រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលីសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា

ភ្នំពេញៈរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី បានបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។


រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ដ្រាលី ដែលបានគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ជាពិសេស ការផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងតែត្រូវការជាចាំបាច់។ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី បានជួបប្រជុំទ្វេភាគីកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ខណៈពេលកម្ពុជាទើបអនុម័តច្បាប់វិនិយោគថ្មី ដែលនឹងផ្តល់នូវបរិយាកាសវិនិយោគដ៏ប្រសើរ។ ជាការឆ្លើយតប លោកជំទាវ ម៉ារីស ផេន បានគូសបញ្ជាក់ថា ខណៈដែលកម្ពុជា និងអូស្រ្តាលី កំពុងងើបចេញពីជំងឺរាតត្បាតដូចគ្នា មានកាលានុវត្តភាពជាច្រើនសម្រាប់ប្រទេសទំាងពីរធ្វើការជាមួយគ្នា ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពរីកចម្រើន។ លោកជំទាវ ម៉ារីស ផេន ក៏បានបញ្ជាក់ឡើងវិញផងដែរ នូវការប្ដេជ្ញាចិត្តរបស់អូស្ដ្រាលីក្នុងការបន្ដជួយ និងធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការបោសសម្អាតមីន កសិកម្ម សុខាភិបាល និងអប់រំ ជាពិសេស ការបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍អូស្ដ្រាលី និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ដ្រាលី។

សម្រាប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ដ្រាលី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យរបស់អូស្រ្តាលី នៅក្នុងអនុតំបន់មេគង្គ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងការពង្រឹងប្រព័ន្ធអ៊ិនធឺណេត និងថាមពលសំខាន់ៗ។ លោកជំទាវ ម៉ារីស ផេន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ និងផ្តល់ជំនួយក្រោមក្របខ័ណ្ឌនេះ ដែលមានទឹកប្រាក់ចំនួន ២៣២លានដុល្លារអូស្ដ្រាលី (ប្រមាណ១៦៨ លានដុល្លារអាមេរិក) សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន នៅក្នុងតំបន់។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានចែករំលែកទស្សនៈគ្នាទៅវិញទៅមកផងដែរអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅសមាហរណកម្មតំបន់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសមភាគីអូស្រ្តាលីអំពីអាទិភាពនានាសម្រាប់អាស៊ានឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ លោកជំទាវ ម៉ារីស ផេន បានអះអាងជាថ្មីអំពីការគាំទ្រពេញលេញរបស់អូស្រ្តាលីចំពោះរាល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន ដែលគ្រោងនឹងរៀបចំនៅកម្ពុជា ក្នុងឆ្នាំ២០២២។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ក្ដីបារម្ភរួម និងផលប្រយោជន៍ទៅវិញទៅមក រួមទាំងស្ថានការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner