មេដឹកនាំគណបក្សខ្មែររួបរួមជាតិ អំពាវនាវឱ្យអ្នកនយោបាយទាំងអស់ចៀសវាងការធ្វើឱ្យបែកបាក់ជាតិ និងបែកបាក់សាមគ្គីផ្ទៃក្នុង

ភ្នំពេញៈលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ ចៀសវាងការធ្វើឱ្យបែកបាក់ជាតិ និងបែកបាក់សាមគ្គីផ្ទៃក្នុង និងរួមគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែប្រកាន់នូវជំហររូបរួមជាតិ ប៉ុន្តែមេបក្សប្រឆាំងមិនស្មោះត្រង់យកបញ្ហាផ្ទាល់ខ្លួន និងក្រុមគ្រួសារមកវាយប្រហារ គឺគ្មានជំហររួបរួមនោះទេ ធ្វើឲ្យបែកបាក់សាមគ្គីជាតិ និងបែកបាក់ផ្ទៃក្នុង ហើយសូមឱ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់រួមសាមគ្គីជាធ្លុងមួយ ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនទៅមុខ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ប្រទេសជាតិយើងត្រូវការរួបរូម សាមគ្គីភាពជាធ្លុងមួយ ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនយើង ការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។ យើងមានការរីកចម្រើនច្រើនហើយ នៅសេសសល់បញ្ហា សេសសល់ខ្វះខាត យើងរួមគ្នាដើម្បីធ្វើការអភិវឌ្ឍបន្ថែមទៀត សំដៅជួយជីវភាពប្រជាពលរដ្ឋរបស់យើងឱ្យបានធូរធារទាំងអស់គ្នា ព្រោះអ្នកខ្លះក៏នៅជួបការលំបាក។ ខ្ញុំសូមអំពាវនាវឱ្យអ្នកនយោបាយ មជ្ឈដ្ឋាននានាផ្សេងក្តី ដែលកន្លងមកធ្វើឱ្យមានការបែកបាក់ក្នុងសង្គមជាតិ គួរពិចារណាឡើងវិញ និងងាកមករួបរួមសាមគ្គីភាព ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនយើង”។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា ការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបើកចំហ និងប្រកាន់ជំហរនៃការរួបរួមជាតិ ដូចកន្លងមកជាមួយបក្សប្រឆាំងក្តី រហូតដល់សម្តេចតេជោ ហ៊ុន សែន យល់ព្រមឱ្យមេបក្សប្រឆាំងជាប្រធានសំឡេងភាគតិចនៅក្នុងសភា ហើយទទួលឋានៈដល់ទៅនាយករដ្ឋមន្ត្រីថែមទៀត ដើម្បីជាការស្មើភាពគ្នាក្នុងការជជែកពិភាក្សាគ្នាក្នុងការរួបរួមគ្នាក្នុងសង្គមជាតិ។ លោកបានបញ្ជាក់ថា “ផ្ទុយទៅវិញ មេបក្សប្រឆាំងមិនមានការស្មោះត្រង់នោះទេ ហើយយកបញ្ហាផ្ទាល់ខ្លួន និងក្រុមគ្រួសារយកមកជាបញ្ហាវ៉ៃប្រហារគ្នា ហើយគ្មានជំហររួបរួមទេ មានតែជំហរប្រឆាំង និងធ្វើឱ្យជាតិបែកបាក់ជាដើម”។ ជាមួយគ្នានេះ លោក ញឹក ប៊ុនឆៃ សូមអំពាវនាវដល់អ្នកនយោបាយគ្រប់និន្នាការទាំងអស់សូមឱ្យមានការគិតគូរឡើងវិញ ក្នុងការរួបរួមសាមគ្គីគ្នាក្នុងជាតិខ្មែរទាំងមូល ព្រោះមានតែចំណុចនេះទេ ដែលជាចំណុចធ្វើឱ្យកម្ពុជាខ្លាំងក្លា ហើយវាអាចឈានទៅដោះស្រាយរាល់បញ្ហាដែលនៅមានការខ្វះខាតខ្លះៗនេះ អាចនឹងជោគជ័យបាន។ សូមឱ្យអ្នកនយោបាយ និងមជ្ឈដ្ឋាននានាក្តីដែលកន្លងមកតែងតែធ្វើឱ្យមានការបែកបាក់គ្នា ធ្វើឱ្យការរួបរួមសាមគ្គីគ្នាមិនអាចសើរទៅមុខបាន។ កុំធ្វើសកម្មភាពអ្វីដែលធ្វើឱ្យជាតិបែកបាក់ និងកុំធ្វើសកម្មភាពដែលផ្ទុយនឹងច្បាប់៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner