អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 (ដូសទី៣) ជាដូសជំរុញ ដើម្បីផ្តល់ការចាក់ជូនប្រជាពលរដ្ឋទូទៅ នៅដើមខែធ្នូ ឆ្នាំ២០២១នេះ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ នៅដើមខែធ្នូឆ្នាំ២០២១ ឆាប់ៗខាងមុខ អាជ្ញាធរនៃរដ្ឋបាល ខេត្តបាត់ដំបង គ្រោងនឹងផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19(ដូសទី៣) ដែលជាដូសជំរុញ ដើម្បីធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងខេត្តបាត់ដំបងក្នុងខណៈដែលកិច្ចដំណើរការនៃការចាក់វ៉ាក់សាំងដូសទី២ ត្រូវបានបិទបញ្ចប់ទៅហើយ និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ តាមរយៈគោលនយោបាយផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

        ការថ្លែងជាសាធារណៈ ដើម្បីជាការផ្សព្វផ្សាយនិងជូនដំណឹងដ៏ទូលាយបែបនេះ គឺបានលើកឡើង នៅក្នុងពិធីផ្ដល់នូវពូជស្រូវដល់ប្រជាកសិករដែលខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០២១ ក្នុងស្រុកថ្មគោល តាមរយៈនៃ កម្មវិធីផ្តល់ពូជស្រូវដល់ប្រជាកសិករខាងលើ ដើម្បីស្តារឡើងវិញ នៅរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតវង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជួយដោះស្រាយបានទាន់ពេលវេលា នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយបានផ្តល់ជាស្រូវពូជសម្រាប៉ធ្វើការដាំដុះស្តារឡើងវិញ នូវដំណាំស្រូវរបស់បងប្អូនដែលបានខូចខាត ដោយគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ។

       ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តចុះស្រង់ស្ថិតិប្រជាជន ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19(ដូសទី១) ដើម្បីជម្រុញនិងលើកទឹកចិត្តឲ្យពួកគាត់មកចាក់ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពឬទីតាំងអចិន្ត្រៃយ៍ដែលអាជ្ញាធរស្រុកនិងមូលដ្ឋាននីមួយៗ ដែលបានរៀបចំរួចហើយនោះដើម្បីចាក់ជូនពួកគាត់ទាំងនោះ ដោយយើងមិនត្រូវបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់មិនបានទទួលនូវការចាក់វ៉ាក់សាំងឡើយ។ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ប្រសិនបើមានលទ្ធភាពអាចធ្វើបាន ក៏ត្រូវរៀបចំចុះទៅចាក់វ៉ាក់សាំងជូនពួកគាត់ឲ្យដល់តាមខ្នងផ្ទះតែម្តង។ពីព្រោះការចាក់វ៉ាក់សាំង គឺវាពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពនិងអាយុជីវិតប្រជាជន និងដើម្បីជួយពង្រឹងនូវភាពស៊ាំ នៅក្នុងសហគមន៍។

        ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំនិងអំពាវនាវដល់អាជ្ញាធរត្រូវលើកទឹកចិត្តដល់អ្នកឆ្លងជំងឺកូវីដ-19កម្រិតស្រាល ឲ្យសម្រាកព្យាបាលនៅតាមផ្ទះពួកគាត់។ ហើយទាំងអាជ្ញាធរ និងក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ពីបញ្ហានេះនិងត្រូវពិនិត្យមើលលក្ខណៈសម្បត្តិទីតាំងជាមុន ដើម្បីធ្វើការសម្រេចចិត្ត។ ហើយបងប្អូនក៏មិនត្រូវចាត់ទុកអ្នកឆ្លងជំងឺកូវីដ-19 ជាខ្មាំងសត្រូវនិងជាជនដែលត្រូវរើសអើងនោះទេ។ត្រូវយកចិត្តទុកដាក់មើលការថែទាំនិងជួយព្យាបាលជូនពួកគាត់។ព្រោះពួកគាត់ គឺជាជនរងគ្រោះ ដែលគួរឲ្យអាណិតអាសូរ ទៅវិញទេ។

        ថ្លែងដោយសង្កត់ធ្ងន់បន្ថែមទៀតនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់នៅ ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង និងបានកំណត់ឲ្យរដ្ឋបាលស្រុក-ក្រុង ត្រូវបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-19 កម្រិតស្រាលទាំងនេះ ដើម្បីជួយសម្របសម្រួលសម្រាប់ការព្យាបាលនៅតាមផ្ទះ ដោយកំណតឲ្យមានភ្ជាប់នូវ ប្រព័ន្ធទូរសព្ទទំនាក់ទំនងនិងដាក់លេខទូរស័ព្ទត្រឹមត្រូវ ជាក់លាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-19ក្នុងការស្វះស្វែងរកសេវាសុខាភិបាល ដើម្បីប្រឹក្សាព្យាបាល។

       តាមរយៈរបាយការណ៍ស្វាគមន៍ របស់ លោកជា សម្បត្តិ អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបងបានគូសបញ្ជាក់ឲ្យដឹងពីផលប៉ះពាល់និងរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុករបស់ខ្លួនកន្លងមក ដោយសារតែខ្វះលទ្ធភាពស្តារឡើងវិញ និង តាមរយៈប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងនោះទិន្នន័យផលប៉ះពាល់និងខូចខាត ដោយបានស្នើសុំពូជស្រូវស្រាលមិនប្រកាន់រដូវពីកម្មវិធីផ្តល់ពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជាចំនួន៣២៣,៧០តោន ដើម្បីចែកជូនដល់បងប្អូនដែលរងនូវការខូចខាតដំណាំស្រូវនៅក្នុងឃុំតាម៉ឺន ដែលមកពីភូមិចំនួន៥ ស្មើនិងចំនួន១១០គ្រួសារនិងមានផ្ទៃដីខូចខាត ចំនួន ១៣១ហិកតា។ដើម្បីចែកជានិមិត្តរូប។ ក្នុងខណៈដែលខូចខាត លើកទី២ គឺមានប្រជាកសិករ ចំនួន៤២៨គ្រួសារ ឃុំចំនួន៣ ស្មើ១៨ភូមិ និងផ្ទៃដីខូចខាតសរុប ៨១៦ហិកតា និងបានស្នើសុំពូជស្រូវស្តារលើផ្ទៃដី៤២៨ហិកតាឡើងវិញ ដែលអាចធានាទឹកស្រោចស្រពបានក្នុងការដាំដុះស្តារឡើងវិញក្នុងនោះ៖ឃុំរូងជ្រៃ ចំនួន៧ភូមិ, ឃុំបន្សាយត្រែង ចំនួន៨ភូមិ និង ឃុំអូរតាគី ចំនួន៣ភូមិ ផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner