ប្រេសិតចិន៖ ការចរចាថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំ COP26 នឹងក្លាយទៅជាការលំបាក

ក្លាសហ្គូវ៖ បេសកជនពិសេសរបស់ប្រទេសចិន ទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុលោក ហ្ស៊ី ហ្សិនហូ ថ្លែងថា ការចរចាថ្នាក់រដ្ឋមន្ត្រីក្នុងសប្តាហ៍ទីពីរ នៃសម័យប្រជុំលើកទី ២៦ នៃសន្និសីទស្តីពីអាកាសធាតុ (COP26) របស់អង្គការសហប្រជាជាតិ នឹងក្លាយទៅជាការលំបាក ខណៈដែលរដ្ឋមន្ត្រីនឹងស្វែងរកការឯកភាពគ្នាលើបញ្ហាសំខាន់ៗក្នុងកម្រិតនយោបាយ។

លោក ហ្ស៊ី បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន China Media Group (CMG) នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា គោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកំណត់ការឡើងកំដៅផែនដីឱ្យនៅខាងក្រោម ២អង្សាសេ ទៅ ១.៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនឧស្សាហកម្មបានឯកភាពគ្នារួចហើយ ក្នុងចំណោមបណ្តាប្រទេសនានា ហើយប្រទេសចិនមានបំណងចង់កំណត់ឡើងវិញនូវគោលដៅដែលនឹងមិនបង្កឱ្យមានជម្លោះ និងពន្យារពេលតទៅទៀត។ ប្រទេសអភិវឌ្ឍន៍បានប្រកាសពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្តល់មូលនិធិថ្មី ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

សន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 បានធ្វើការពិភាក្សាលើវិធានការបន្ស៊ាំកាលពីថ្ងៃចន្ទ ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងមកពីជុំវិញពិភពលោក។ ថ្មីៗនេះចក្រភពអង់គ្លេសដែលជាប្រធានសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 បានប្រកាសផ្តល់មូលនិធិថ្មីប្រហែល ២៩០លានផោន ឬស្មើនឹងប្រមាណ ៣៩០លានដុល្លារ ដើម្បីជួយប្រទេសនានាសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា ប្រទេស និងរដ្ឋសរុបចំនួន ១៤ ក៏បានប្រកាសផ្តល់មូលនិធិថ្មីផងដែរ ដោយបន្ថែមទឹកប្រាក់ចំនួន ២៣២លានដុល្លារបន្ថែមទៀតដល់មូលនិធិបន្សាំរបស់អង្គការសហប្រជាជាតិ។

ប៉ុន្តែអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការរួមចំណែកផ្នែកហិរញ្ញវត្ថុពី ៥ ទៅ ១០ដងបន្ថែមទៀត គឺត្រូវបានទាមទារ ដើម្បីអនុវត្តវិធានការចាំបាច់ សំដៅជួយប្រទេសកំពុងអភិវឌ្ឍន៍។ បញ្ហា​នេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ម្តង​ទៀត​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ នៅ​ក្នុងថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)៕ ប្រភព៖ CGTN និង NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner