស់តែម្ដង មិនអាចថាបន្ថែមខ្សែចង្វាក់ផលិតកម្មបន្ថែមទៀតទេ ប៉ុន្តែទីផ្សារយើងឃើញថានៅតែមានសក្ដានុពល ដែលយើងអាចផលិតអ្វីផ្សេងទៀតបាន ដើម្បីលក់នៅក្នុងប្រទេសកម្ពុជាយើង ដោយយើងប្រើប្រាស់នូវវត្ថុធាតុដើមនៅក្នុងស្រុកយើង នៅក្នុងការផលិតក្នុងការលក់ចេញ ចែកចាយក្នុងប្រទេសក៏ដូចជាការនាំចេញទៅបាន ដោយសារយើងឃើញថា កសិផលរបស់ខ្មែរយើងគឺមានគុណភាព និង មានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ អញ្ចឹងបច្ចុប្បន្នក្រុមហ៊ុនលីលីយើង បានកំពុងតែបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងខេត្តព្រះសីហនុ ស្ថិតនៅក្នុងស្រុកកំពង់សិលា ឃុំកំពង់សិលា យើងនឹងបង្កើនតំបន់សេដ្ឋកិច្ចពិសេស។ យើងចង់បង្កើតឱ្យមានទៅជា SME Cluster ប្រមូល SME ដែលគាត់ជាអ្នកផលិតឲ្យទៅក្នុងតំបន់នេះ ដែលយើងអាចថាជួយនៅក្នុងការពង្រឹងសមត្ថភាព នៅក្នុងផ្នែកគុណភាពអនាម័យ ការរកទីផ្សារផ្សេងៗជូនពួកគាត់បាន ហើយយើងមានជំនាញចំណេះដឹងបទពិសោធន៍ លើការគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារនោះជាដើម ជាពិសេសគឺទីផ្សារនោះតែម្ដង យើងអាចជួយដល់ SME ក្នុងស្រុកហើយមិនត្រឹមតែ SME ក្នុងស្រុកនោះទេ ទោះបីជាអ្នកវិនិយោគខាងក្រៅគាត់អាចរើរោងចក្រមកនៅក្នុងតំបន់យើងបានដែរ នៅបច្ចុប្បន្ននេះគឺយើងបានទំនាក់ទំនង ជាមួយនឹងដៃគូដែលជារោងចក្រនៅខាងក្រៅ គាត់មានការចាប់អារម្មណ៍ច្រើន នៅក្នុងការប្ដូររោងចក្រ មកបោះទីតាំងនៅក្នុងដីនាងខ្ញុំផងដែរ។ ក្រោយពីបញ្ចប់នៅបញ្ហាកូវីដនេះ តំបន់សេដ្ឋកិច្ចពិសេសរបស់យើង មានការអភិវឌ្ឍលឿនតែម្ដង ហើយតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្ញុំ គឺមានសក្ដានុពល ហើយយើងបានគិតគូរសព្វគ្រប់បែបយ៉ាង អ្នកដែលទៅបោះរោងចក្រនៅទីតាំងនោះ គឺយើងមិនបាច់ភ័យថាអត់មានកន្លែងនៅ អត់មានកន្លែងហូបចុក ឬក៏មន្ទីរពេទ្យសាលារៀននោះទេ គឺយើងបង្កើតឲ្យមានសព្វគ្រប់បែបយ៉ាង។  នៅទីកន្លែងនោះ ហាក់បីដូចជាទីក្រុងតូចមួយ ដោយសារតែទំហំដីនៅការអភិវឌ្ឍនោះ មានជិតមួយពាន់ហិកតាឯនោះ។

សំនួរ៖ គម្រោងនៅទីនោះ លោកជំទាវនឹងសាងសង់អ្វីខ្លះ អាចចាប់ផ្ដើមនៅពេលណា ហើយដំណើរការលក់នៅពេលណាផងដែរ?

បច្ចុប្បន្ននេះ គឺយើងបានកំពុងចាប់ផ្ដើមធ្វើដំណើរការជាបណ្ដើរៗ ដោយសារតែស្ថានភាពកូវីដ ក៏យើងមិនទាន់ហ៊ានធ្វើអ្វីឱ្យលឿនខ្លាំងដែរ ហើយអ្វីដែលយើងអាចធ្វើបាន ដូចជាចាក់ដីបំពេញបន្ថែម ការសាងសង់ផ្ទះគំរូ ការធ្វើផ្លូវ ការរត់ច្បាប់ទម្លាប់ផ្សេងៗផងដែរ។ ក្នុងគម្រោងនេះមានផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះអាជីវកម្ម វីឡាកូនកាត់ ទីកន្លែងកំសាន្តផ្សេងៗ យើងនឹងចាប់ផ្ដើមចេញលក់នៅពេលឆាប់ៗខាងមុខនេះផងដែរ។ ហើយយើងធ្វើការទៅតាមដំណាក់កាលនៃការអភិវឌ្ឍន៍ យើងមិនចេះតែវិនិយោគដែរ យើងវិនិយោគយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ និង ពិភពលោកទាំងមូល ថាតើជំហានរបស់យើងខ្លី ឬ វែង ឬក៏លឿនយឺតក៏អាស្រ័យទៅតាមស្ថានភាពសេដ្ឋកិច្ចជាតិដែរ។

សំនួរ៖ ដោយឡែក យើងឃើញហើយថាបច្ចុប្បន្នពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែរងគ្រោះពីវិបត្តិកូវីដ ប៉ុន្តែបណ្ដាក្រុមហ៊ុនមួយចំនួនធំៗ គាត់នៅតែបន្តធ្វើការវិនិយោគ ឬក៏ធ្វើអាជីវកម្មរបស់គាត់។ ជាក់ស្ដែងដូចជា លោកជំទាវ ផ្ទាល់ក៏ចាប់ផ្ដើម បើកកាវិនិយោគដ៏ធំដែលទាក់ទងទៅនឹងតំបន់សេដ្ឋកិច្ចពិសេស តើលោកជំទាវយល់ឃើញយ៉ាងដូចម្ដេចដែរ នៅក្នុងការចាប់ផ្ដើមការវិនិយោគនេះ ហើយលោកជំទាវមានសុតិថិនិយមយ៉ាងដូចម្ដេច នៅក្នុងការវិនិយោគនេះ?

ជាការពិតណាស់ កាលប្រទេស ឬ ពិភពលោកមានគ្រោះ បើយើងផ្ដេកផ្ដួលទៅតាមស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិគឺយើងនឹងដួល។ រឿងប្រទេសជាតិគឺជារឿងប្រទេសជាតិជារឿងមួយចំនួន អញ្ចឹងយើងក៏ត្រូវតែខិតខំប្រឹងប្រែងខ្លួនឯងដែរ។ សួរថា ទោះបីជាជំងឺដែលកើតឡើង មិនមែនកូវីដសូម្បីតែយើងខ្លួនឯង ក៏ពេលខ្លះអាចមានជំងឺកើតឡើងដែរ ដូចគ្នាជំងឺកូវីដដូចជាជំងឺមួយដែលកើតឡើង ហើយក៏យើងអាចព្យាបាលបាន ឥឡូវដំណាក់កាលចុងក្រោយនេះ យើងឃើញថាជំងឺកូវីដនៅពេលដែលកើតហើយ ការព្យាបាលដែលយើងសង្កេតឃើញបងប្អូនមួយចំនួនធំ គាត់មានអាការៈហើយ គាត់នៅផ្ទះគាត់ព្យាបាលខ្លួនឯង ឆាប់ជាសះស្បើយផងដែរ។ អញ្ចឹងហើយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់មិនរាថយក្នុងការបន្តការអភិវឌ្ឍវិនិយោគរបស់គាត់ទេ។ នៅក្នុងដំណាក់កាលនេះ គាត់នៅមានពេលវេលាច្រើន នៅក្នុងការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារយ៉ាងម៉េច ក្រោយពេលវិបត្តិនេះបានបញ្ចប់។ អញ្ចឹងគាត់នឹងបានរៀបចំរួចរាល់ដូចនាងខ្ញុំអញ្ចឹង យើងដឹងថាវិបត្តិវាកើតឡើងក៏វាមិនអាចពន្យារពេលយូរដែរ ពិភពលោកក៏មិនអាចបណ្ដោយឲ្យវាយូរខ្លាំងពេកដែរ។ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំពិភពលោកគឺបាននឹងកំពុងតែ ការពារទប់ស្កាត់ និង កាត់ផ្ដាច់ការរីករាលត្បាតនេះផងដែរ។ នៅក្នុងដំណាក់កាលពិបាកយើងក៏ទំនេរ យើងមើលស្ថានភាពដោយយើងយល់ឃើញដូច្នេះហើយ ទើបយើងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារ ការអភិវឌ្ឍអ្វីថ្មីៗ។ នៅពេលដែលបញ្ហកូវីដត្រូវបានបញ្ចប់ ការរៀបចំខ្លួនប្រាណរបស់យើង ការរៀបចំផែនការយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់យើងគឺរួចរាល់ ក្នុងការរត់ប្រណាំង ទើបយើងអាចរត់ប្រណាំង ទៅលើទីផ្សារបាន។ ប្រសិនបើនៅក្នុងដំណាក់ការនេះ យើងផ្ដេកផ្ដួលយើងមិនហ៊ានធ្វើការពង្រឹងរៀបចំយុទ្ធសាស្ត្រផ្សេងៗ នៅពេលដែលស្ថានភាពស្ថិរភាពល្អហើយ គេរួចរាល់ហើយ យើងនៅមិនទាន់បានធ្វើអ្វីទាំងអស់ គឺយើងអាចនឹងដើរយឺតជាងគេ ធ្វើឲ្យអាជីវកម្មយើងមានផលប៉ះពាល់ផងដែរ។

សំនួរ៖ យើងឃើញថា នៅក្នុងប្រទេសកម្ពុជាយើង ក៏មានការចាក់វ៉ាក់សាំងជាច្រើនផងដែរ។ តើនេះគឺជាចំណុចមួយដែលអ្នកវិនិយោគ គាត់មានក្តីសង្ឃឹមបន្ថែមទៀត ទាក់ទងទៅនឹងក្រៅពីការការពារផ្សេងៗផងដែរ?

យើងក៏មានមោទនភាពដែលថ្នាក់ដឹកនាំជាពិសេស សម្ដេចតេជោ ដែលគាត់តែងតែខិតខំប្រឹងប្រែង គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ដូចជាកូនដូចជាចៅរបស់សម្ដេច ដែលខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច រកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ។ យើងឃើញថា ពិភពលោកប្រទេសកម្ពុជាចាក់សាំង ហាក់បីដូចជាជាប់ចំណាត់ថ្នាក់ល្អ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្ត និង មិនមានការភ័យខ្លាច។ ទោះបីជាគាត់ឆ្លងក៏គាត់អាចព្យាបាលបាននៅក្នុងរយៈពេលដ៏ខ្លីគាត់អាចនឹងជាសះស្បើយផងដែរ នេះគឺជាដំណឹងមួយដែលល្អ។

សំនួរ៖ ត្រឡប់ទៅខាងដើមបន្តិច ទាក់ទងទៅនឹងនំស្រួយលីលី តើបច្ចុប្បន្នមានផលវិបាក នៅក្នុងការរកវត្ថុធាតុដើម ក៏ដូចជាទាក់ទងទៅនឹងកសិផលរបស់ប្រជាកសិករយើង ទេ ឬក៏មិនមានបញ្ហាអ្វីនោះទេ?

នៅក្នុងបរិបទនេះ ចំពោះវត្ថុធាតុដើមគឺយើងអត់មានជាផលប៉ះពាល់អ្វីនោះទេ ដោយសារតែវត្ថុធាតុដើមរបស់យើង ជាវត្ថុធាតុដើមនៅក្នុងស្រុកតែម្ដងដូចជា ពោតហើយនឹងអង្ករ ដែលជាកសិផលរបស់ខ្មែរយើង ដែលយើងផលិតទៅដែលសុទ្ធសឹងតែជាអង្ករ ដែលជាប្រភេទអង្គរផ្ការំដួលជាប់លំដាប់ថ្នាក់លេខ ១ លើពិភពលោក ទើបធ្វើឲ្យការផលិតនំយើង មានរសជាតិឆ្ងាញ់ដែលយើងអាចប្រកួតប្រជែង នៅលើទីផ្សារថ្នាក់ជាតិ និង អន្តរជាតិផងដែរ។

សំនួរ៖ ទាក់ទងទៅនឹងយុទ្ធសាស្ត្រទីផ្សារនៅក្នុងបរិបទនេះ តើលោកជំទាវមានយុទ្ធសាស្ត្រអ្វីបន្ថែម ទាក់ទងទៅនឹងនំស្រួយនេះ ឬក៏យើងមានទីផ្សារស្រាប់មកហើយមិនចាំបាច់មានសកម្មភាពអ្វីបន្ថែមទៀតទេ?

ជាការពិតណាស់ នៅពេលដែលយើងជួបបញ្ហានេះកើតឡើង យុទ្ធសាស្ត្រទីផ្សារគឺយើងត្រូវតែមានការបង្កើនការផ្សព្វផ្សាយ បង្កើនការគ្រប់គ្រងគុណភាពរសជាតិ ធ្វើម៉េចកុំឲ្យមានការប្រែប្រួលនៅក្នុងបរិបទនេះ ប្រសិនបើយើងមិនបានខ្វល់ខ្វាយ យើងអាចនឹងមានបញ្ហាអ្វីដែលកើតឡើងគ្រប់ពេល។ អញ្ចឹងការផលិតចំណីអាហារនេះគឺយើងប្រយ័ត្នមែនទែនតែម្ដង យើងត្រូវការតាមដានហើយតាមដានទៀត ត្រួតពិនិត្យហើយត្រួតពិនិត្យទៀត ពីមួយដំណាក់កាលទៅមួយដំណាក់កាលត្រូវតាមដាន និង ត្រួតពិនិត្យឱ្យបានគ្រប់ ដើម្បីរក្សានូវគុណភាពឲ្យមានស្ថេរភាព។ កាលណាបើយើងមិនមានការត្រួតពិនិត្យ ការតាមដានឱ្យបានគ្រប់ដំណាក់កាលវាអាចនឹងខុស ហើយអារម្មណ៍មនុស្សម្នាក់ៗ ពេលខ្លះមិនដឹងកើតរឿងអីមានវិបត្តិនៅក្នុងខ្លួនភ្លេចដាក់គ្រឿងអ្វីមួយនោះ នៅពេលដែលយើងផលិតយកចេញទៅ អ្នកហូបគាត់ឆាប់ដឹងណាស់ រសជាតិដែលខុសបន្តិចគឺគាត់ដឹងភ្លាម នេះក៏ជាបញ្ហាដែលយើងត្រូវតែមានការត្រួតពិនិត្យ គ្រប់ដំណាក់កាលទាំងអស់តែម្ដង ពង្រឹងនូវការត្រួតពិនិត្យគុណភាព និង សុវត្ថិភាពចំណីអាហារ៕

***********

វាគ្មិន៖ លោកជំទាវ ឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុននុំស្រួយលីលី

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner