រថយន្ត Prius បុកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ ហេីយត្រូវរថយន្តមួយគ្រឿងទៀត បុកបន្ថែមរួចក៏បេីករត់បាត់

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងបានបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ហេីយត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមកបុកពីក្រោយបន្ថែមរងការខូចខាត រួចបេីកគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចស្ទុបវត្តនាគវ័ន តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AI-1327 ដោយមានប្រុសស្រីប្រមាណ៥នាក់ក្នុងរថយន្ត ធ្វេីដំណេីរទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ រីឯរបាំងថ្មបាក់អស់មួយកង់ ។ ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបានធ្វេីដំណេីរមកពីក្រោយបានបុករថយន្ត Prius ពីចំហៀងបន្ថែមទៀតរងការខូចខាតផងដែរ តែរថយន្តបង្កនោះមិនឈប់ទទួលខុសត្រូវទេ ដោយបានបន្ថែមល្បឿនបេីកគេចខ្លួនបាត់ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈពេលដែរបង្កហេតុភ្លាមៗ អ្នកបេីកបរនិងអ្នករួមដំណេីរនាំគ្នាគេចខ្លួនបាត់អស់ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner