អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការដោះលែងសកម្មជនមួយចំនួន មិនមែនជាការទទួលសម្ពាធពីភាគីណាមួយនោះទេ

ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការដោះលែងសកម្មជនមួយចំនួន គឺមិនមែនជាការទទួលសម្ពាធពីភាគីណាមួយនោះទេ ជានីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅ មិនមែនតែសកម្មជនទាំងនោះទេ។ តុលាការមិនបានផ្តោតទៅលើសកម្មជន ឬមិនសកម្មជននោះទេ ហើយសកម្មជនទាំងអស់នេះ មិនមែនដោះលែងទេ គឺបានប្រព្រឹត្តបទល្មើសហើយត្រូវបានផ្តន្ទាទោស។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនថា ការដោះលែងសកម្មជនមួយចំនួន គឺដោយសារតែមានសម្ពាធនៃការរិះគន់។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នេះថា ករណីនេះវាមិនមែនជារឿងទទួលសម្ពាធ ឬមិនសម្ពាធនោះទេ ជាដំណើរការនីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅ មិនមែនតែសកម្មជនទាំងនោះទេ ហើយតុលាការមិនបានផ្តោតលើសកម្មជន ឬមិនសកម្មជននោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “សកម្មជនទាំងអស់នេះ មិនមែនដោះលែងទេ បានន័យថាបានប្រព្រឹត្តបទល្មើស ហើយត្រូវបានផ្តន្ទាទោស ក៏ប៉ុន្តែគ្រាន់តែការអនុវត្តទោសវាមានការអនុគ្រោះ ដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញនៅក្នុងពេលយុទ្ធនាការ ក្នុងការពន្លឿនការដោះស្រាយសំណុំរឿង ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងកាត់បន្ថយនូវភាពចង្អៀតណែនក្នុងពន្ធនាគារ ហើយគោលការណ៍ហ្នឹងក្រសួងលើកទឹកចិត្តឱ្យបន្តតទៅទៀត។ ទោះបីជាយុទ្ធនាការហ្នឹងចប់ក៏ដោយក្នុងគោលដៅដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ពន្លឿននីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ហើយផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុងដែលមានជាធរមាន”។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា បើផ្អែកទៅលើគោលការណ៍ណែនាំរបស់ក្រសួងពាក់ព័ន្ធដល់ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ក៏ដូចជាដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺក្រុមសកម្មជនត្រូវបានសម្រេចផ្តន្ទាទោសមួយផ្នែកក្នុងពន្ធនាគារ និងទោសនៅសល់មួយផ្នែកទៀតត្រូវព្យួរ។ ក្នុងរយៈពេលព្យួរបើសិនជាពួកគាត់ធ្វើសកម្មភាពល្មើស បំពានបម្រាមមួយចំនួនដែលតុលាការបានដាក់ចេញ គឺពួកគាត់អាចប្រឈមមុខចំពោះផ្លូវច្បាប់ដដែល នឹងអាចយកមកអនុវត្តទោសក្នុងពន្ធនាគារវិញបាន បើសិនជាពួកគាត់នៅតែបន្តប្រព្រឹត្តល្មើសមិនកែប្រែខ្លួនតទៅទៀត។

គួរបញ្ជាក់ថា មេក្លោងដឹកនាំធ្វើបាតុម្ម និងបក្ខពួក ក្នុងនោះមានដូចជា ក្រុមអតីតសកម្មជនមាតាធម្មជាតិ និងសមាជិកយុវជនខ្មែរថាវរៈ រួមទាំងអតីតមន្ត្រីបក្សប្រឆាំងសរុបទាំងអស់ចំនួន៦នាក់ ត្រូវបានតុលាការដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានអនុវត្តទោសនៅក្នុងពន្ធនាគាររយៈពេលជាង១ឆ្នាំ។ មនុស្សទាំង៦នាក់ មានដូចជា ១.ឈ្មោះ ថា ឡាវី , ២.ឈ្មោះ អេង ម៉ាឡៃ , ៣.ឈ្មោះ កើត សារ៉ាយ, ៤. ឈ្មោះ មាន ព្រហ្មមុនី, ៥.ឈ្មោះ ជុំ ពុទ្ធី និងទី៦.ឈ្មោះ ឈួ ផេង។ ចំណែកឈ្មោះ ហ៊ុន វណ្ណៈ, ឈ្មោះ ឈឿន ដារ៉ាវី និងឈ្មោះ មួង សុភ័ក្ត្រ នឹងត្រូវបានដោះលែងនៅសប្តាហ៍ក្រោយ។ ការដោះលែងនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា លើសំណុំរឿងក្តីរបស់ជាប់ចោទចំនួន៣នាក់ ដែលជាអតីតសកម្មជនអង្គការមាតាធម្មជាតិ សម្រេចតម្កល់សាលក្រមរបស់សាលារាជធានីភ្នំពេញ រក្សាទុកដដែល តែបានកែប្រែទណ្ឌកម្មរបស់ពួកគេ ពីជាប់គុក ក្នុងម្នាក់ៗ ពី១៨ ទៅ២០ខែ មកនៅត្រឹមតែ១ឆ្នាំ និង២ខែវិញ។ រីឯទោសដែលនៅសល់នឹងត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

យើងតាមលទ្ធផលនៃការប្រកាសសាលក្រមកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសាលក្រមលេខ ៣៥១៥”ន” ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥១៤ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ដោយបានសម្រេចផ្តន្ទាទោសលើ៖
១. ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
២. ឈ្មោះ ឈួ ផេង ភេទ ប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៥ខែទោស ដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៣. ឈ្មោះ ឈឿន ដារ៉ាវី ភេទ ស្រី ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៤. ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៥. ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៦. ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៧. ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៨. ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
៩. ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
១០. ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ។
១១. ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ជាប់ចោទពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
១២. ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៣. ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៤. ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៥. ឲ្យឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស ឱ្យរួចផុតពីបទចោទ
ជាប់ចោទពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner