ម៉ូតូមួយគ្រឿង បើកបរលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូ ក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងតែបើកឆ្លងផ្លូវពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តតាកូម៉ាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7235 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបស៊េរីចាស់អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀត បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុកចំរថយន្តពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែកឯ រថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner