រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរិមា (SOP)

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ម្ចាស់អាជីវកម្មបៀរហ្គាឌិន នៅរដ្ឋបាលខេត្តសៀមរាប ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព។ កម្មវិធីនេះបានប្រព្រឹត្តិទៅដោយមានវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អង្គភាពនានា និងម្ចាស់អាជីវកម្មបៀរហ្គាឌិនជាច្រើននាក់ ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ថ្លែងថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីក្រសួងទេសចរណ៍ ស្តីពីការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិន និងបានផ្សព្វផ្សាយជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មបៀរហ្គាឌិននៅទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាបទាំងមូលជាដើម។ អាជីវកម្មសេវាកម្សាន្តបៀរហ្គាឌិន គឺជាសេវាកម្មទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់ទេសចរណ៏សៀមរាប-អង្គរ ដែលឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ ដែលជាកត្តាជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋអាជីវកម្មមូលដ្ឋាន និងកំណើនសេដ្ឋកិច្ចជាតិ និងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួមស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គមស្របតាមគន្លងប្រក្រតីភាពថ្មី។

អភិបាលរងខេត្ត បន្តថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញនោះ គឺការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិននេះ នឹងក្លាយជាកត្តាចម្បងដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ខេត្តសៀមរាប និងធានាបាននូវអាជីវកម្មបៀរហ្គាឌិន ជាកន្លែងអាជីវកម្មមួយដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរ ។

គួររំលឹកថា ដើម្បីឱ្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព លោក អភិបាលរងខេត្តបានស្នើសុំឱ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប និងក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្តសៀមរាប ដើម្បីរៀបចំឯកសារស្នើសុំច្បាប់អាជិវកម្មបៀរហ្គាឌិន និងវាយតម្លៃនៃការអនុវត្តនិតីវិធីស្តង់ដាអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ដំណើរការអាជីវកម្មបៀរហ្គាឌិន ឱ្យស្របនឹងលក្ខខណ្ឌតម្រូវការ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិន ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរិមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្គាឌិនដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រង បុគ្គលិកបម្រើការងារនៅក្នុងអាជីវកម្មបៀរហ្គាឌិននោះ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner