តាលីបង់តែងតាំងសមាជិក ៤៤ នាក់ជាអភិបាលខេត្ត និងស្នងការប៉ូលិសនៅជុំវិញអាហ្វហ្គានីស្ថាន

កាល​ពី​ថ្ងៃ​អាទិត្យ ទី​៧ វិច្ឆិកា​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​តែងតាំង​សមាជិក​ ៤៤ នាក់​ឱ្យ​កាន់​តំណែង​សំខាន់​ៗ​ដូចជា​អភិបាល​ខេត្ត និង​ស្នងការ​ប៉ូលិស​ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​អភិបាលកិច្ច​របស់​ខ្លួន ខណៈ​ពេល​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ឆ្លង​កាត់​វិបត្តិ​សន្តិសុខ និង​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​។

នេះ​គឺ​ជា​ការ​ប្រកាស​តែងតាំង​ខ្នាត​ធំ​ចុង​ក្រោយ​បំផុត​ បន្ទាប់​ពី​ការ​ប្រកាស​បង្កើត​គណៈរដ្ឋមន្ត្រី​ស្ដីទី​កាល​ពី​ខែ​កញ្ញា​។ ចាប់​តាំង​ពី​ចូល​កាន់​កាប់​អំណាច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​១៥ សីហា​ ក្រុម​តាលីបង់​បាន​ប្រឈម​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​បំពេញ​ការ​សន្យា​ស្ដារ​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​ឡើង​វិញ បន្ទាប់​ពី​ឆ្លង​កាត់​សង្គ្រាម​ជិត​ពីរ​ទសវត្ស​។

ក្រុម​ភេរវកម្ម​ ISIS-K បាន​ធ្វើ​ការ​វាយ​ប្រហារ​ពាសពេញ​ប្រទេស​ ខណៈ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​។ មេបញ្ជាការ​កង​កម្លាំង​សន្តិសុខ​ក្រុម​តាលីបង់​ប្រចាំ​ក្រុង​កាប៊ុល​លោក​ម៉ាឡាវី ហាំឌុឡា ម៉ូគ្លីស​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​មន្ទីរពេទ្យ​យោធា​ក្រុង​កាប៊ុល​។

យ៉ាង​ណា​មិញ​ មាន​ការ​ទាមទារ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ឱ្យ​ក្រុម​តាលីបង់​ធ្វើ​ការ​ចរចា​ជា​មួយ​ភាគី​នយោបាយ​ផ្សេង​ទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែល​រួម​បញ្ចូល​គ្រប់​ភាគី​ ជា​ពិសេស​ក្រុម​ជនជាតិ​ភាគ​តិច និង​ស្ត្រី​ ជាជាង​ការ​កាន់​តែ​ខ្លួន​ឯង​។ ប៉ុន្តែ​ការវិវឌ្ឍន៍​ទៅ​មុខ​ធំដុំ​ណា​មួយ​នៅ​មិន​ទាន់​បាន​សម្រេច​បាន​នៅ​ឡើយ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner