មេដឹកនាំពិភពលោកជំរុញអោយ “ជួយសង្គ្រោះមនុស្សជាតិ” នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26

ក្លាកូវ៖ ព្រះមហាក្សត្រីអង់គ្លេស Elizabeth II នៅថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការអំពាវនាវអោយមេដឹកនាំពិភពលោកចាត់វិធានការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងអំឡុងពេលបិទបញ្ចប់ថ្ងៃដំបូង នៃកិច្ចប្រជុំកំពូល COP26 ក្នុងទីក្រុងក្លាកូវ ប្រទេសស្កុតឡែន។

នៅក្នុងវីដេអូផ្ញើទៅកាន់អង្គសន្និសិទ ព្រះមហាក្សត្រិយានីបានមានព្រះបន្ធួលបន្ថែមថា ប្រសិនបើស្ថានភាពនៃការបំពុលពិភពលោក មិនត្រូវបានចាត់ទុកជា រឿងសំខាន់នៅពេលនេះទេ… វាប្រាកដណាស់ថា ស្ថានភាពនឹងក្លាយទៅជាមិនអាចស្រោចស្រង់បានកាន់តែខ្លាំងឡើងក្នុងរយៈពេលដ៏ខ្លី។ ប្រសិនបើ​យើង​បរាជ័យ​ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នេះ បញ្ហា​ផ្សេងទៀត​ទាំងអស់​នឹងក្លាយទៅ​ជារឿង​មិន​សំខាន់។ បើតាមការរំពឹងទុកនោះ ក្រុម​មេ​ដឹក​នាំ​ពិភព​លោក​ COP26 នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ធំ​លើក​ដំបូង​​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាស​ធាតុ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​នៅ​ពេល​ពួកគេ​សន្យា​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ត្រឹមឆ្នាំ​២០៣០។ ប្រទេស​ហត្ថលេខី​នៅ​ទី​ក្រុងក្លាកូវ នឹង​រាប់​បញ្ចូល​ទាំង​ប្រេស៊ីល​ដែល​​មាន​ព្រៃឈើ​ Amazon ដ៏​ធំ​ត្រូវ​បាន​កាប់​បំផ្លាញ។ ប្រទេស​ជាង​១០០​បាន​និយាយ​ថា ពួក​គេ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​​ដែល​គ្រប់​ដណ្តប់​លើ​ព្រៃឈើ​ទូទាំង​ពិភព​លោក​ប្រហែល​ជា​៨៥​%។ រដ្ឋាភិបាល​នៃ​ប្រទេស​២៨​ ក៏នឹង​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​ការ​បំផ្លាញ​ព្រៃឈើ​ពី​ពាណិជ្ជកម្ម​ម្ហូប​អាហារជា​សកល និង​ផលិត​ផល​កសិកម្ម​ផ្សេង​ៗ​ដូច​ជា​ប្រេង​ដូង សណ្តែក​សៀង និង​កាកាវជាដើម។

ជាមួយគ្នានេះ ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេសលោក បូរីស ចនសុន ដែល​រៀប​ចំ​​ធ្វើ​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាកាស​ធាតុ​សកលនេះ ក៏​នឹង​អំពាវ​នាវអោយ​មាន​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​ ដើម្បី​ការពារ និង​ស្តារ​ព្រៃឈើ​​ឡើង​វិញ​នៅ​លើ​ផែន​ដីផងដែរ៕ ប្រភព៖ CNA និង BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner