ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរណ៏ស៊ីវិល

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៏ស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយក នៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិល។

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៤៥ម៉ឺនអឺរ៉ូ ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរ តាមផ្លូវអាកាស មកព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការជួយទៅដល់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៏ស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរណ៏ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះផ្តោតលើការងារអាទិភាព ចំនួន ៤ ដូចខាងក្រោម៖

១. ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន
២. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន
៣. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ និង
៤. ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណៈរដ្ឋបារាំង ដែលបានផ្តល់ជំនួយឥតសំណង ដ៏មានតម្លៃនេះ ដែលឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាព នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាសក្ខីភាព មួយបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែង និងជាផ្លែផ្កា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាង អាជ្ញាធរអាកាសចរណ៏ស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង មកលើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេ
នាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានរំលឹកឡើងថា នេះមិនមែនជាជំនួយលើកដំបូង ដែលផ្តល់ដោយសាធារណរដ្ឋបារាំង ដល់ប្រទេសកម្ពុជាទេ ជាពិសេស ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអាកាសចរណ៏ស៊ីវិល នៃប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរណ៏ស៊ីវិលបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជំនួយបច្ចេកទេសជាច្រើន ដើម្បីអនុវត្តគម្រោងផ្សេងៗ ដូចជា គម្រោងកសាងសមត្ថភាព តាមរយៈ ការផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដល់មន្រ្តីបច្ចេកទេស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិលកម្ពុជា ការផ្តល់ជំនាញការ រយៈពេលខ្លី-វែង ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរណ៏ស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ច លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដែលកិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញា បន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ របស់រាជរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner