ក្រសួងការពារជាតិអាមេរិក៖ ចិនមានគោលដៅពង្រីកអានុភាពនុយក្លេអ៊ែរ

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​អះអាង​ថា នៅ​ទសវត្ស​ខាង​មុខ​នេះ ចិន​ដាក់​គោលដៅ​ក្នុង​ពង្រីក​អានុភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ប្រចាំ​ឆ្នាំ២០២១ មាន​ចំណង​ជើង​ថា «ការ​វិវត្តន៍​នៃ​យោធា និង​សន្តិសុខ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន» ដែល​ដាក់​ជូន​សភា​អាមេរិក កាល​ពី​សប្ដាហ៍​មុន​។

«អំឡុង​ពេល​ទសវត្ស​ក្រោយ PRC (សំដៅ​លើ​ឈ្មោះ​ផ្លូវ​ការ​របស់​ចិន) ដាក់​គោលដៅ​ក្នុង​ការ​ទំនើបកម្ម ពិពិធកម្ម និង​ពង្រីក​អានុភាព​នុយក្លេអ៊ែរ​របស់​ខ្លួន»។ នេះ​បើ​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។ ប្រភព​នេះ​ក៏​បាន​បន្ថែម​ថា ចិន​អាច​នឹង​មាន​គ្រាប់​នុយក្លេអ៊ែរ​សរុប ៧០០គ្រាប់ ​ត្រឹម​ឆ្នាំ២០២៧ ហើយ​អាច​បង្កើន​ដល់ ១,០០០គ្រាប់​ត្រឹម​ឆ្នាំ២០៣០។

ចំនួន​នេះ​គឺ​ច្រើន​ជាង​អ្វី​ដែល​អាមេរិក​បាន​ព្យាករ​ទុក​កាល​ពី​ឆ្នាំ២០២០ ដោយ​នៅ​ពេល​នោះ អាមេរិក​រក​ឃើញ​ថា ចិន​មាន​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​ជាង ២០០គ្រាប់ ហើយ​រំពឹង​ថា​ចិន​នឹង​អាច​មាន​ដល់​ច្រើន​ជាង ៤០០គ្រាប់​នៅ​ដំណាច់​ទសវត្ស​ឆ្នាំ២០២០​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក Mike Milley ប្រមុខ​សេនាធិការ​ចម្រុះ​យោធា​អាមេរិក​បាន​លើកឡើង​ក្នុង​វេទិកា​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា៖ «យើង​បាន​មើល​ឃើញ​នូវ​ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​មួយ ដែល​ពិភពលោក​ធ្លាប់​មាន»។

លោក​បាន​បន្ថែម​ថា៖ «ពួក​គេ (ចិន) ប្រាកដ​ណាស់​ថា​ចង់​ប្រជែង​ជាមួយ​យើង (អាមេរិក)​ ក្នុង​តំបន់ ហើយ​មហិច្ឆតា​របស់​គេ​គឺ​ប្រជែង​យើង​នៅ​កម្រិត​ពិភពលោក​ឯណោះ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner