ឆេះរថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ សង្ស័យថា ជាករណីឃាតកម្មសម្លាប់រួចដុតចោល

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះស្លាប់ ក្នុងរថយន្តម៉ាកវីស្តូមួយគ្រឿង នៅតាមមហាវិថីឈ្នះឈ្នះ ត្រូវបានគេសង្ស័យថា ជាករណីឃាតកម្មសម្លាប់ រួចហើយដុតចោល។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ទល់មុខរណ្តៅដី លោកឧកញ៉ា ញឹក ផន ហៅតាកៅ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿង ដែលត្រូវអគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ច បានឱ្យដឹងថា ម៉ាកវិស្តូ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9736 ចំណែកសពមនុស្សម្នាក់នោះ បានឆេះខ្លោច ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដែលសមត្ថកិច្ច បានអះអាងថា ជាមនុស្សប្រុស។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិឆ្ឆិកា ដោយពុំមាននណាដឹងឡើយ។ លុះក្រោយមកមានរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍បាញ់ពន្លត់ទើបដឹងថា មានមនុស្សម្នាក់ឆេះស្លាប់ក្នុងរថយន្តនោះ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកពុំមានស្លាកស្នាមប៉ះទង្គិចអាចបង្កមកពីគ្រោះថ្នាក់បុកគ្នា ឆាបឆេះនោះទេ។ តាមស្ថានភាពរថយន្តនោះ បានបើកធ្លាក់ផ្លូវ ហើយបានឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្តង។

សពបុរសម្នាក់នោះ ឆេះស្លាប់នៅលើកៅអីបើកបរនៅខាងឆ្វេង ហើយបានផ្តេតទៅលើកៅអីខាងស្តាំដោយទ្វារខាងស្តាំបើកចំហរទំនងជាមានមនុស្សម្នាក់ទៀតបើកចេញ។ បើតាមសមត្ថកិច្ច មានការសង្ស័យថា ជាករណីកម្មសម្លាប់ហើយរួចដុតចោលទាំងរថយន្តតែម្តង។ ជុំវិញករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងបញ្ជាក់ឱ្យច្បាស់ពីមូលហេតុនៃការឆេះស្លាប់នេះ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner